អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Super Tuesday II៖ ដូ​ណា​ល់ ត្រាំ និង ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅតែមាន​ប្រៀប​
15, Mar 2016 , 3:59 pm        
រូបភាព
 
​ថ្ងៃ​អង្គារ Super Tuesday ជា​ថ្ងៃ​បោះឆ្នោត​ធំ​មួយទៀត​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ព្រោះថា​ការបោះឆ្នោត​ត្រូវ​រៀបចំឡើង​នៅ​រដ្ឋ Florida, Illinois, Missouri, North Carolina និង Ohio​។ ខាង​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ រំពឹងថា​នៅតែ​អាច​ទទួលបាន​សំឡេងគាំទ្រ​ច្រើន ទោះ​គូប្រជែង​បន្ត​រិះគន់ និង​មាន​ចលនា​បាតុកម្ម​ប្រឆាំង​លោក​ក្តី​។ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏​រំពឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ​។​


 
​ថ្ងៃ​អង្គារ ​«Super Tuesday II» ដែលជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ការបោះឆ្នោត​ក្នុង​បក្ស​ចាប់ផ្តើម​នៅ​រដ្ឋ​ចំនួន ៥​មាន​ដូ​ជា​រដ្ឋ Florida, Illinois, Missouri, North Carolina និង Ohio​។ បេក្ខជន​នៃ​បក្ស​ទាំងពីរ​កំពុង​ស្វិតស្វាញ​រក​សំឡេងគាំទ្រ​ក្នុង​ថ្ងៃ​ពិសេស​នេះ ព្រោះ​វា​នឹង​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ការតែងតាំង​ពី​បក្ស​ផង​។​
 
​តាម​ការស្ទង់មតិ​ជាបឋម  ក្នុង​បក្ស​សាធារណរដ្ឋ សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ នៅតែ​ជា​បេក្ខជន​នាំមុខគេ​ដឹ​ល​នឹង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ក្នុង​ថ្ងៃ​អង្គារ​នេះ ទោះបីជា​គេ​ឃើញ​មាន​ចលនា​ប្រឆាំង​លោក​កើតមានឡើង​ខ្លាំង​ក៏ដោយ​។ កាលពី​សប្តាហ៍​មុន​ចលនា​បាតុកម្ម​ប្រឆាំង​សេដ្ឋី​អចលនទ្រព្យ នេះ​ប្រែ​ពី​អហិង្សា​ទៅជា​ហិង្សា​រហូតដល់​បង្ខំ​ឲ្យ​លោក លុបចោល​ជំនួប​ជាមួយ​អ្នកគាំទ្រ​នៅក្នុង​ទីក្រុង Chicago​។​
 
​ក្រៅពីនេះ ហើយ​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ទាំងពីរ ក៏បាន​ព្រួត​គ្នា​ទិតៀន​និង​ប្រឆាំង​លោក ដូ​ណា​ល់ ត្រាំ​ផងដែរ ចំពោះ​ការបង្ក​ឲ្យ​បរិយាកាស​នយោបាយ​នៅ​អាមេរិក​ក្នុងការ​បោះឆ្នោត​សាកល្បង​នេះ​អាប់អួរ​ខ្លាំង​។​
 
​ទាក់ទិន​ការបោះឆ្នោត​នៅ​រដ្ឋ Ohio លោក John Kasich ដែលជា​អភិបាលរដ្ឋ​ស្រាប់​នោះ​អាចនឹងទទួល​បាន​ជ័យជម្នះ ប៉ុន្តែ គេ​មិនដឹងថា​លោក​អាច​នឹង​ឈ្នះ​បាន​ច្រើនជាង​លោក ដូ​ណា​ល់ ត្រាំ ប៉ុណ្ណា​ទេ​។ ជ័យជម្នះ​ថ្ងៃ​អង្គារ Super Tuesday II ជា​ក្តីសង្ឃឹម​តែមួយគត់​និង​ចុងក្រោយ​សម្រាប់​បេក្ខជន​រូបនេះ​ដើម្បី​ឈានទៅ​ផ្តួល​លោក ដូ​ណា​ល់ ត្រាំ មុន​ថ្ងៃ​ជ្រើសរើស​បេក្ខជន​តំណាង​បក្ស​ចុងក្រោយ​ខែកក្កដា​។ 
 
​ចំណែក​ក្នុង បក្ស​ប្រជាធិបតេយ្យ​វិញ គ្មាន​អ្នកណា​មានសង្ឃឹម​ច្រើនជាង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឡើយ​។ នៅ Florida លោកស្រី​អាច​យកជ័យ​ជម្នះ​ងាយស្រួល ប៉ុន្តែ​បើ​នៅ​រដ្ឋ Ohio ហាក់បីដូចជា​តឹង​តែ​បន្តិច​សម្រាប់​លោកស្រី​ក្នុងការ​ផ្តួល​គូប្រជែង​ក្នុង​បក្ស​លោក  ប៊ែ​នី សេន​ដឺ (Bernie Sanders)៕ 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  Super Tuesday
© រក្សាសិទ្ធិដោយ thmeythmey.com