ជាតិ
និស្សិត​ខ្មែរ​ជាង ១​ពាន់​នាក់​បានទទួល​អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន រយៈពេល​ជាង ២០​ឆ្នាំ​
18, Mar 2016 , 12:21 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត​ខ្មែរជាង ១​ពាន់​នាក់​បានទទួល​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ឆ្នាំ ១៩៩២ ដល់ បច្ចុប្បន្ន​។ នេះ​បើតាមប្រសាសន៍​លោក Yuji KUMAMARU ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា។ ពួកគេ​​​ទទួល​​បាន​​​អាហា​រូបករណ៍​​​រដ្ឋាភិបាល​​ជប៉ុន តាមរយៈ​​​ស្ថានទូត​​​ជប៉ុន​ប្រចាំ​​​កម្ពុជា​​​។​

​​


​លោក Yuji KUMAMARU ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថ្លែង​បែបនេះ ក្នុង​ពិធី​ទទួល​ស្វាគមន៍ Teenage Ambassador រវាង​សិស្ស​វិទ្យាល័យ Sapporo Kiyota ប្រទេស​ជប៉ុន និង​សិស្ស​វិទ្យាល័យ​ជាស៊ីម​ចំរើន​រដ្ឋ ប្រទេស​កម្ពុជា​។​

​លោក Yuji KUMAMARU​ថ្លែង​ក្នុង​ពិធី​ដែល​បាន​ប្រព្រឹត្តឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ស្ថានទូត​ជប៉ុន​ថា រដ្ឋាភិបាល​ជប៉ុន​បាន និង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ផ្លាស់ប្តូរ​វប្បធម៌ និង​ការសិក្សា​យុវជន​ជាច្រើន ក្នុង​គោលដៅ​ជំរុញ​ការយល់ដឹង​យុវជន​វ័យក្មេង​ជប៉ុន​ជាមួយនឹង យុវជន​បណ្តា​ប្រទេស​នានា​។ ហើយ​ថា យុវជន​ជប៉ុន និង​កម្ពុជា​ប្រមាណ ២៤០​នាក់ បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា និង​វប្បធម៌ តាមរយៈ​កម្មវិធី​រដ្ឋា​ភិ​បាលជ​ប៉ុន គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ ។​

​ទន្ទឹមនឹងនេះ លោក​បន្ថែមថា យុវជន​កម្ពុជា​ក៏​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ជប៉ុន​ច្រើន​ផងដែរ​។ «​ប្រទេស​ជប៉ុន​បានផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា​ទៅ​សិក្សា នៅ​ប្រទេស​ជប៉ុន​តាមរយៈ អាហារូបករណ៍​របស់ រដ្ឋាភិបាល​ជប៉ុន ដែល​គិត​ចាប់ពី​ឆ្នាំ​១៩៩២ មកដល់​បច្ចុប្បន្ន​គឺ មាន​ចំនួន​ច្រើនជាង​១០០០​នាក់​ហើយ​»​។ លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​បញ្ជាក់​។​

​លោក ពិត ចំណាន រដ្ឋលេខាធិការ​​ក្រសួងអប់រំ យុវជន និង​កីឡា បានចាត់ទុក ជំនួយ​ថវិកា និង​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ដ៏​សំខាន់ ជួយ​លើកកម្ពស់​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​។​

​ជាមួយគ្នា​នឹង​ការថ្លែងអំណរគុណ​រដ្ឋា​ភិ​បាល និង​ប្រជាជន​ជប៉ុន លោក ពិត ចំណាន បាន​ជំរុញ​សិស្ស​និស្សិត​ទាំងពីរ​ប្រទេស ព្យាយាម​សិក្សា​ស្វែង​ពី​ប្រពៃណី និង​វប្បធម៌​គ្នា​ទៅវិញទៅមក ដើម្បី​យកចំណេះ​ជំនាញ​ទាំង​ក្រៅ និង​ក្នុង​ខ្លួន​បន្ត​អភិវឌ្ឍ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ល្អប្រសើរ នៅ​ថ្ងៃ​អនាគត​។​

​គួរ​បញ្ជាក់ថា យុវជន​កម្ពុជា តាមរយៈ​រដ្ឋាភិបាល​ជ​ប៉ុន បាន​ចូលរួម​កម្មវិធី​បំពេញ​ទស្សនកិច្ច​សិក្សា​ក្នុង​កម្មវិធី​ជាច្រើន ដូចជា កម្មវិធី​នាវា​យុវជន អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAPY) កម្មវិធី​ផ្លាស់ប្ដូរ​ទំនាក់ទំនង​យុវជន​អាស៊ី​បូព៌ា (JENESYS) និង​កម្មវិធី​ផ្សេងទៀត ដើម្បី​ពង្រឹង​សហប្រតិបត្តិ​ការផ្លាស់ប្ដូ​រ​វប្បធម៌ និង​ការសិក្សា ជាពិសេស​បច្ចេកវិទ្យារ​វាង​យុវជន​ប្រទេស​ទាំងពីរ ជា​រៀងរាល់ឆ្នាំ​៕


Tag:
 និស្សិត
  ​អាហារូបករណ៍​
  ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com