អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រោះ​ចាញ់ ដូ​ណា​ល់ ត្រាំ លោក Marco Rubio បង្ខំចិត្ត​ដើរចេញ​ពី​ការ​ប្រជែង​ក្នុង​បក្ស​
16, Mar 2016 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Florida លោក Marco Rubio បានសម្រេច​ចិត្ត​ឈប់​ប្រកួតប្រជែង​ក្នុង​បក្ស​ទៀត ក្រោយពេល​លោក​មិនអាច​ផ្តួល​គូប្រជែង​របស់លោក លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ Florida នា​ថ្ងៃ​អង្គារ​ទី ១៥​មីនា​នេះ​។ ការដកខ្លួន​របស់​បេក្ខជន​រូបនេះ​រឹតតែ​ផ្តល់​ក្តីសង្ឃឹម​ច្រើន​ដល់​សេដ្ឋី​អចលនា​ទ្រព្យ​ថែមទៀត​។



​លទ្ធផល​បោះឆ្នោត​ថ្ងៃ អង្គារ «Super Tuesday II» បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ​ចំនួន ៤​ក្នុងចំណោម​រដ្ឋ ៥ ក្នុងនោះ​មាន​ទាំង​រដ្ឋ Florida  ផង​។ គេ​រំពឹង​ជាមុន​ថា លោក Marco Rubio ឯណេះ​ទេ ជា​អ្នកឈ្នះ​នោះ​។  ក្រោយ​ដឹងថា ចាញ់ឆ្នោត​លោក Marco Rubio ក៏​ប្រកាស​ឈប់​បន្ត​ឃោសនាបោះឆ្នោត​ប្រជែង​ក្នុង​បក្ស​ដែរ ម្សិលមិញ​នេះ​។​
 
​បរាជ័យ​នៅ​រដ្ឋ Florida ជា​រដ្ឋ​ដែល​ខ្លួន​ធ្វើជា​សមាជិក​ព្រឹទ្ធសភា អាច​ថា ជា​បរាជ័យ​ដ៏​ធំ​មួយ និង​ជា​រឿង​អាម៉ាស​បំផុត​មួយ​ដែល​សម្រាប់​លោក Marco Rubio ព្រោះ​សូម្បីតែ​លោក​ខ្លួនឯង​ក៏​មិនដែល​ធ្លាប់​គិតថា​លទ្ធផល​វា​បែប​នេះដែរ​។​
 
​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ទាំង​ទឹកមុខ​ស្ងួតស្ងប់ លោក​ថា​៖« យើង​រស់នៅ​ក្នុងប្រទេស​សាធារណរដ្ឋ ហើយ​អ្នកបោះឆ្នោត​របស់​យើង​ជា​អ្នកបង្កើត​ការសម្រេចចិត្ត​នេះ​។ សហរដ្ឋអាមេរិក​ពេលនេះ​កំពុង​នៅ​កណ្តាល​ព្យុះ​នយោបាយ ជា​រលក​យក្ស​ស៊ូ​ណា​មី​ពិត ហើយ​យើង​គួរ​មើលឃើញ​ហើយ​ថា​វា​កំពុង​បកបោក​សំដៅ​មករក​យើង​»​។​
 
​សមាជិក​ព្រឹទ្ធសភា​វ័យ ៤៤​ឆ្នាំនេះ​ចង់​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​លោក​ថា ការបន្ត​ឈ្នះ​ហើយ​ឈ្នះ​ទៀត​របស់​បេក្ខជន​ដូចជា​លោក ដូ​ណា​ល់ ត្រាំ ជា​បញ្ហា​ធំ​របស់​អាមេរិក តែ​ប្រជាជន​អាមេរិក​ខ្លួនឯង​ទេ​ជា​អ្នកសម្រេចចិត្ត​។ ហើយ​លោក​ក៏​យល់ឃើញ​ដែរ​ថា ពេលវេលា​នេះ​មិន​ស័ក្តិសម​ឡើយ​សម្រាប់​លោក​ក្នុងការ​ឈានទៅ​ចាប់យក​ឱកាស​ក្លាយជា​ប្រ​ធានា​ធីប​តី​។​
 
​កន្លងមក​លោក​បាន​អះអាងថា មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​បញ្ឈប់​លោក ដូ​ណា​ល់ ត្រាំ បាន ហើយ​លោក​បន្ត​ព្រួត​ដៃ​ជាមួយ​បេក្ខជន​ផ្សេងទៀត​ដើម្បី​វាយប្រហារ​និង ទម្លាក់​ប្រជាប្រិយភាព​របស់​សេដ្ឋី​អចលនទ្រព្យ​ផងដែរ​។ ប៉ុន្តែ​ចុងក្រោយ​លោក​ត្រូវ​ដើរ​ចេញពី​សង្វៀន​នយោបាយ ទាំង​ឈឺចិត្ត​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  Super Tuesday
© រក្សាសិទ្ធិដោយ thmeythmey.com