អន្តរជាតិ
កូរ៉េខាងជើង​ដាក់ទោស​និស្សិត​អាមេរិក​ឲ្យ​ធ្វើ​ពលកម្ម ១៥​ឆ្នាំ​
16, Mar 2016 , 9:59 pm        
រូបភាព
ដោយ:
​តុលាការ​ជាន់ខ្ពស់​កូរ៉េខាងជើង​បានដាក់​ទោស​និស្សិត​អាមេរិក​ម្នាក់ ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​នៅក្នុង​គុក​រយៈពេល​១៥​ឆ្នាំ ដោយ​ចោទប្រកាន់ថា ប៉ុនប៉ង​លួច​ក្រដាស​ឃោសនា​ចេញពី​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ព្យុ​យ៉ាង​។ នេះ​គឺជា​ការដាក់ទោស​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​កូរ៉េខាងជើង​លើ​និស្សិត​រួប​នេះ បើទោះជា​រូបគេ​ធ្លាប់​សុំ​ការលើកលែង​ក៏ដោយ​។



​និស្សិត​ជនជាតិ​អាមេរិក​ឈ្មោះ Otto Warmbier នឹងត្រូវ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​រយៈពេល​ដល់​ទៅ​១៥​ឆ្នាំ​បន្ទាប់ពី​តុលាការ​កំពូល​កូរ៉េខាងជើង​កាត់ទោស​រូប​គេ​ពីបទ​វិទ្ធង្សនា​ប្រឆាំងនឹង​របប​កូរ៉េខាងជើង​។ នេះ​ក៏ដោយ​សារ​រូបគេ ត្រួវបាន​ចោទថា លួច​ក្រដាស​ឃោសនា​ចេញពី​តំបន់ហាមឃាត់​ក្នុង​សណ្ឋាគារ​ដែល​រូបគេ​ស្នាក់​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។ ការកាត់ក្ដី​របស់​និស្សិត​រូបនេះ ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែមីនា​នេះ ដោយបាន​ប្រើពេល​មួយ​ម៉ោង​។​

Otto Warmbier ដែលជា​និស្សិត​មកពី​សកល​វិទ្យាល័យ Virginia ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែមករា នៅពេលដែល​រូបគេ​ព្យាយាម​ចាក​ចេញពី​កូរ៉េខាងជើង​បន្ទាប់​ដើរលេង​នៅ​ព្យុងយ៉ាង​ជាមួយ​ក្រុម​ទេសចរ​មួយក្រុម​។ ក្នុង​សេចក្ដី​ថ្លែង​ការ​នៅមុន​តុលាការ និស្សិត Otto Warmbier បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា រូបគេ​ចង់បាន​ក្រដាស​ឃោសនា ជា​កាដូ​សម្រាប់​ម្ដាយ​មិត្តភក្ដិ​របស់គេ​។

​នេះ​ជា​មិនមែនជា​លើកទីមួយ​ទេ ដែល​របប​ផ្ដាច់ការ​កូរ៉េខាងជើង​ដាក់ទោស​ធ្ងន់ធ្ងរ​បែបនេះ លើ​ជនបរទេស​។ កន្លងមក​ជនបរទេស​មិនតិច​ទេ ដែល​ត្រូវ​តុលាការ​កូរ៉េខាងជើង​ដាក់ទោស ជាពិសេស​ទោស​ប្រឆាំង​ឬ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​កូរ៉េខាងជើង​។ កាលពី​ឆ្នាំ​២០១៥ លោក Hyeon Soo Lim ជា​អាចារ្យ​ជនជាតិ​កាណាដា មាន​ដើមកំណើត​កូរ៉េខាងត្បូង​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​សម្រេច​ផ្ដន្ទាទោស​ជាប់គុក​អស់​មួយជីវិត​ក្រោម​បទ​ចោទ​ប៉ុនប៉ង​ផ្ដួលរំលំ​របប​កុំមុយនីស្ត​កូរ៉េខាងជើង​។

​បើតាម Al Jazeera រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តែងតែ​ចោទប្រកាន់​ក្រុង​វ៉ាស៊ីនតោន និង​សេ​អ៊ូ​ល​ថា បាន​បញ្ជូន​ចារកម្ម​មក​ធ្វើ​សកម្មភាព​ផ្ដួលរំលំ​របប​ខ្លួន ដើម្បី​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ទាំងមូល​។

​លើសពីនេះទៅទៀត ការកាត់ទោស​នេះ គឺ​ចំ​ពេលដែល​ស្ថាន​ការ​នៅ​ឧបទ្វីប​កូរ៉េ​កំពុងតែ​គ្រោះ​ថា្នក់ ដោយសារ​ការឆ្លើយ​ឆ្លង​រវាង​កូរ៉េខាងជើង និង​អាមេរិក​និង​កូរ៉េខាងត្បូង​។ អាមេរិក​និង​កូរ៉េខាងត្បូង​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ហើយ​កូរ៉េខាងជើង​បានប្រកាស​សងសឹក​លើ​សមយុទ្ធ​នេះ និង​ថែមទាំង​ប្រកាស​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៕         


Tag:
 កូរ៉េខាងជើង​
  ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com