កីឡាជាតិ
ជាតិ
​ពានរង្វាន់​សម្តេច ហ៊ុន សែន​៖ ពូ​ល B, C, D ឈានចូល​ការប្រកួត​សប្តាហ៍​ទី​៥
16, Mar 2016 , 7:39 am        
រូបភាព
ដោយ:
 
​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន រដូវ​កាល ឆ្នាំ​២០១៦ បាន​ឈានដល់​សប្តាហ៍​ទី​៥ នៃ​វគ្គ​ជម្រុះ​បឋម​ហើយ នា​រសៀល​ថ្ងៃទី​១៦ ខែមីនា នេះ ដោយមាន​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល B, C, D ចំនួន ៥​គូ នៅតាម​កីឡដ្ឋាន​ផ្សេងៗ​គ្នា ។​

 
​សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល B ខេត្តស្វាយរៀង បន្ទាប់ពី​រង​ការបំបាក់​របស់​ខេត្តព្រៃវែង ៣-១ កាលពី​សប្តាហ៍​មុន នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង ស្វាគមន៍​ដៃគូ​ចាស់ ខេត្ត​ត្បូងឃ្មុំ ដែល​ខ្លួន​ធ្លាប់​យកឈ្នះ​កាលពី​សប្តាហ៍​ទី​២ ដើម្បី​ស្តារ​មុខមាត់​កាលពី​សប្តាហ៍​មុន និង​ដើម្បី​បន្ត​ការពារ​តំណែង​របស់ខ្លួន​។ ចំណែក យុវជន​បឹងកេត​កំពង់ចាម នឹង​បើកទ្វារ​កីឡដ្ឋាន​បឹងកេត​ស្វាគមន៍​ក្រុម​ភ្ញៀវ ខេត្តព្រៃវែង ដើម្បី​ជម្រះបញ្ជី​ចាស់​ដែល​ខ្លួន​ធ្លាប់​ចាញ់​កាលពី​សប្តាហ៍​ទី​២​។ 
 
​ចំណែក​ពូ​ល C ខេត្តព្រះវិហារ បន្ទាប់ពី​រង​ការបំបាក់​របស់ សៀមរាប​អង្គរ ៤-២ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​សប្តាហ៍​មុន នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡាដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ជួប​ប្រកួត​សងសឹក​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ធ្លាប់​បំបាក់​ខ្លួន ៣-០ កាលពី​សប្តាហ៍​ទី​២ ខណៈ​សៀមរាប​អង្គរ​បន្ទាប់ពី​យកឈ្នះ​ខេត្តព្រះវិហារ កាលពី​សប្តាហ៍​មុន នឹង​បើកទ្វារ​កីឡដ្ឋាន សៀមរាប ស្វាគមន៍​ក្រុម​ភ្ញៀវ អ​.​ហ ខេត្តកំពង់ធំ ដែល​ធ្លាប់​យកឈ្នះ​កាលពី​សប្តាហ៍​ទី​២​។ 
 
​ដោយឡែក​ការប្រកួត​ជម្រុះ​នៅក្នុង​ពូ​ល D ខេត្ត​ប៉ៃលិន បន្ទាប់ពី​ចាញ់​ខេត្តកំពង់ឆ្នាំង ២-១ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​សប្តាហ៍​ទី​២ នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន ខេត្តកំពង់ឆ្នាំង ដើម្បី​ជម្រះបញ្ជី​ចាស់​ជាមួយ​ខេត្តកំពង់ឆ្នាំង និង​ដើម្បី​ស្តារ​មុខមាត់​ក្រោយពី​រង​ការបំបាក់​របស់​ម្ចាស់ផ្ទះ​ខេត្តបាត់ដំបង ៣-២ កាលពី​សប្តាហ៍​មុន​។         
 
*​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន នា​រៀល​ម៉ោង ៣:៣០​នាទី ថ្ងៃនេះ​
​ពូ​ល B៖ 
- ខេត្តស្វាយរៀង ជួប ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន ខេត្តស្វាយរៀង​
- យុវជន​បឹងកេត​កំពង់ចាម ជួប ខេត្តព្រៃវែង នៅ​កីឡដ្ឋាន បឹងកេត​
​ពូ​ល C៖
- ខេត្ត​ឧ​ត្ត​រ​មានជ័យ ជួប ខេត្តព្រះវិហារ នៅ​កីឡដ្ឋាន ខេត្ត​ឧ​ត្ត​រ​មានជ័យ​
- សៀមរាប​អង្គរ ជួប អ​.​ហ កំពង់ធំ នៅ​កីឡដ្ឋាន ខេត្តសៀមរាប​
​ពូ​ល D៖
- ខេត្តកំពង់ឆ្នាំង ជួប ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន ខេត្តកំពង់ឆ្នាំង​៕

Tag:
 បាល់ទាត់​
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com