កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​នឹង​បង្កើត​ឲ្យ​មាន​សមាគម អ្នកគាំទ្រ គ្រូបង្វឹក និង​អាជ្ញាកណ្តាល
16, Mar 2016 , 3:59 pm        
រូបភាព
ដោយ:
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នា​មហាសន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លើក​ទី​១០ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នៅ​សណ្ឋាគារ​ភ្នំពេញ បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង និង​លើកទឹកចិត្ត​ដល់​មន្ត្រី​សហព័ន្ធ គ្រូបង្វឹក អាជ្ញាកណ្តាល និង​អ្នកគាំទ្រ សហព័ន្ធ នឹង​បង្កើត​ឲ្យ​មាន​សមាគម អ្នកគាំទ្រ គ្រូបង្វឹក និង​អាជ្ញាកណ្តាល ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​ដល់​ពួកគេ​ទាំងនេះ​។​



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៦ នេះ នឹង​បង្កើត​ឲ្យ​មាន​សមាគម អ្នកគាំទ្រ​បាល់ទាត់ គ្រូបង្វឹក និង​អាជ្ញាកណ្តាល ក្នុង​គោលបំណង​ដើម្បី​ការពារ​ផលប្រយោជន៍ ក្នុង​វិស័យ​នីមួយៗ​។ ម្យ៉ាងវិញទៀត ដោយសារ​ខាង​សហព័ន្ធ​នឹង​បង្កើត​ឲ្យ​មាន​ពានរង្វាន់​លើកទឹកចិត្ត​ដល់ កីឡាករ គ្រូបង្វឹក អាជ្ញា​កណ្តាល ដៃគូ​សហការ អ្នក​ឧបត្ថម្ភ និង​អ្នកគាំទ្រ​ផងដែរ​។ សមាគម​ទាំងនេះ នឹងក្លាយ​ជា​ចំណែក​ដ៏​សំខាន់​លើ​ការសម្រេច​ចិត្ត​ នៅពេលដែល​ពួកគេ​បាន​កា្ល​យ​ជា​សមាជិក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិន​ត្រឹមតែ​ប៉ុណ្ណោះ​សមាគម​នេះ​នឹងមាន​សំឡេង​មួយ​ក្នុង​ការអនុម័ត ការសម្រេច ការពិភាក្សា និង​រាល់​កិច្ចការងារ​បាល់ទាត់​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។​

​នា​មហាសន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នៅ​សណ្ឋាគារ​ភ្នំពេញ លោក សៅ សុខា បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃ​ខាងមុខនេះ​យើង​នឹង​បង្កើត​ឲ្យ​មាន​សមាគម​អ្នកគាំទ្រ គ្រូបង្វឹក អាជ្ញាកណ្តាល ដើម្បី​ការពារ​​ផលប្រយោជន៍​របស់​វិស័យ​នីមួយៗ​។ សមាគម​ទាំងនោះ​នៅ​យើង​រៀបចំ​មាន​ក្បួនខ្នាត​ត្រឹមត្រូវ ហើយ​ជា​សមាជិក​របស់​សហព័ន្ធ នឹងមាន​សំឡេង​​មួយ​ក្នុងការ​អនុម័ត ការសម្រេច និង​ពិភាក្សា​រាល់​កិច្ចការងារ​គ្រប់បែបយ៉ាង​នៅក្នុង​សហព័ន្ធ​»​។       


​ការបង្កើត​ឲ្យ​មាន​ពានរង្វាន់​លើកទឹកចិត្ត​កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល មន្ត្រី​ពាក់ព័ន្ធ និង​អ្នកគាំទ្រ​នេះ ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង ក្នុង​ការជួយ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងទៅ​។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រៀបរាប់​ដូច្នេះ​ថា​៖«​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ពិនិត្យឃើញថា បាលទាត់​កម្ពុជា​មានកា​រ​រីកចម្រើន​នេះ គឺ​បានមកពី​ការរួបរួម​កម្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង ការលះបង់​ទាំងនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ត្រៀមខ្លួន​ដើម្បី​រៀបចំ​គោលនយោបាយ​ថ្មី គឺ​ការរៀបចំ​ការលើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​ចូលរួម​ទាំងនោះ​»​។​

​ជាមួយគ្នានេះ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបរាប់​បន្តទៀតថា តាមរយៈ​ការរៀបចំ​ពានរង្វាន់​លើកទឹកចិត្ត កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល អ្នកគាំទ្រ និង​មន្ត្រី​សហព័ន្ធ  វា​មិន​ត្រឹមតែ​ជាការ​ឆ្លើយ​តម​នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការថ្លែងអំណរគុណ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាការ​បំផុសសកម្មភាព ដើម្បី​ជួយ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​កាន់​តែមាន​ការរីកចម្រើន និង​មានការ​គាំ​កាន់តែច្រើន​៕  
   

Tag:
 បាល់ទាត់​
  FFC
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com