អន្តរជាតិ
អាយុ​ត្រឹម​១២​ឆ្នាំ ក្លាយជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន «Brand» ដ៏​ធំ​មួយ​នៅ​កាណាដា​
19, Mar 2016 , 10:20 pm        
រូបភាព
ដោយ: ធីតា
​ក្នុង​អាយុ​ត្រឹមតែ​១២​ឆ្នាំ​ប៉ុណ្ណោះ Emile Burbidge ទើបតែ​ទទួលបាន​ការតែងតាំង​សម្រាប់​តំណែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Toys’R’ US ប្រចាំ​ប្រទេស​កាណាដា ដែលជា​សាខា​ផលិត​សម្ភារ​ក្មេង​លេង​ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក​។​

 
​មានកំណើត​នៅ​តំបន់ Saint-Bruno ក្រុង​កេ​ប៊ិច ប្រទេស​កាណាដា កុមារា Emile Burbidge បាន​ឆ្លងកាត់​ការសម្ភាស​ដ៏​ជោគជ័យ​ក្នុងចំណោម​បេក្ខជន​ជាង​១០០​នាក់​សម្រាប់​តំណែង​Chief Play Officer (CPO)  ប្រចាំ​សាខា​ក្រុមហ៊ុន​ផលិត​សម្ភារ​ក្មេង​ដ៏​ល្បី Toys’R’US របស់​អាមេរិក​។​
 
 
​សម្រាប់​យុទ្ធសាស្ត្រ​ឆ្នាំ​ដំបូង​នៃ​ការងារ​របស់ខ្លួន Emile ធ្វើការ​ពិសោធន៍​ពី​គុណភាព​ផលិតផល​ក្មេង​លេង​ដែល​ទើប​ផលិត​ចេញពី​ម៉ាស៊ីន ដើម្បី​សិក្សា​ស្វែង​ពី​ចំនុច​វិជ្ជមាន និង​អវិជ្ជមាន ពោលគឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​។​
 
​អ្នកគ្រប់គ្រង​ការចែក​ចាយ​ផលិត​ម្នាក់​របស់​ក្រុមហ៊ុន បាន​អះអាងថា ការបង្កើត​មុខដំណែង Chief Play Officer នេះឡើយ​សម្រាប់​កុមារ គឺ​ដោយសារតែ​ក្រុមហ៊ុន​សិក្សា​ឃើញថា កុមារ​ដឹង​ច្បាស់​ពី​តម្រូវការ​របស់​ក្មេង​ដូចគ្នា ហើយ​គេ​ក៏​អាច​បញ្ចុះបញ្ចូល​ឪពុកម្តាយ​ឲ្យ​ទិញ​សម្ភារ​អ្វី​ដែលជា​ប្រយោជន៍​សម្រាប់​ក្មេង​ផងដែរ​។​
 
Emile មិន​ត្រឹមតែ​ទទួលបាន​សម្ភារ​ក្មេង​ដ៏​សម្បូរបែប​ដាក់​ផ្ទះ​ប៉ុណ្ណោះ​នោះទេ គេ​ក៏​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។ បើតាម​សម្តី​ដែល​ដកស្រង់​ដោយ​កាសែត Le Parisien​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដ៏​ក្មេងខ្ចី​រូបនេះ បាន​លើកឡើងថា​៖ «​ខ្ញុំ​បាន​ក្លាយជា​កុមារ​ដែលមាន​សំណាង​បំផុត​នៅក្នុង​ប្រទេស ខ្ញុំ​មិន​ជឿ​សោះ​ថា ក្រុមហ៊ុន​បានជ្រើសរើស​យក​រូបខ្ញុំ​។ តំណែង​នេះ​សំខាន់​ណាស់ ដូច្នេះ​ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត​»​។​
 
Toys’R’US​ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ក្មេង​លេង​ដ៏​ធំ​លើ​ពិភពលោក ដោយមាន​សាខា​៨៩៣​សាខា​នៅ​សហរដ្ឋអាមេរិក ព័រ​តូ​រី​កូ និង​ហ្គា​ម ហើយ​មាន​សាខា​នៅ​បណ្តា​ប្រទេស​ចំនួន​៣៦ ហើយ​នៅ​កាណាដា មាន​ហាង​ជាង​៨០​លក់​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com