អន្តរជាតិ
យន្តហោះ​ចម្បាំង​រុស្ស៊ី​ចាកចេញ​ពី​ស៊ី​រី​ត្រលប់មក​ផ្ទះ​វិញ​
15, Mar 2016 , 9:19 pm        
រូបភាព
​កងកម្លាំង​រុស្ស៊ី​រៀបចំខ្លួន​ដើម្បី​បើក​យន្តហោះ​ចម្បាំង​របស់ខ្លួន​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​Hmeymim ដែល​ស្ថិតនៅ​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃ​អង្គារ​ទី ១៥​មីនា​នេះ ខណៈ​យន្តហោះ​ចម្បាំង​មួយក្រុម​ចាកចេញ​រួចហើយ​ដែរ​។  យន្តហោះ​ចម្បាំង​ត្រលប់មក​រុស្ស៊ី​វិញ​នេះ​ធ្វើឡើង​ក្រោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន   បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​ដកទ័ព​មួយ​ភាគ​ធំ​ចេញពី​ស៊ី​រី ព្រោះ​កងទ័ព​ទាំងនោះ​បំពេញភារកិច្ច​ជោគជ័យ​ហើយ ។



​យន្តហោះ​ចម្បាំង​រុស្ស៊ី​ជាច្រើន​គ្រឿង​ដែលមាន​វត្ត​មាននៅ​មូលដ្ឋាន​ទ័ពអាកាស​Hmeymim កំពុង​ត្រៀមលក្ខណៈ​ហោះហើរ​ត្រលប់មក​រុស្ស៊ី​វិញ​ហើយ នៅ​ថ្ងៃ​អង្គារ​ទី ១៥​ខែមីនា​នេះ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារ ក្រុមបច្ចេកទេស​កំពុង​ត្រួតពិនិត្យ​យន្តហោះ​ចម្បាំង​ទាំងអស់ មុននឹង​បញ្ជូន​យន្តហោះ​ត្រលប់មក​រុស្ស៊ី​វិញ​។ ហើយ​យន្តហោះ​ចម្បាំង​មួយក្រុម​ម៉ាក់ Su-34 ក៏បាន​ចេញដំណើរ​មក​រុស្ស៊ី​រួចហើយ​ដែរ​។​

​យោងតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Sputnik ក្រុមបច្ចេកទេស​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​និង​រៀបចំ​ជាមុន​ឲ្យ​បាន​ត្រឹមត្រូវ​ព្រោះថា ការ​ត្រលប់​ទៅ​មូលដ្ឋាន​នៅ​រុស្ស៊ី​ជាការ​ហោះហើរ​រយៈពេល​វែង​។ យន្តហោះ​ត្រូវធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ឆ្ងាយ​ជាង ៥​ពាន់​គីឡូម៉ែត្រ​ពី​ប្រ​ទស​ស៊ី​រី​ទើប​ទៅដល់​ទឹកដី​រុស្ស៊ី​វិញ​ដោយមាន​ការ​អមដំណើរ​ដោយ​យន្តហោះ​ដឹកជញ្ជូន​យោធា​Tu-254 ផងដែរ​។​


​ការត្រៀម​ធ្វើ​មាតុភូមិនិវត្តន៍​របស់​កងទ័ពអាកាស​និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​បាន​បើក​ប្រតិបត្តិ​ការកម្ទេច​ក្រុម​ភេរវជន​នោះ កើតឡើង​ក្រោយ​ពេលដែល ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចេញ​បទបញ្ជា​ឲ្យ​ក្រសួងការពារជាតិ​ដក​កងទ័ព​មួយ​ភាគ​ធំ​ចេញពី​ស៊ី​រី​។ លោក ពូ​ទីន បញ្ជាក់ថា កងទ័ព​រុស្ស៊ី​ដែល​ចេញ​ច្បាំង​នៅ​ស៊ី​រី​បានសម្រេច​កិច្ចការ​របស់ខ្លួន​ហើយ ហើយ​វា​ដល់​ពេលដែល​ត្រូវ​ត្រលប់​មកវិញ​ដែរ​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចេញ​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី​អន្តរាគមន៍​នៅ​ស៊ី​រី​កាលពី​ចុងខែ​កញ្ញា​ឆ្នាំទៅ​។​ ​លោកក៏​បញ្ជា​ឲ្យ​គេ​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊េរី​​ទំនើប S-400 ទៅកាន់​ស៊ី​រី​ថែមទៀត ក្រោយ​ពេលដែលយន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​ ត្រូវ​តួ​ក​គី​បាញ់​ធ្លា​ក់នៅ​ព្រំដែន​ស៊ី​រី​និង​តួ​ក​គី​៕ 


Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
 ​ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com