អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
២៨​ឆ្នាំក្រោយ​ការប៉ះទង្គិច​នៅ​សមុទ្រ​ចិន​ខាងត្បូង វៀតណាម​បន្ត​ប្រឆាំង​ចិន​
15, Mar 2016 , 5:03 pm        
រូបភាព
ដោយ:
 
​បើទោះជា​ព្រឹត្តិការណ៍​នៃ​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​នាវា​ល្បាត​ចិន និង​វៀតណាម នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បាន​កន្លងទៅ​ជាង​ពីរ​ទសវត្សរ៍​ហើយ​នោះ ប្រជាជន​វៀតណាម​មួយចំនួន​នៅតែ​បន្ត​ទាមទារ​យុ​ត្តិ​ម៌​នេះ​។ មាន​ប្រជាជន​វៀតណាម​ប្រមាណ​ជាង​មួយរយ​នាក់ បានធ្វើ​បាតុកម្ម​ប្រឆាំង​ចិន ក្នុង​ថ្ងៃ​រម្លឹក​ខួប​លើក​ទី​២៨​ឆ្នាំ​នៃ​ស្លាប់​របស់​ប្រជាជន​វៀតណាម​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។




​ប្រជាជន​វៀតណាម​ប្រមាណ​១៥០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ក្រុង​ហាណូយ​នៅ​ថ្ងៃទី​១៤ ខែមីនា ដើម្បី​រម្លឹក​ខួប​លើក​ទី​២៨ នៃ​ស្លាប់​របស់​នាវិក​វៀតណាម​ដោយសារ​ការប៉ះទង្គិច​ជាមួយនឹង​នាវា​ល្បាត​ចិន​ក្នុង​បណ្តុំ​ស្ព្រា​ត​លី​។ បាតុកម្ម​នោះ ក៏​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​ការ​វាតទី​ឥតឈប់ឈរ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​សូម​រម្លឹក​ផងដែរ​ថា​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​១៩៨៨ គឺជា​ព្រឹត្តិ​កាណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចម្រូង​ចម្រូង​មួយ​រវាង វៀតណាម​និង​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ព្រឹត្តិការណ៍​នោះ​គឺ នាវិក​វៀតណាម​ប្រមាណ ៦៥​នាក់ បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​ក្នុង​ប្រតិបត្តិ​ការការពារ​ដែន​សមុទ្រ​ខ្លួន​ជាមួយនឹង​កងទ័ព​ល្បាត​ដែនសមុទ្រ​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ Johnson Reef ក្នុង​បណ្តុំ​ស្ព្រា​ត​លី នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ជុំវិញ​នៃ​ការផ្ទុះ​បាតុកម្ម​ប្រឆាំង​ចិន​នៃ​ព្រឹត្តិការណ៍​២៨​ឆ្នាំមុន ក៏​ត្រូវបាន​ធ្វើឡើង​ស្របពេល​ជាមួយនឹង​ស្ថានភាព​ប្រទាញប្រទង់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​កាលពី​ខែ​មុន រដ្ឋមន្ត្រីការបរទេស​វៀតណាម បានចេញ​កំណត់​ការទូត​មួយ​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ប្រឆាំង​ចិន​ក្នុង​ការរំលោភ​ចូលក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​
 
​សូមបញ្ជាក់​ផងដែរ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​រួមមាន អាស៊ាន​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម និង​ចិន​។ កន្លងមក គេ​សង្កេតឃើញថា មានតែ​ហ្វីលីពីន និង​វៀតណាម​ប៉ុណ្ណោះ​ទេ ដែល​ហ៊ាន​ចេញមុខ​ប្រតិកម្ម និង​ប្រឆាំង​ចិន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com