អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Super Tuesday II៖ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះ​បី​រដ្ឋ ខណៈ​ដូ​ណា​ល់ ត្រាំ ឈ្នះ​រដ្ឋ​បួន​
16, Mar 2016 , 9:21 am        
រូបភាព
 ​លទ្ធផល​បោះឆ្នោត​ថ្ងៃ​អង្គារ​ទី​១៥​មីនា Super Tuesday II ម្សិលមិញ​បង្ហាញថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ​ចំនួន​៣ រួចទៅហើយ​ក្នុងចំណោម​រដ្ឋ​ដែល​រៀបចំ​បោះឆ្នោត​ចំនួន ៥ ។ ចំណែក​ក្នុង​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ​នៅតែ​បន្ត​នាំមុខគេ​ដោយ​ផ្តួល​គូប្រជែង​ស្ទើរ​អស់ ចាញ់​តែ​នៅ​រដ្ឋ Ohio ប៉ុណ្ណោះ​។


 
​ដូច​ការរំពឹងទុក​មែ​ន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ជ័យជម្នះ​យ៉ាង​ធំ​នៅ​រដ្ឋ​ចំនួន ៣ ថ្ងៃ​អង្គារ « Super Tuesday II» ក្នុងនោះ​មាន​រដ្ឋ Ohio, Florida និង​នៅ North Carolina ថែមទៀត​។ ជ័យជម្នះ​ធំធេង​នេះ កំពុង​ក្លាយជា​ក្តីសង្ឃឹម​យ៉ាង​សម្បើម​សម្រាប់​លោកស្រី​ដើម្បី​ទទួលបាន​ការជ្រើសតាំង​ពី​បក្ស​សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​។​
 
​តាមពិតទៅ ម្សិល​មិញជា ថ្ងៃ​សំខាន់ ដែល​គេ​ហៅថា​ថ្ងៃ​បោះឆ្នោត Super Tuesday II ព្រោះ​រដ្ឋ​ចំនួន ៥​នាំគ្នា​រៀបចំ​ការបោះឆ្នោត​ព្រមៗ​គ្នា​។ រដ្ឋ ៥​នោះ​មានដូចជា នៅ​រដ្ឋ Ohio, Florida, Illinois, Missouri  និង​នៅ North Carolina​។ តាម​លទ្ធផល​ខាងលើ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​នាំមុខ​គូប្រជែង​នៅ​រដ្ឋ​ចំនួន ៣​រួចទៅហើយ ហើយ​គេ​វាយតម្លៃថា លទ្ធផល​នៅ​រដ្ឋ​ពីរ​ទៀត​ក៏​បង្ហាញថា​លោកស្រី​នឹង​នាំមុខ​សមាជិក​ព្រឹទ្ធសភា​លោក ប៊ែ​នី សេន​ដឺ ដែរ​។ តែ​នៅ​រដ្ឋ Missouri បេក្ខជន​ទាំងពីរ​ហាក់​នៅ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP លោកស្រី គ្លី​ន​តុ​ន ឈ្នះ​នៅ​រដ្ឋ Florida ដោយបាន​សំឡេងគាំទ្រ ៦៤.៥% ខណៈដែល​លោក ប៊ែ​នី សេន​ដឺ បានត្រឹមតែ ៣២.១%​ប៉ុណ្ណោះ​។ ចំណែក​នៅ​រដ្ឋ South Carolina លោកស្រី​បាន ៥៥.៤% ស្រប​ពេលដែល​គូប្រជែង​លោកស្រី បាន​៤០.%​។  បើ​លទ្ធផល​នៅ​រដ្ឋ Ohio វិញ លោកស្រី គ្លី​ន​តុ​ន​បានទទួល​សំឡេងគាំទ្រ​ចំនួន ៥៧.៧% ហើយ​លោក សេន​ដឺ​បានទទួល​ត្រឹមតែ ៤១.២% ប៉ុណ្ណោះ​។​
 
 
​ត្រលប់មក​មើល​នៅក្នុង​បក្ស​សាធារណរដ្ឋ​វិញ គ្មាន​អ្នកណា​អាច​ផ្តួល​សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ បានឡើយ​។ តែ​យ៉ាងហោចណាស់ លោក  ចាញ់​នៅ​រដ្ឋ Ohio ដែលជា​រដ្ឋ​ដែល​បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក John Kasich ធ្វើជា​អភិបាលរដ្ឋ​។ 
 
​អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​គឺ​លោក ដូ​ណា​ល់ ត្រាំ បាន​ផ្តួល​គូប្រជែង​របស់លោក គឺ​លោក Marco Rubio នៅ​រដ្ឋ Florida ដែលជា​រដ្ឋ​ដែល​លោក  Rubio ធ្វើជា​សមាជិក​ព្រឹទ្ធសភា​តំណាង​ឲ្យ​រដ្ឋ​នេះ​ដែរនោះ​។ ក្រោយ​ចាញ់​ប្រៀប​គូប្រជែង លោក Marco Rubio ក៏​សុខចិត្ត​ប្រកាស​ដកខ្លួន​ចេញពី​ការ​ប្រ​ជែ​បន្តទៀត​តែម្តង​។ ជ័យជម្នះ​នៅ​រដ្ឋ Florida ជា​ក្តីសង្ឃឹម​និង​ជោគជ័យ​ធំ​បំផុត​មួយ​ព្រោះថា អ្នកឈ្នះ​នឹង​ទទួលបាន​អ្នកតំណាង​ដែលមាន​ក្នុង​រដ្ឋ​ទាំងអស់ (Winner-Take All) ។ 
 
 
​ចំណែក​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ Illinois លោក ដូ​ណា​ល់​ត្រាំ បានទទួល​ការគាំទ្រ ៤២%  ស្របពេល​ដែល​នៅ រដ្ឋ Missouri លោក​នាំមុខគេ​ក្នុងចំណោម​សមាជិក​ទាំងអស់​ព្រោះ​លោក​បាន ៤២% ដែរ​។ បើ​នៅ North Carolina សេដ្ឋី​អចលនទ្រព្យ​នេះ បាន​សំឡេងគាំទ្រ​ចំនួន ៤០% ។ តាម​លទ្ធផល​ខាងលើ​លោក ជា​អ្នក​ដែល​នាំមុខគេ​ក្នុងចំណោម​បេក្ខជន​ក្នុង​បក្ស​ទាំង ៤​នាក់​៕ 
 
 
 

Tag:
 ហ៊ីឡារីគ្លីនតុន
 ដូណាល់ត្រាំ
  Super TuesdayII
© រក្សាសិទ្ធិដោយ thmeythmey.com