អន្តរជាតិ
ដោយសារ​គ្រោះរាំងស្ងួត ក្រុង​បាងកក​កំណត់​ការលេង​ជះ​ទឹក​ត្រឹម​បី​ថ្ងៃ​នៅពេល​ចូលឆ្នាំ​
16, Mar 2016 , 8:39 pm        
រូបភាព
​ទីក្រុង​បាងកក​បានសម្រេច​កំណត់​សកម្មភាព​លេង​ជះ​ទឹក​របស់​ប្រជាជន​ក្នុងអំឡុងពេល​បុណ្យ​ចូល​ស​ង្ក្រា​ន​ឬ​បុណ្យចូលឆ្នាំថ្មី ដើម្បី​សន្សំ​ទឹក​ទុក នៅពេលដែល​គ្រោះរាំងស្ងួត​កំពុងតែ​វាយប្រហារ​ខេត្ត​ជាច្រើន​។ មន្ត្រី​ប្រចាំ​ទីក្រុង​បាងកក​និយាយ​នៅ​ថ្ងៃទី​១៥ ខែមីនា​ថា ការសម្រេច​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​កសិក​រ​ថៃ ដែល​កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ក្នុងឆ្នាំនេះ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​នៅ​ស្រប​ពេលដែល​កសិករ​ថៃ​កំពុង​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត អាជ្ញាធរ​ក្រុង​បាងកក​បានដាក់​កំហិត​លើ​ការលេង​ជះ​ទឹក​ដ៏​មាន​ប្រជាប្រិយភាព ក្នុងពេល​បុណ្យ​ស​ង្ក្រា​ន​ឬ​បុណ្យចូលឆ្នាំថ្មី​ខាងមុខ​។ ថៃ​កំពុង​ប្រឈមមុខ​និង​ការខ្វះខាត​ទឹក​ដ៏​អាក្រក់​ក្នុង​រយៈពេល​ម្ភៃ​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​គ្រោះរាំងស្ងួត​បាន​វាយប្រហារ​ខេត្ត​ចំនួន​១៤​ក្នុងចំណោម​ខេត្ត​ទាំង​៧៦ ហើយ​ផ្ទៃដី​កសិកម្ម​ភាគច្រើន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។

​អភិបាលរងក្រុង​បាងកក​លោក Amorn Kitchawengkul និយាយថា ការលេង​ជះ​ទឹក​អាចធ្វើ​បានតែ​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមេសា​ប៉ុណ្ណោះ ហើយ​ស្រុក​ទាំង​៥០​ក្នុង​ក្រុង​បាងកក អាចមាន​សកម្មភាព​ជះ​ទឹក​ត្រឹម​ម៉ោង​៩​ល្ងាច​។ អភិបាលរងក្រុង​រូបនេះ​បន្ថែមថា យើង​មិន​ចង់​ឲ្យ​អ្នកទីក្រុង​ជះ​ទឹក​ដោយ​អត់​ប្រយោជន៍ នៅពេលដែល​កសិករ​កំ​ពុង​តែ​ខ្វះខាត​ទឹក​នោះទេ​។ បុណ្យ​ចូល​ស​ង្ក្រា​ន​ឬ​បុណ្យចូលឆ្នាំ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​រយៈពេល​៥​ថ្ងៃ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា​។

​ការលេង​ជះ​ទឹក​ស្ទើរតែ​ក្លាយជា​ប្រពៃណី​របស់​អ្នករស់នៅ​ទីក្រុង​បាងកក​ទៅហើយ នៅ​រាល់ពេល​បុណ្យ​ស​ង្ក្រា​ន​រៀងរាល់ឆ្នាំ​។ ល្បែង​នេះ​មាន​ប្រជាប្រិយ​ភាពខ្លាំង និង​បាន​ទាក់ទាញ​អ្នកទេសចរ​ជាច្រើន​មក​ទីក្រុង​បាងកក ហើយ​សកម្មភាព​អបអរ​នេះ​តែងតែ​ធ្វើ​រហូតដល់​យប់​ជ្រៅ​។

​បើតាម Bangkok Post ការសម្រេច​ដាក់​កំណត់​សកម្មភាព​ជះ​ទឹក​ដ៏​មាន​ប្រជាប្រិយ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​រួមគ្នា​រវាង​សាលាក្រុង​បាងកក ក្រសួងទេសចរណ៍​ថៃ ប៉ូលិស និង​ផ្នែក​ឯកជន​។ លោក Amorn និយាយ​ដែរ​ថា វិស័យ​ឯកជន​យល់​ពី​បញ្ហា​នេះ ហើយនឹង​ជួយ​ចូលរួម​ក្នុង​វិធានការ​សន្សំ​ទឹក​ទុក​នេះ ដោយ​ពួកគេ​នឹងមិន​លក់​ទឹក​ទៅ​ក្រុម​អ្នកចូលរួម​នោះទេ​។ នៅ​រៀងរាល់​បុណ្យ​ស​ង្ក្រា​ន ការប្រើប្រាស់​ទឹក បាន​កើនឡើង​ពី​តម្រូវ​ការធម្មតា​ចំនួន​បី​ដង​។

​ជាមួយគ្នានេះ អាជ្ញាធរ​ក្រុង​បាងកក នឹងធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការសម្រេច​ខាងលើ ដល់​ប្រជាជន​ទីក្រុង​បាងកក ជាពិសេស​តំបន់​ដែល​សម្បូរ​ទេសចរ​បរ​ទេស​។ យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ជនបរទេស​យល់​ពី​ស្ថាន​ការខ្វះខាត​ទឹក និង​ទទូច​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​តិច​បំផុត​៕        


Tag:
 បាងកក​
  ​បុណ្យចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com