ពីនេះ ពីនោះ
ត្រូវ​មានគំនិត​ជាតិនិយម តែ​កុំ​ជាតិនិយម​ជ្រុល​!
20, Mar 2016 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងនាម​ជា​ប្រជាជាតិ​នៃ​ប្រទេសមួយ​គឺ​ចាំបាច់​ណាស់​ត្រូវ​មានគំនិត​ជាតិនិយម ដើម្បី​រួមចំណែក​ក្នុងការ​ការពារ​វប្បធម៌​ជាតិ ទឹកដី ទ្រព្យសម្បត្តិ​ជាតិ  ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​តម្លៃ​របស់​ប្រទេសជាតិ​ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។ តែ​បើសិនជា​មានគំនិត​ជាតិនិយម​ជ្រុល​វា​គ្មានអ្វី​ចំណេញ​ចំពោះ​ជាតិ​មាតុភូមិ​នោះទេ ប៉ុន្តែ​វា​នាំមក​នូវ​បញ្ហា​ជាច្រើន​ចំពោះ​ប្រទេសជាតិ​របស់ខ្លួន​ទៅវិញ​នោះទេ​។ តើ​មូល​ហេតុអ្វី​បានជា​គំនិត​ជាតិនិយម​ជ្រុល​បង្ករ​ជា​បញ្ហា​ចំពោះ​ជាតិ​?


 
​ជាតិនិយម​គឺ​សំដៅ​ទៅលើ​ស្មារតី​ដែល​ព្យាយាម​លើក​តម្លៃ​ប្រទេសជាតិ​របស់ខ្លួន​ឲ្យ​តម្លៃ​ជាតិ​ខ្លួន និង​ជាពិសេស​គឺ​ការបង្ហាញ​ឆន្ទៈ​ស្នេហា​ជាតិ​មាតុភូមិ ទាំង​តាមរយៈ​ពាក្យសម្ដី សកម្មភាព​ជាដើម​។ ប៉ុន្តែ​ជាតិនិយម​ជ្រុល គឺជា​គំនិត​ជ្រុលនិយម​មួយ​ដែល​ស្ថិតនៅក្នុង​គំនិត​របស់​បុគ្គល​ដែល​តែងតែ​មើលទៅ​ជាតិ​សាសន៍​របស់ខ្លួន​ល្អ​ជាង​ជាតិ​សាសន៍​ផ្សេងៗ​ជានិច្ច​។ 
 
​នៅពេលដែល​ជាតិ​សាសន៍​មួយ​មានគំនិត​ជាតិនិយម​គឺជា​កិច្ចការ​ដ៏​ត្រឹមត្រូវ គឺជា​គំនិត​ដ៏​ត្រឹមត្រូវ​ដើម្បី​ចូលរួម​រក្សា​លំនឹង​ជាតិ តាមរយៈ​ការបង្ហាញ​កម្លាំង​ស្នេហា​ជាតិ​។ ប៉ុន្តែ​នៅពេល​កើតមាន​គំនិត​ជាតិនិយម​ជ្រុល ពេលនោះ​និង​បង្ករ​ឲ្យ​មាន​ចរន្ត​ការរើសអើង​ជាតិ​សាសន៍ ឈានទៅរក​ជម្លោះជាតិសាសន៍​ជាដើម​។ 
 
​ហេតុនេះ ក្នុងនាម​ជាម​នុស្ស ជា​ប្រជាជាតិ​នៃ​ជាតិ​សាសន៍​មួយ​គួរ​កុំ​មាន​ស្មារតី​ជាតិនិយម​ជ្រុល​ឲ្យ​សោះ​។ ព្រោះថា​គ្មាន​ជាតិ​សាសន៍​ណា​ដែល​អន់​ជាង ឬ​ល្អ​ជាង​គ្នា​នោះទេ​។ ប្រទេស​ទាំងនោះ​គឺមាន​តម្លៃ​នៃ​សង្គមជាតិ​គេ​ដូចៗ​គ្នា​។ ប្រជាជន​គេ​ក៏មាន​តម្លៃ វប្បធម៌​គេ​ក៏មាន​តម្លៃ ហើយ​អ្វីៗ​ដែល​គេ​មាន​ក៏មាន​តម្លៃ ដូច​អ្វីដែល​យើង​គិតថា​មានតម្លៃ​ចំពោះ​ជាតិ​សាសន៍​យើង​ផងដែរ​។ តែបើ​កើតមាន​គំនិត​ជាតិនិយម​ជ្រុល និង​បង្ករ​ឲ្យ​មាន​អសន្តិសុខ​សង្គម អាចឈាន​ទៅដល់​សង្គ្រាម​។ ហើយ​កម្ដៅ​នៃ​សង្គ្រាម​ប្រកាន់​ជាតិ​សាសន៍​ដែល​កើតចេញពី​គំនិត​ជាតិនិយម​ជ្រុល​នេះ​គឺជា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​សង្គម និង​ពិភពលោក​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com