ពីនេះ ពីនោះ
ច្បាប់ និងអ្នកដឹកនាំជាគតិវិញ្ញូមួយណាអាចធ្វើឲ្យសង្គមឥតខ្ចោះបាន?
× ភ្នំពេញ៖ គំនិតដឹកនាំរដ្ឋ ទស្សនវិទូលោក ប្លាតុង បានឲ្យតម្លៃអ្នកដឹកនាំ អ្នកគ្រប់គ្រង ឬស្ដេចចាំបាច់ត្រូវតែជាទស្សនវិទូ។ ចំណែកទស្សនវិទូដ៏ល្បីល្បាញ់របស់ប្រទេសចិនខុងជឺ វិញយល់ឃើញថា ដើម្បីឲ្យបានរដ្ឋឥតខ្ចោះមួយបាន គឺអ្នកដឹកនាំចាំបាច់ត្រូវតែជាគតិវិញ្ញូដើម្បីមកកាន់ការងារជាអ្នកដឹកនាំសង្គម ឬរដ្ឋមួយនោះ។
ជានិយមន័យ គតិវិញ្ញូមានន័យថាជាអ្នកប្រាជ្ញ ជាមនុស្សដែលប្រាជ្ញាញាណ មានការយល់ដឹងជ្រៅជ្រះ មានសមត្ថភាពពិត ស្គាល់គុណធម៌ មានសីលធម៌។ ចំណែកគោលគំនិត របស់ខុងជឺនៅពេលសង្គមមួយ ប្រទេសមួយ រដ្ឋមួយមានបុគ្គលបែបនេះដឹកនាំសង្គម រៀបចំសង្គម លោកយល់ថានឹងធ្វើឲ្យសង្គមកាន់តែល្អប្រសើរ។ ព្រោះទស្សនវិទូរូបនេះយល់ឃើញថា ការដឹកនាំ និងគ្រប់គ្រងសង្គមដោយប្រើប្រាស់គុណធម៌ គឺមានភាពល្អប្រសើរជាងការគ្រប់គ្រងសង្គមដោយការប្រើប្រាស់ច្បាប់ក្នុងការដាក់ទោស។ ហេតុនេះវិញ្ញូជនគឺជាបុគ្គលសំខាន់ដែលសង្គមត្រូវការ។
ស្ថិតក្នុងស្ថានភាពសង្គមបច្ចុប្បន្ន ការមានគតិវិញ្ញូមកដឹកនាំសង្គមគឺជារឿងដែលល្អប្រពៃបំផុត ព្រោះភាគច្រើននៃបុគ្គលបែបនេះគឺជាមនុស្សដែលស្រឡាញ់សន្តិភាព ស្រឡាញ់ភាពជាមនុស្សដូចគ្នា ស្រឡាញ់អ្វីដែលជាភាពត្រឹមត្រូវ ស្រឡាញ់អ្វីដែលជាភាពស្មើគ្នា។ មិនតែប៉ុណ្ណោះ ជនទាំងនេះគឺជាបុគ្គលដែលមានសីលធម៌ គុណធម៌ សច្ចធម៌ ដែលអាចនាំយកយកគំរូដ៏មានតម្លៃដែលមនុស្សគ្រប់រូបត្រូវតែអនុវត្តន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏ជាអំពើរដ៏ឧត្ដមនៅក្នុងជីវិតរស់នៅក្នុងសង្គម។
ប៉ុន្តែបើមានតែបុគ្គលដែលជាវិញ្ញូជនមួយរូបមកដឹកនាំសង្គម ក៏មិនអាចធ្វើឲ្យសង្គមទាំងមូលមានភាពល្អឥតខ្ចោះបានទាំងស្រុងនោះដែរ។ តែត្រូវទាមទារឲ្យមានមន្ត្រីគ្រប់ជាន់ថ្នាក់មានសណ្ដានជាមនុស្សល្អគ្រប់ៗគ្នា មានចំណេះជំនាញពិត ចំណែកឯប្រជាពលរដ្ឋនៅក្នុងសង្គមទៀតសោតក៏ត្រូវតែជាមនុស្សដែលមានការយល់ដឹង ចេះគិតចេះវិភាគផងដែរ។
ថែមពីនេះទៀត ច្បាប់ល្អ គឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់ការគ្រប់គ្រង ដឹកនាំសង្គម។ ជាពិសេសគឺទៅការគ្រប់គ្រង សកម្មភាពរបស់មនុស្សប្រចាំថ្ងៃ ដើម្បីចូលរួមដាក់សម្ពាធលើបុគ្គលដែលប្រព្រឹត្តិអំពើដែលនាំឲ្យសង្គមមានភាពអសន្តិសុខជាដើម។
ជារួម ចង់បានសង្គមមួយដែលមានភាពល្អឥតខ្ចោះគឺទាមទារឲ្យមានមេដឹកនាំដែលជាវិញ្ញូជនដើម្បីក្លាយជាអ្នកដឹកនាំ។ តែក៏ត្រូវការមន្ត្រី និងប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ផងដែរ រួមទាំងមានច្បាប់មានទម្លាប់ក្នុងការគ្រប់គ្រងច្បាស់លាស់។ ប្រសិនមានគ្មានច្បាប់ហើយដឹកនាំទៅតាមតែតាមតែមាត់របស់មេដឹកនាំ ទោះបីជាមានមេដឹកនាំជាវិញ្ញូជនក៏ដោយ ក៏មិនអាចធានាពីភាពត្រឹមត្រូវបានទាំងស្រុងនោះដែរ។ ថ្វីដ្បិតថា គ្មានទេរដ្ឋឥតខ្ចោះ ប៉ុន្តែវិញ្ញូជន និងច្បាប់ គឺសំខាន់ណាស់សម្រាប់គ្រប់គ្រងសង្គម៕
© រក្សាសិទ្ធិដោយ thmeythmey.com