ពីនេះ ពីនោះ
ភ្នាក់ងារ​អប់រំ​ទាំង​៤​ត្រូវ​ពង្រឹង​ខ្លួន​ឡើងវិញ​ដើម្បី​ជីវិត​ជាតិ​
18, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គម​មួយ​មាន​ភាពរឹងមាំ និង​រីកចម្រើន​គឺ​ដោយសារ​មាន​សមាជិក​សង្គម​មាន​សមត្ថភាព​។ ដើម្បី​ឲ្យ​សមាជិក​សង្គម​មាន​សម​ត្ថ​ភាព គឺ​ចាំបាច់​ត្រូវមាន​ការអប់រំ​។ បន្ថែម​ពីនេះ​ដើម្បី​ឲ្យ​ការអប់រំ​មានគុណ​ភាពចាំបាច់​ត្រូវមាន​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ច្បាស់លាស់ កម្មវិធីសិក្សា​មាន​ស្ដង់ដារ សេវា​អប់រំ​មាន​ប្រសិទ្ធ​ផល ព្រមទាំង​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​ភ្នាក់ងារ​អប់រំ​ផងដែរ​។



​គោល​គំនិត​របស់​របស់​គរុ​វិទូ​ល្បីៗ នៅលើ​ពិភពលោក លើកឡើងថា គ្រួសារ សាលា សាសនា សង្គម គឺជា​ប្រភព​ដ៏​សំខាន់ ក្នុងការ​អប់រំ និង​បណ្ដុះ​មនុស្ស​ឲ្យ​មានគុណ​ភាព​។ គ្រួសារ​ជា​ភ្នាក់ងារ​ផ្ទាល់​ដែល​នៅ​ជាមួយ​កូនៗ នោះ​គឺ​មានន័យថា ឪពុកម្ដាយ​មាន​ភារកិច្ច​យ៉ាងសំខាន់​ក្នុង​បុព្វហេតុ​អប់រំ​ឥរិយាបថ​កូនៗ ដែល​នៅ​ជាមួយគ្នា​ប្រចាំថ្ងៃ​។ គ្រប់​សកម្មភាព​ទាំងអស់​របស់​ឪពុកម្ដាយ​គឺមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​អាកប្បកិរិយា របស់​កូន​ទាំង​ការនិយាយស្ដី ដេក ដើរ និង​អនាម័យ​ជាដើម​។ ឪពុកម្តាយ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្រៀន ឲ្យ​កូន​ចេះ​គោរព ដឹង​ចាស់​ដឹង​ក្មេង ដឹងខុសដឹងត្រូវ តាំងពី​តូចៗ ដែល​ការ​ប្រៀនប្រដៅ​កូនចៅ​ជាប្រចាំ​របស់​ឪពុក​ម្ដា​យ វា​គឺជា​វិន័យ ជា​ក្បួនខ្នាត និង​ជា​ជំហាន​ដំបូង​មួយ​សម្រាប់​ពត់​កូនចៅ​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​នៅក្នុង​សង្គម​។

​គ្រួសារ​អាច​និយាយថា​ជា​ភ្នាក់ងារ​អប់រំ​ផ្នែក​ឥរិយាបថ​។ ប៉ុន្តែ​សាលារៀន និង សាសនា ការអប់រំ​បន្ត​ផ្នែក​ចំណេះ​ជំនាញ និង​សីលធម៌ គុណធម៌​។ សាលារៀន​គឺ​ជាទី​ណាត់ជួប​រវាង​អ្នក​អប់រំ និង​អ្នកទទួលបាន​ការអប់រំ​។ ហេតុនេះ​សាលា​គឺជា កន្លែង​ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ បើក​ចំហរ​សេរី ឲ្យ​អ្នកសិក្សា​អាច​ស្វែងយល់ គិត​វិភាគ រិះគន់ ផ្ដល់​ដំណោះស្រាយ ស្ដីអំពី​សង្គម សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ​ពិត វិទ្យាសាស្ត្រ​សង្គម និង​ស្ថានភាព​រស់នៅ​នានា​របស់​មនុស្ស​ក្នុងសង្គម​។ ហេតុនេះ​ស្ថាប័ន​អប់រំ​មិន​អាចជា​កន្លែង​ដែល​បំបិទ​ឆន្ទៈ​សេរី របស់​អ្នកសិក្សា​បានឡើយ​។ ព្រោះថា ប្រសិនបើ សាលារៀន មានការ​បំបិទ​នូវ​ឆន្ទៈ​សេរី​របស់​អ្នកសិក្សា នោះ​គឺ​មានន័យថា បំបិទ​នូវ​សេរីភាព​នៃ​ខួរក្បាល​របស់​អ្នកសិក្សា​ក្នុងការ​គិតពិចារណា​ដែរ​។ យ៉ាងណា​ម៉ិ​ញ សាលារៀន មាន​ជា​វិន័យ ជា​ក្បួនច្បាប់ ដែលជា​គ្រឹះ នៃ​ការគោរពវិន័យ ការគោរព​ច្បាប់ ការអនុវត្តន៍​ច្បាប់ ឲ្យ​កាន់​តែមាន​ភាពរឹងមាំ ច្បាស់លាស់ និង​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ស្គាល់ ការទទួលខុសត្រូវរ​ប​ស់មនុស្ស​។​

​មួយវិញទៀត សាសនា ថ្វី​ដ្បិត​ជា​ប្រភព​នៃ​ជំនឿ​អរូបី ដែល​មិន​យល់បាន​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​។ ប៉ុន្តែ​សាសនា​ដើរតួនាទី​យ៉ាងសំខាន់​នៅ​ដំណើរ​នៃ​ការអប់រំ សីលធម៌ របស់​មនុស្ស​តាមរយៈ​ជំនឿ គឺ​មានន័យថា សាសនា​មាន​នី​ទី​សំខាន់​ក្នុងការ​ទាញ​ស្មារតី​មនុស្ស​ឲ្យ​ចេះ​គោរព ស្គាល់​អំពើ​បុណ្យ អំពើ​ជា​កុសល ខ្លា​ចបាប ខ្មាស់​បុណ្យ​ជាដើម​។​ល​។  រីឯ សង្គម ត្រូវ​ពង្រឹង​ខ្លួន​ឡើងវិញ​ចំពោះ​តួនាទី​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ប្រជាជនមាន​ការគោរព​ច្បាប់ ការអនុវត្តន៍​ច្បាប់ មាន​ជា​វិន័យ​ជា​ក្បួនច្បាប់​នានា​។

​ប្រជាពលរដ្ឋ​មាន ចំណេះ​ជំនាញ ប្រាជ្ញា​ស្មារតី វិន័យ​ច្បាប់ទម្លាប់ ឧ​ត្ត​ម​គតិ​ជាតិ មនសិការ​ជាតិ មោទនភាព​ជាតិ សីលធម៌ គុណធម៌ មាន​ឥរិយាបថ​ល្អ មាន​សុជីវធម៌​ល្អ គឺ​អាស្រ័យទៅលើ ការរៀបចំ​គ្រប់គ្រង​-​ដឹកនាំ​ប្រព័ន្ធ​អប់រំ​ឲ្យ​បានល្អ ។ ចំណែក​គុណភាព​អប់រំ​ដែល​អាច​ឲ្យ​កូន​ខ្មែរ​មាន​ចំណុច​ទាំងនេះ​បាន មិនមែន​អាស្រ័យទៅលើ​តែ​សាលារៀន​តែមួយ​មុខ​នោះទេ ប៉ុន្តែ ត្រូវមាន​ទំនាក់ទំនង​គ្នា​ក្នុង​ការបណ្ដុះ​មនុស្ស តាំងពី​គ្រួសា សាលារៀន សាសនា និង​សង្គម​ទាំងមូល​។ ហើយ​ភ្នាក់ងារ​អប់រំ​ទាំង​បួន​នេះ ត្រូវតែ​ចាប់ផ្ដើម​ឲ្យ​សកម្ម​ឡើងវិញ​ដើម្បី​ធនធាន​ថ្មី​របស់​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com