អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
៨​ឆ្នាំក្រោយ​វិបត្តិ​សេដ្ឋកិច្ច​សកល ពិភពលោក​នៅតែ​ស្ថិតក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន
17, Mar 2016 , 8:19 am        
រូបភាព
ដោយ:
 
​សេដ្ឋកិច្ចពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក និង​មាន​តម្រូវការ​ទាប ទោះជា​បាន​ឆ្លង​ផុត​វិបត្តិ​សេដ្ឋកិច្ច​សកល​ក៏ដោយ​។ នេះ​ជាការ​លើកឡើង​របស់លោក Stephen Roach សេដ្ឋកិច្ចវិទូ ប្រាប់​កាសែត People’s Daily​។

 
​អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​ដែល​ពិភពលោក​បាន​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​សកល តែ​សេដ្ឋកិច្ចពិភពលោក​នៅតែ​ទន់ខ្សោយ ជាពិសេស​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​អភិវឌ្ឍ​នានា​។ តម្រូវ​ការសរុប​នៅក្នុង​ប្រទេស​អភិវឌ្ឍ បាន​កើន​យឺតៗ ស្រប​ពេលដែល​នយោបាយ​លើកទឹកចិត្ត​បរាជ័យ​។ ម្យ៉ាងទៀត បើ​ទោះ​ការសម្រួល​រូបិយវត្ថុ​បាន​ជំរុញ​សកម្មភាព​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ក្ដី ប៉ុន្តែ​វា​មិនបាន​ជំរុញ​កំណើន​តម្រូវការ​ឬ​សេដ្ឋកិច្ច​នោះទេ​។​
 
​សម្រាប់​លោក Roach ប្រទេស​ធំៗ​ដូចជា​អាមេរិក​ជាដើម​នោះ គួរតែ​សន្សំ​ឲ្យ​បាន​ច្រើន និង​កាត់បន្ថយ​ការចំណាយ​របស់ខ្លួន​។ នេះ​ក៏​ដោយសារតែ អត្រា​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន​នៅពេល​បច្ចុប្បន្ន​មានតែ​ប្រហែល​៥​ភាគរយ ពោលគឺ​ទាប​ជាង​អត្រា​សន្សំ​មធ្យម​ដែលមាន​ចំនួន​៩​ភាគរយ​នៃ​រយៈពេល​៣០​ឆ្នាំ​នៃ​ចុងក្រោយ​នេះ​។ អត្រាកំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​អាមេរិក​មាន​កម្រិត​១.២​ភាគរយ ខណៈដែល​រយៈពេល​១២​ឆ្នាំមុន មាន​កំណើន​ជា​មធ្យម​គឺ​៣.២​ភាគរយ​។ រួមជាមួយ​ការព្រួយបារម្ភ​លើ​បញ្ហា​បំណុល​ផ្ទាល់ខ្លួន អាមេរិក​គួរតែ​យកចិត្តទុកដាក់​លើ​សម​តុល្យ​របស់​គ្រួសារ​នីមួយៗ​ផងដែរ​។​
 
​ស្របគ្នា​នេះដែរ សេដ្ឋវិទូ Stephen Roach ក៏បាន​បង្ហាញ​ពី​ការដើរថយក្រោយ​របស់​សេដ្ឋកិច្ច​ជប៉ុន​ដែរ​។ គោលនយោបាយ​សេដ្ឋកិច្ច Abenomics របស់​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ដូចជា​គ្មាន​ប្រសិទ្ធភាព​នោះទេ​នៅពេល​បច្ចុប្បន្ន​។ តាមពិតទៅ ការដាក់ចេញ​គោលនយោបាយ​នេះ​គឺ​គ្របដណ្ដប់​លើ​ការកែទម្រង់​ផ្នែក​រូបិយ​បណ្ណ ផ្នែក​សារពើពន្ធ និង​រចនាសម្ព័ន្ធ​នានា​។ ប៉ុន្តែ​លទ្ធផល​បាន​បង្ហា​យ​ផ្ទុយ​ពីនេះ គឺ​ការកែទម្រង់​ផ្នែក​រូបិយ​បណ្ណ​មិនបាន​ដើរ​តាម​ការកែទម្រង់​រចនា​សម្ព័ន្ធ​លើ​វិស័យសេដ្ឋកិច្ច​នោះទេ​។ កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​របស់​ជប៉ុន​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ មានតែ​០.៧​ភាគរយ គឺ​ខុសគ្នា​តែ​បន្តិច​ពី​អត្រាកំណើន​មធ្យម​០.៨​ភាគរយ​នៃ​រយៈពេល​២១​ឆ្នាំ​ចុងក្រោយ​។   
 
​លោក Stephen Roach ក៏បាន​បង្ហាញ​ពី​ការយល់ឃើញ​របស់លោក​ចំពោះ​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​ដែល​មិនមាន​កំណើន​អ្វី​នោះទេ​។ វិបត្តិ​បំណុល​នៅ​អ៊ីតាលី ព័រទុយហ្កាល់ ក្រិ​ក អៀរ​ឡង់ និង​អេ​ស្ប៉ា​ញ នៅតែ​ជា​បញ្ហា​ដដែល​។ ប្រទេស​តំបន់​អឺរ៉ុប​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ធនាគារ និង​ផលប៉ះពាល់​នៃ​ភាពមិន​ដាច់ស្រេច​លើ​ការសម្របសម្រួល​ក្នុង​គោលនយោបាយ​សារពើពន្ធ ហើយ​ការធ្លាក់ចុះ​របស់​ប្រាក់​អឺរ៉ូ ក៏​មិនបាន​ជួយ​ជំរុញ​កំណើន​អ្វី​ដែរ​។​
 
​សម្រាប់​មហា​យក្ស​ចិន​វិញ សេដ្ឋវិទូ​រូបនេះ​បាន​បញ្ជាក់ថា ចិន​ចាំបាច់​កាត់បន្ថយ​ការ​សន្សំ និង​ចំណាយ​ឲ្យ​បាន​ច្រើន​។ លោក​ជឿថា កំណើន​យឺតៗ​នៃ​សេដ្ឋកិច្ច​បានបង្ហាញ​កម្លាំង​ពីរ​។ ទីមួយ គឺ​បណ្ដាលមកពី​ភាពទន់ខ្សោយ​នៃ​សេដ្ឋកិច្ចពិភពលោក ដែល​ជះឥទ្ធិពល​ខ្លាំង​ដល់​ការនាំចេញ​របស់​ចិន​។ ទី​ពីរ​គឺ​ចិន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​កំណែទម្រង់​រចនាសម្ព័ន្ធ ពី​សេដ្ឋកិច្ច​ដែល​ពឹង​លើ​ការផលិត​ទៅ​សេដ្ឋកិច្ច​ដែល​ពឹង​លើ​សេវាកម្ម និង​ពី​ការផលិត​សម្រាប់​នាំចេញ​ទៅជា​ផលិត​សម្រាប់​ប្រើប្រាស់​វិញ​។ សម្រាប់​លោក Roach ការកែប្រែ​នេះ​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​យឺត តែ​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​ចិន​។​
 
​ទា​នក់​ទិន​នឹង​វាយតម្លៃ​លើ​នយោបាយ​សេដ្ឋកិច្ច​លោក Stephen Roach កត់សម្គាល់ថា ជប៉ុន​និង​អឺរ៉ុប មិន​ទទួលបាន​ជោគជ័យ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ចិន​ធ្វើបាន​ល្អ​ជាង ដោយបាន​ផ្លាស់ប្ដូរ​ទៅរក​ការផលិត​សម្រាប់​ប្រើប្រាស់​វិញ​។ ដោយឡែក​អាមេរិក មិនបាន​ទទួលបាន​ល​ទ្ធ​ផល​ដូច​ការរំពឹងទុក​ទេ ហើយ​ថែមទាំង​ពឹងផ្អែក​ខ្លាំងពេក​នយោបាយ​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយ​បណ្ណ​។ ប្រសិនបើ​ការធ្លាក់ចុះ​នៃ​កំណើន​ផលិតកម្ម នៅតែ​ទាន់​ដោះស្រាយ វិស័យសេដ្ឋកិច្ច​នឹង​នៅតែ​បន្ត​ធ្លាក់ចុះ​ដូចគ្នា ហើយ​អាមេរិក​គួរ​ផ្ដោតលើ​នយោបាយ​សារពើពន្ធ​រយៈពេល​វែង​ល្អ​ជាង​។​
 
​បើ​យោងតាម​លោក Roach សេដ្ឋកិច្ច​របស់​ចិន​បានរួម​ចំណែក​យ៉ាងច្រើន​ទៅក្នុង​កំណើនសេដ្ឋកិច្ច​ពិភពលោក គឺ​ច្រើនជាង​ពីរដង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​អភិវឌ្ឍ​ទាំងអស់​បូក​បញ្ចូល​គ្នា​ទៅទៀត​។ នេះ​មានន័យថា ការធ្លាក់ចុះ​សេដ្ឋកិច្ច​ចិន​ក៏​ជាការ​កាត់បន្ថយ​កំណើន​របស់​ពិភពលោក​ដែរ ហើយ​កំណើន​ត្រឹមតែ ៦​ភាគរយ​របស់​ចិន​ក៏​នៅតែ​អាចជួយ​សេដ្ឋកិច្ចពិភពលោក ច្រើនជាង​អ្វីដែល​ប្រទេស​អភិវឌ្ឍ​ដទៃទៀត​ធ្វើបាន​ដដែល​៕     
   
 
 

© រក្សាសិទ្ធិដោយ thmeythmey.com