អន្តរជាតិ
លោក ពូ​ទីន បញ្ជា​ដកទ័ព​រុស្ស៊ី​ពី​ស៊ី​រី​ជាការ​ដោះដៃ​ចោល អាសាដ​?
15, Mar 2016 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជា​ដក​កងទ័ព​ចេញ​មួយចំនួនធំ​ពី​ប្រទេស​ស៊ី​រី ស្រប​ពេលដែល​កិច្ចចរចា​សន្តិភាព​ស៊ី​រី​ជុំ​ទី​១ ចាប់ផ្តើម​នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ មីនា​។ បទបញ្ជា​ដកទ័ព​ចេញពី​ស៊ី​រី​របស់​របប​ក្រេ​ម​ឡាំង នេះ​ក្លាយជា​ចម្ងល់ ព្រោះ​ការចរចា​សន្តិភាព​ស៊ី​រី​កំពុងស្ថិត​ក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។ ប៉ុន្តែ​វា​មិនមែន​មានន័យថា​រុស្ស៊ី​បោះបង់ចោល​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​ឡើយ​។ អាច​ថា រុស្ស៊ី​សម្រេចបាន​នូវ​គោលបំណង​របស់ខ្លួន ពោលគឺ​ការពារ​កុំ​ឲ្យ​របប​លោក អាសាដ រលំ ជួយ​ពង្រឹងកម្លាំង​ទ័ព​ស៊ី​រី និង​ផ្តួចផ្តើម​ការចរចា​សន្តិភាព​និង​ផ្សះផ្សា​ជាតិ​ស៊ី​រី​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



«​ខ្ញុំ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​ ចាប់ផ្តើម​ដក​កងកម្លាំង​សំខាន់​របស់​យើង​ ចេញពី​ប្រទេស​ស៊ី​រី ព្រោះ​ការងារ​ទាំងឡាយ​ដែល​ផ្តល់​ឲ្យ​ក្រសួងការពារជាតិ​ និង​កងទ័ព​ត្រូវបាន​បំពេញ​រួច​រាល់​ហើយ​»​។ ខ្ញុំ​សង្ឃឹមថា​ការ​ដកទ័ព​រុស្ស៊ី​ចេញ​ ជាស​ញ្ញា​ល្អ​សម្រាប់​ភាគី​ជម្លោះ ហើយ​ទំនុកចិត្ត​រវាង​គូភាគី ​នឹង​កើនឡើង​ក្នុង​ការចរចា​សន្តិភាព​»​។ នេះ​ជាស​ម្តី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ត្រូវបាន​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS  ដែល​លើកឡើង​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ លោក Sergey Shoigu ថ្ងៃ​ចន្ទ​ទី ១៤ មីនា។

​ការបញ្ជា​ដកទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​ស៊ី​រី​នេះ ​កើតឡើងស្រប​ពេលដែល​បណ្តា​ភាគី​ពាក់ព័ន្ ធ​ជាពិសេស​ក្រុម​អន្តរជាតិ​គាំទ្រ​ស៊ី​រី ក្រុមប្រឆាំង និង​រដ្ឋាភិបាល​ស៊ី​រី​ចាប់ផ្តើម​ដំណើរ​ការ​ចរចា​សន្តិភាព​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ ​ការ​ដកទ័ព​នេះ កើតមានឡើង​ក្រោយ​រុស្ស៊ី អន្តរាគមន៍​នៅ​ទឹកដី​ជម្លោះ​នេះ​អស់​ពេល៦​ខែ ​ដោយ​ទម្លាក់​គ្រាប់បែក​តាមផ្លូវ​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ ឬ​ក្រុម​ដែ​ស្ហ​ និង​គាំទ្រ​ទ័ព​រដ្ឋាភិបាល​ស៊ី​រី​ផង​។ យ៉ាងណាក៏ដោយ មានកងទ័ព​ភាគច្រើន​ប៉ុណ្ណោះ​ដែល​ត្រូវ​ដកចេញ ហើយ​កងទ័ព​នៅ​មូលដ្ឋាន​ខេត្ត Latakia និង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ​Tartus នៅ​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ជាធម្មតា​។ ប៉ុន្តែ​គេ​នៅ​ឆ្ងល់​ថា មូលហេតុ​អ្វី​បានជា លោក ពូ​ទីន បញ្ជា​ដក​កងទ័ព​ភាគច្រើន​ភ្លាមៗ​នៅ​ពេលនេះ​?

១.​រុស្ស៊ី​ដោះដៃ​ចោល អាសាដ ឬ​សម្រេច​ជោគជ័យ​ក្នុង​អន្តរាគមន៍​៦​ខែ​នេះ​?

​មាន​មូលហេតុ​ច្រើន​នៃ​ការសម្រេច​ដកទ័ព​ភាគ​មួយចំនួនធំ​ចេញពី​ទឹកដី​ស៊ី​រី​នៅពេលនេះ​។ វា​គ្មាន​អ្វីដែល​ខាតបង់​ឡើយ​សម្រាប់​រុស្ស៊ី​ដែល​ត្រូវ​ដកទ័ព​ចេញ​ពេលនេះ ដ្បិត​រុស្ស៊ី​មាន​តួនាទី​សំខាន់​រួចហើយ ​ពោលគឺ​ជា​សហ​ស្ថាបនិក​ដែល​ផ្តួចផ្តើម​រៀបចំ ​និង​ដឹកនាំ​កិច្ចចរចា​សន្តិភាព​ស៊ី​រី អង្គុយ​ស្មើមុខស្មើមាត់​អាមេរិក ដែល​ប្រឡូក​ក្នុង​សង្គ្រាម​នេះ​រាប់​ឆ្នាំ​មក​នោះ​។​

​តាមពិត មូលហេតុ​ទីមួយ របប​ដឹកនាំ​ក្រេ​ម​ឡាំង​សម្រេចបាន​នូវ​បំណង​ដែល​ខ្លួន​ចង់បាន​ ក្នុងនោះ​មាន​ជួយ​រក្សា​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ពង្រឹងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី និង​បង្ខំ​ឲ្យ​លោកខាងលិច​ទទួលយក​អាសាដ ជា​ភាគី​ស្របច្បាប់​ក្នុងការ​ចរចា​។ ចាប់តាំងពីចុងខែ​កញ្ញា​មក ទ័ពអាកាស​រុស្ស៊ី​វាយ​សំពង​ទាំង​ភេរវជន​ដែ​ស្ហ និង​ក្រុម​ឧទ្ទាម​ប្រឆាំង ​អា​សាដ រហូត​ជួយ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស វាយ​ដណ្តើម​ទឹកដី​មកវិញ​បាន​ច្រើនសន្ធឹក​ និង​ត្រៀមលក្ខណៈ​បាន​រួចរាល់​ក្នុងការ​ប្រយុទ្ធ​។ បើ​យោងតាម​របាយការណ៍​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី រយៈពេល​ប៉ុន្មាន​ខែ​នៃ​អន្តរាគមន៍​នេះ រុស្ស៊ី​ជួយ​ទ័ព​រដ្ឋាភិបាល​ដណ្តើម​ទឹកដី​បាន​តិច​បំផុត​១​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​ និង​ដណ្តើម​មកវិញ​ទីតាំង​សំខាន់​ប្រហែល ៤០០​កន្លែង​។ ទាក់ទិន​នឹងការចរចា រុស្ស៊ី​ប្រើ​លេស​ប្រឆាំង​ភេរវកម្ម​ក្នុងប្រទេស​ស៊ី​រី ដាក់​សម្ពាធ​លោកខាងលិច​ ឲ្យ​សហការ​ជាមួយ​ខ្លួន​ និង​ព្រម​ទទួល​លោក អាសាដ ជា​ភាគី​ស្របច្បាប់ ​ក្នុង​ដំណើរ​ការ​ចរចា​សន្តិភាព​ស៊ី​រី​ថែមទៀត ទោះជា​ក្រុមប្រឆាំង​ មិន​ចង់​ឲ្យ​មាន​វត្តមាន​លោក​ក៏ដោយចុះ​។​

​មួយវិញទៀត ការបន្ថយ​ចំនួន​ទ័ព មានន័យថា​បន្ថយ​ប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធ និង​បន្ថយ​ការចំណាយ​។ ប៉ុន្តែហេតុផលបន្ថយ​ការចំណាយ​ក្នុង​សង្គ្រាម​ក្រៅ​ស្រុក​ ជា​ហេតុផល​មិនសូវ​សំខាន់​សម្រាប់​អ្នកតាមដាន​ស្ថានការណ៍ ប៉ុន្តែ​វា​សំខាន់​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បច្ចុប្បន្ន​។ ទណ្ឌកម្ម​លោកខាងលិច និង​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ កំពុង​រួមរឹត​សេដ្ឋកិច្ច​រុស្ស៊ី និង​ធ្វើ​ឲ្យ​ប្រជាជន​រុស្ស៊ី​ ប្រឈម​បញ្ហាលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ការ​ចំណាយលុយ​ធ្វើសង្គ្រាម​នៅ​ស៊ី​រី ដែល​បាន​ផល​មកវិញ​តិចជាង​ចំណាយ មិន​មែនជា​អ្វី ដែល​ប្រជាជន​រុស្ស៊ី​ត្រូវការ​ទេ​។ ម្យ៉ាង ​លោក ពូ​ទីន ក៏ត្រូវ​គិតគូរ​ពី​ប្រជាប្រិយភាព​របស់ខ្លួន ​ក្នុងស្រុក​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៨​ខាងមុខ​ដែរ​។ 

​គ្រាន់តែ​លោក ប្រកាស​ដកទ័ព​ភា្ល​ម លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទូរ​សព្ទ​ទៅ​ជជែក​ជាមួយ​លោក​ភ្លាម​ដែរ​។ លោក​បាន ស្វាគមន៍​ចំណាត់ការ​លោក ពូ​ទីន ព្រោះ​វា​ជា​សម័យ​អន្តរកាល​នយោបាយ​នៅ​ស៊ី​រី ហើយ​អ្វីដែល​ចាំបាច់​គឺ​ព​ន្លឿ​ន​ការបង្កើត​ដំណោះស្រាយ​នយោបាយ មិនមែន​យោធា​ឡើយ​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ មេដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​បន្ត​សហការ​គ្នា​ឲ្យ​ជិតស្និទ្ធ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​បទ​ឈប់​បាញ់ ចែកចាយ​ជំនួយ​មនុស្សធម៌ និង​ប្រឆាំង​ក្រុម​ភេរវកម្ម​ផង​។​

​ហេតុផល​សំខាន់​មួយទៀត គឺ​លោក ពូ​ទីន ចង់​ឲ្យ​ភាគី​ឆាប់​ព្រមព្រៀងគ្នា​បញ្ចប់​ជម្លោះ និង​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ។ ការ​ដកទ័ព​រុស្ស៊ី​ចេញ វា​ជា​អ​ម្រែ​ក​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​លោក អាសាដ​។ លោក ពូ​ទីន មិនអាច​ឲ្យ​លោក អាសាដ ឡើងចាង​មិន​បន្ទន់ឥរិយាបទ​និង​ធ្វើ​សម្បទាន​ខ្លះ​សម្រាប់​ការចរចា​សន្តិភាព​ឡើយ​។ តាំងពី​ក្រុម​ឧទ្ទាម​ខ្សត់ខ្សោយ​កម្លាំង​ព្រោះ​ការទម្លាក់​គ្រាប់​របស់​រុស្ស៊ី របប​ដឹកនាំ​អាសាដ មិនសូវ​ចង់​ចរចា​ឡើយ ហើយ​ព្រមាន​ជារឿយៗ​ថា បើ​និយាយ​រឿង​បញ្ចប់​តំណែង​ខ្លួន ការចរចា​នឹងមិន​កើតឡើង​ទេ​។ ទាំងនេះ​បញ្ជាក់​ច្បាស់​ថា​គ្មាន​ផ្លូវ​ដែល​កិច្ចចរចា​សន្តិភាព​បច្ចុប្បន្ន​ ដែលមាន​មហាអំណាច​គាំទ្រ ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ ៥​ឆ្នាំ​នេះឡើយ បើ​គ្មាន​ការដាក់​សម្ពាធ​លើ​ភាគី​ទាំងសងខាង​ទេ​។

​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ អ្នកនាំពាក្យ​សម្ព័ន្ធ​ក្រុមប្រឆាំង​ស៊ី​រី Salim al-Muslat បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់លោក ពូ​ទីន ដោយ​លោក​រំពឹងថា វា​នឹង​ជួយ​បង្កើត​ភាព​វិជ្ជមាន​សម្រាប់​ការចរចា​។

​ការ​ហក់​ចូលប្រឡូក​ក្នុង​សង្គ្រាម​ស៊ី​រី មិនមែន​ធ្វើឡើង​ដោយ​គ្មាន​គោលដៅ ​និង​កម្មវត្ថុ​ត្រឹមត្រូវ​នោះឡើយ​។ លោក ពូ​ទីន រំពឹង​ជាមុន​ស្រាប់​ហើយ​ថា បើ​អាចជួយ​បង្កើត​សន្តិភាព​ស៊ី​រី​បាន ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​រុស្ស៊ី​ ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​ នឹងត្រូវ​លោកខាងលិច​ដកចេញ​តាម​នោះដែរ​។​

២. ជម្លោះ​ស៊ី​រី​៖ គ្មាន​ផែនការ​បន្ទាប់​ឡើយ បើ​ការចរចា​បរាជ័យ​

​ទុក​រឿង​ដកទ័ព​រុស្ស៊ី​មួយ​ឡែក​ចុះ ព្រោះ​ចេតនា​លោក ពូ​ទីន បែបណា ក៏​ពិបាក​ប៉ាន់ស្មាន​ដែរ​។ ព្រោះនេះ​ក៏ដោយ​សារ ការនិយាយ​វា​ស្រួល​ជាង​ធ្វើ​ជាក់ស្តែង​។​ ​រឿង​​​សំខាន់​​នៅពេល​បច្ចុប្បន្ ន​គឺ​ធានាថាកិច្ចចរចា​នៅ​ហ្សឺ​ណែវ​ នឹងមិន​បរាជ័យ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ យ៉ាងណាក៏ដោយ រឿងនេះ​មិន​ងាយស្រួល​ឡើយ ព្រោះ​ភាគី​ទាំងសងខាង ​សុទ្ធតែ​មានការទាមទារ​របស់​ខ្លួន​ម្នាក់ៗ​។ ក្រុម​ឧទ្ទាម​ចង់​ឲ្យ​អាសាដ ចេញពី​នយោបាយ និង​អាចបង្កើត​រដ្ឋ​សហព័ន្ធ​ផង ខណៈដែល​តំណាង​រដ្ឋាភិបាល​ស៊ី​រី​ព្រមាន​ថា បើ​និយាយ​ពី​ជោគ​វាសនា​លោក អាសាដ មិនបាច់​ចរចា​ទៀត​ទេ​។

​កង្វល់​ធំ​បំផុត​ គឺ​គ្មាន​ផែនការ​បន្ទាប់ ​ឬផែនការ «​ខ​» ឡើយ​បើ​ផែនការ​«​ក​»​នេះ​បរាជ័យ​។ រឿង​ដែល​ត្រូវធ្វើ​គឺមាន​តែ​ម្យ៉ាង​គឺ​ត្រលប់មក​ប្រយុទ្ធ​គ្នា​ឡើង​វិញទៀត​។ ប៉ុន្តែ​ការចរចា​នឹង​ចាប់ផ្តើម​ទៅ​រយៈពេល​បី​ជុំ ​ដើម្បី​ឲ្យ​ភាគី​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ស្វែងរក​ចំណុច​រួមគ្នា​បាន​។  បើតាមបេសកជន​ពិសេស​អង្គការសហប្រជាជាតិ​ និង​ជា​អ្នកដឹកនាំ​ការចរចា​លោក Staffan De Mistura  ការចរចា​ដែល​ចាប់ផ្តើម​លើកទីមួយ ​ចាប់តាំងពី​បទ​ឈប់​បាញ់​ត្រូវបាន​ភាគី​ឯកភាព​អនុវត្ត​ន៍ចុងខែ​កុម្ភៈ​កន្លងមក​នោះ ​នឹង​បន្ត​រហូតដល់​ថ្ងៃ ២៤ មីនា​។ ចំណែកឯ​ការចរចា​ជុំ​ទី ២ និង​ទី​៣ នឹងត្រូវ​រៀបចំ​បន្តទៀត​ដើម្បី​ធានាថា សង្គ្រាម​នឹង​ឈានដល់​ទីបញ្ចប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com