ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​គណៈរដ្ឋមន្ត្រី ២៤ រូប ត្រូវបាន​ផ្លាស់ប្តូរ បញ្ចប់​តួនាទី និង​តែងតាំង​ថ្មី
18, Mar 2016 , 1:05 pm        
រូបភាព
រូបថត​ពីហ្វេសប៊ុក​សម្តេច ហ៊ុន សែន ពេលកំពុង​បើកកិច្ច​ប្រជុំគណៈរដ្ឋមន្រ្តីកាលពីព្រឹកមិ
រូបថត​ពីហ្វេសប៊ុក​សម្តេច ហ៊ុន សែន ពេលកំពុង​បើកកិច្ច​ប្រជុំគណៈរដ្ឋមន្រ្តីកាលពីព្រឹកមិ
ដោយ:
​រដ្ឋាភិបាល​បានបង្ហាញ​ឈ្មោះ​គណៈរដ្ឋមន្ត្រី​មន្ត្រី​ដែល​ខ្លួន​បាន​រុះរើ​នៅ​ពាក់កណ្តាល​អាណត្តិ​ទី ៥ នេះ​។ បើតាម​លិខិត​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ដែល​ផ្ញើជូន​សម្តេច ហេង សំរិន កាលពី​ថ្ងៃទី ១៦ ខែមីនា ដែលលោក ផៃ ស៊ីផាន បង្ហោះ​នៅលើ​គណនីហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ សមាជិក​គណរដ្ឋមន្ត្រី ដែល​ត្រូវ​គណៈរដ្ឋមន្ត្រី​របស់​ស​ម្តេច ហ៊ុន សែន បញ្ចប់​តួនាទី ផ្លាស់ប្តូរ និង​តែងតាំង​បន្ថែម​ទាំង ២៤ រូបនោះ មានឈ្មោះ​ដូច​ច​ខាងក្រោម​៖



​លោក គាត ឈន់ ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ច​ប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ តាម​សំណើ​របស់​សាមីខ្លួន ឯ​លោក ហោ ណាំហុង រដ្ឋាភិបាល​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែ​រក្សាទុក​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល ទៅតាម​សំណើ​របស់​សាមីខ្លួន​។ ចំណែក លោក អ៊ឹម ឈុនលឹម បាត់បង់​មុខងារ ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ តាម​សំណើ​សាមីខ្លួន​។​
 
​ដោយឡែក​រដ្ឋាភិបាល​បានតែងតាំង​លោក ប្រាក់ សុខុន ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ស្របពេល​ដែល​លោក អូន ព័ន្ធ​មុនី​រត្ន ឡើងជា​ទេសរដ្ឋមន្ត្រី និង​នៅតែ​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដដែល​។ គណៈរដ្ឋមន្ត្រី​របស់​ស​ម្តេច ហ៊ុន សែន ក៏​តែងតាំង លោក ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ជា​ទេសរដ្ឋមន្ត្រី និង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជំនួស​លោក ត្រាំ អ៊ីវតឹក ដែល​លោក អ៊ីវតឹក ត្រូវ​ទៅកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍  និង​ទូរគមនាគមន៍ ហើយ​លោក ប៉ាន សូរ​ស័ក្តិ ឡើងជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បន្ត​ពី​លោក ស៊ុន ចាន់ថុល​។ 
 
​លោក ជា សុផារ៉ា បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ ត្រូវ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម​ជំនួស​លោក អ៊ឹម ឈុនលឹម​។ លោក ហ៊ឹម ឆែម តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ឯ​លោក មិន ឃិន ត្រូវ​រដ្ឋាភិបាល​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី (​ទទួលបន្ទុក​បេសកម្ម​ពិសេស​)​។ ជាមួយគ្នានេះ លោក វេ​ង សាខុន រដ្ឋលេខា​ធិការ​ក្រសួងធន​ធាន​ទឹក​ និង​ឧត្តុនិយម​ ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំនួស​លោក អ៊ុក រ៉ាប៊ុន ដោយសារតែ លោក អ៊ុក រ៉ាប៊ុន រដ្ឋាភិបាល​ឲ្យ​ទៅកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​ជនបទ បន្ត​ពី​លោក ជា សុផារ៉ា​។ 
 
​ដោយឡែក​ចំពោះ​តំណែង​រដ្ឋលេខាធិការ​ក្រសួង​វិញ រដ្ឋាភិបាល​បានតែងតាំង លោក ឈិ​ត សុខុន បច្ចុប្បន្នជាអភិបាល​ខេត្តកំពត​​ប្តូរទៅកាន់​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​តែងតាំង​លោក ខូ​យ ឃុន​ហួរ ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែរ​។ ចំណែក​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក  អ៊ឹម សួស្តី ឡើងជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ទើប​តែងតាំង​ថ្មី​ម្នាក់ទៀត គឺ​លោក ប៉ាវ ហមផាន អតីត​អភិបាល​ខេត្ត​រតន​គិរី។ លោក ជៀង អំ បច្ចុប្បន្ន​ជា​អភិបាលខេត្ត​ស្វាយរៀង ក៏ត្រូវ​រដ្ឋាភិបាល​ប្តូរ​តំណែង​ទៅជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ឯ​លោក ហាស់ សារ៉េត អតីត​អភិបាល​ខេត្តព្រៃវែង ឡើងជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ហើយ​លោក អ៊ូ សំ​អ៊ួ​ន អតីត​អភិបាលខេត្ត​កំពង់ស្ពឺ​ឡើង ជា​រដ្ឋលេខា​ក្រសួង​អភិវឌ្ឍ​ជនបទ​។  លោក ផៃ ប៊ុន​ឈឿន អតីត​អភិបាល​ខេត្តកណ្តាល តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក គោ​ស៊ុំ សារឿ​ត បច្ចុប្បន្ន​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ប្តូរ​មកកាន់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ស្រប​ពេលដែល​រដ្ឋាភិបាល​តែងតាំង​លោក ផែង សុវិជ្ជា​នោ បច្ចុប្បន្ន​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន  ហើយ​ចុងក្រោយ​តែងតាំង​លោក ជួន វន អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម ឡើងជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម​៕

Tag:
 គណៈរដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com