ពីនេះ ពីនោះ
ជា​មនុស្ស​ប្រយ័ត្ន​ត្រូវ​បណ្ដាសា​ប្រវត្តិសាស្ត្រ
22, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជា​ច្បាប់ធម្មជាតិ មនុស្ស​គឺជា​ចំណុចប្រសព្វ​នៃ​ប្រវត្តិសាស្ត្រ​។ មនុស្ស​គឺជា​ភា្ន​ក់​ងារ​កសាង និង​បង្កើត​ប្រវត្តិសាស្ត្រ​។ បើ​មនុស្ស​កសាង​អ្វី​ល្អៗ​ក្នុងពេល​បច្ចុប្បន្ន នោះ​មនុស្ស​នឹង​ទទួលបាន​ប្រវត្តិសាស្ត្រ ដ៏​ល្អ​នៅ​ថ្ងៃ​អនាគត​។ ប៉ុន្តែ​មនុស្ស​កសាង​ភាពអាក្រក់​ក្នុងពេល​បច្ចុប្បន្ន នោះ​នឹង​ទទួលបាន​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​សម្រាប់​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត​។ ព្រោះ​មនុស្ស​គឺជា​ចំណុចប្រសព្វ និង​ជា​ភ្នាក់ងារ​របស់​ប្រវត្តិសាស្ត្រ​។​



​នៅក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ សៀវភៅ​ប្រវត្តិសាស្ត្រ បានបង្ហាញ​យ៉ាងច្បាស់​អំពី​ប្រវត្តិ​ដែល​បានកើត​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ ទាំង​ល្អ​ទាំង​អាក្រក់​។ មានរឿង​រ៉ាវ​ខ្លះ​វា​មិនមាន​ភាព​សុ​ក្រិត​ឥតខ្ចោះ ក៏ប៉ុន្តែ​វា​បានបង្ហាញ​ពី​វិញ្ញាណ​ប្រវត្តិសាស្ត្រ​មួយ​ថា អ្នក​បានធ្វើ​អាក្រក់​គឺ​សាង​កំហុស អ្នក​បានធ្វើ​ល្អ​គឺ​សាង​ស្នាដៃ​។ ភាព​ត្រូវ​ខុស​នៃ​ប្រវត្តិសាស្ត្រ​ទៀតសោត គឺ​វា​អាស្រ័យទៅលើ​ចេតនា​របស់​អ្នកសរសេរ​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​ប្រសិន​បើសិន​អ្នកប្រវត្តិសាស្ត្រ​សរសេរ​ផ្ទុយ​ពី​ការពិត បណ្ដាសា​ប្រវត្តិសាស្ត្រ នឹង​តាម​បន្លាច​ជន​ទាំងនោះ​។​

​យ៉ាងណា​ម៉ិ​ញ ក្នុងនាម​ជា​ភា្ន​ក់​ងារ​ប្រវត្តិសាស្ត្រ មនុស្ស​ត្រូវ​ស្គា​ល់ពី​អត្ថិភាព​របស់​ខ្លួនឯង​នៅក្នុង​សង្គម ដើម្បី​កសាង​ប្រវត្តិ​មួយ សម្រាប់​ខ្លួនឯង និង​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​ទាំងមូល​។ ដើម្បី​ទទួលបាន​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​សម្រាប់​ជាតិ​បាន គឺ​ទាមទារ​ការខិតខំ​ប្រឹង​ប្រែង មានការ​ចូលរួម​ទាំង​ចលនា​បុរស​ស្ត្រី ទាំង​ចលនា​យុវជន ស្វែងយល់ និង​ព្យាយាម​រក​ដំណោះស្រាយ​ល្អៗ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ 

​ជាក់ស្ដែង ជា​សាសន៍​មួយ​ដែលមាន​ប្រវត្តិសាស្ត្រ​ល្អ គឺជា​ជាតិ​សាសន៍​មួយ ដែលមាន​ការរីកចម្រើន និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ហេតុនេះ ការចូលរួម​លើកស្ទួយ​ជាតិ ពាក់ព័ន្ធ​នឹង​វិស័យ​សង្គមកិច្ច សេដ្ឋកិច្ច នយោបាយ អប់រំ សុខាភិបាល ពាណិជ្ជកម្ម សាសនា វប្បធម៌ និង​ការចូលរួម​ការពារជាតិ​មាតុភូមិ​ជាដើម​នោះ គឺ​បង្ហាញ​ពី​ភាពរឹងមាំ​ជា​មូលដ្ឋាន ក្នុងនាម​ជា​រាស្ត្រ ជា​ម្ចាស់​អំណាច​ពិតប្រាកដ របស់​សង្គមជាតិ ឆ្ពោះទៅរក​ប្រវត្តិ​ដ៏​ភ្លឺស្វាង​មួយ​នៅពេល​អនាគត​។​
 
​ហេតុនេះ វា​ប្រហែលជា​ដល់ពេល​ដែល ខ្មែរ​ត្រូវប្រកាន់យក​គោលការណ៍​អហិង្សា មិន​គុំកួន​សងសឹក​គ្នា  គ្មាន​ពាក្យ​ថា​ជាស​ត្រូវ ទទួលយក​មាគ៌ា​ផ្សះផ្សា​ជាតិ រក្សា​ស្ថិរភាព និង​សន្តិភាព​យក​ពេលវេលា​អភិវឌ្ឍ​មាតា​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​ប្រជាជាតិ កសាង​ពន្លឺ​ប្រវត្តិសាស្ត្រ​សារជាថ្មី​៕

© រក្សាសិទ្ធិដោយ thmeythmey.com