អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​លោក Htin Kyaw ជា​នរណា​?
15, Mar 2016 , 5:28 pm        
រូបភាព
ដោយ:
​ទំព័រ​ប្រវត្តិសាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា បាន​ចូលដល់​ចំណុច​បត់​មួយ​កាន់តែច្បាស់​។ ​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​ នឹងត្រូវ​កាន់កាប់​ដោយ​ឥស្សរជន​ ​មកពី​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​ដែល​ប្រមុខ​បក្ស​ជា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។ ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​ថ្មី ដែល​ទើបតែ​បោះឆ្នោត សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​លោក Htin Kyaw។



​លោក Htin Kyaw ត្រូវបាន​សភា​សហភាព​មី​យ៉ាន់​ម៉ា ​បោះឆ្នោត​ផ្តល់​ការគាំទ្រ​ក្នុង​តំណែង​ប្រធានាធិបតី​ ក្នុងសំឡេង​៣៦០​នៃ​សំឡេង​សរុប​៦៥២​។ លោក នឹងត្រូវ​ចូលទៅ​ជំនួស​តំណែង​របស់លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន នៅ​ទី​១ ខែមេសា​ខាងមុខ។ លោក ក៏​នឹង​ក្លាយជា​ប្រធានាធិបតី​ដំបូង ​ដែលមាន​សាវតា​ជា​ជន​ស៊ីវិល​ ក្នុង​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា​។

​តាមពិតទៅ​លោក​ប្រធានាធិបតី​ត្រៀម​ចូល​ដំណែង Htin Kyaw មិនសូវ​ត្រូវបាន​សាធារណជន​ស្គាល់មុខ​ប៉ុន្មាន​នោះ ដ្បិត​លោក គឺជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​បន្ទាបខ្លួន និង​លាក់​ពី​សាវតា​។ ក៏ប៉ុន្តែក្រោយ​ពេលដែល លោក ត្រូវបាន​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី តែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី ទាំង​សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្នុង​តំបន់ និង​អន្តរជាតិ​ផ្តើម​ម​ចាប់អារម្មណ៍​ទៅលើ​លោក និង​បង្ហាញ​ពី​ប្រវត្តិរូប​សង្ខេប​របស់លោក​មួយចំនួន​ផងដែរ​។​

​លោក Htin Kyaw គឺជា​កូនប្រុស​របស់​កវីនិពន្ធ​មី​យ៉ាន់​ម៉ា និង​ជា​កូនប្រសារ​នៃ​ស្ថាបនិក​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ម្នាក់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Irrawaddy ដែល​បាន​បន្ថែម​ដែលថា លោក Htin Kyaw ក៏​ជា​មិត្តភក្តិ​របស់លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី តាំងពី​កុមារភាព​មកម្ល៉េះ​។ ​មិត្តភាព​នេះ ក៏បានចាប់ផ្តើម​ចេញពី​ទំនាក់ទំនង​រវាង​ឱ​ពុក​អ្នក​ទាំងពីរ ដែលជា​មិត្តភក្តិ​នឹង​គ្នា​ផងដែរ​។

​បើ​យោងតាម​ការអះអាង​រប​ស់លោក Zaw Min Kyaw ជា​មិត្តភក្តិ​របស់លោក Htin Kyaw ជាង​ម្ភៃ​ឆ្នាំ​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន AP ប្រធានាធិបតី​ត្រៀម​កាន់តំណែង​លោក Htin Kyaw គឺជា​មនុស្ស​ម្នាក់​ដែល​ស្ងប់​ស្ង​ត់ ស្មោះត្រង់ អំណត់ និង​ចូលចិត្ត​រស់នៅ​បែប​សាមញ្ញ​​។

លោក Htin Kyaw ក៏​ធ្លាប់ជា​មន្ត្រី​ក្រសួងការបរទេស​ផងដែរ តែ​លោក បាន​បោះបង់​ការងារ​នោះ និងបាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​រប​ស់លោក​ស្រី ​ស៊ូ​ជី ​កាន់តែ​ស្និទ្ធ​តាំងពី​ឆ្នាំ​១៩៩២​មក​។ តាមរយៈ​ទំនាក់ទំនង​ពី​វ័យ​កុមារ និង​ការស្រលាញ់​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​លោក Htin Kyaw បច្ចុប្បន្នមាន​វ័យ​៦៩​ឆ្នាំ​ បាន​ក្លាយជា​ជំនួយការ និង​មនុស្ស​ជំនិត​បំផុត​របស់លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី​ ផងដែរ​។

​លោក Htin Kyaw បាន​បញ្ចប់ការបណ្តុះបណ្តាល​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស។ លោកក៏បាន​បញ្ចប់​ការសិក្សា​ក្រៅប្រទេស​ ក្នុងនាម​ជា​ជ័យលាភី​អាហារ​រូបករណ៍​នៅ​ចក្រភព​អង់​គ្លេស​ដែរ​។ បន្ថែម​ពី​មាន​តួនាទី​ជា​មន្ត្រីជាន់ខ្ពស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ជា​មិត្តភក្តិ​តស៊ូ​ច្រើន​ទស្សវត្សរ៍​ហើយ​នោះ លោក Htin Kyaw ក៏​ជា​កវី និង​ជា​អតីត​អ្នក​បើកឡាន​ផ្ទាល់​ឲ្យ​លោកស្រី​ អ៊ុង​សាន ស៊ូ​ជី ពោលគឺ​វត្តមាន​របស់លោក​ស្រី ​សូ​ជី នៅក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ គឺ​តែងតែមាន​លោក Htin Kyaw ជានិច្ច​។​

​យ៉ាងណាក៏ដោយ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ ​ចំពោះ​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​ស៊ូ​ជី ដែលមិនអាច​មានលទ្ធភាពក្លាយជា​ប្រធានាធិបតី​បាន ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃរដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។ តែ​លោកស្រី ​ស៊ូ​ជី ធ្លាប់បាន​អះអាង​ជាច្រើនលើក ​ច្រើនសារ ​រួចទៅហើយ​ថា លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត ដែល​នេះ ចង់​មានន័យថា ប្រធានាធិបតី​ថ្មី ក៏ត្រូវ​ដើរ​តាម​គន្លង​នយោបាយ និង​ការបង្គាប់បញ្ជា​របស់លោក​ស្រី​ដដែល​៕


Tag:
 មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com