កីឡាជាតិ
ជាតិ
ពានរង្វាន់ ខ្មែរ រៀល អ៊ី​ស្ទេ​ត ឆ្នាំនេះ​ប្លែក​ពី​ឆ្នាំមុនៗ ខណៈ​ក្រុម​ក៏មាន​ការកើនឡើង​
21, Mar 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទោះបីជា​ការប្រកួត​បាល់​ទាត់​ដណ្តើមពាន​រង្វាន់ ខ្មែរ រៀល អ៊ី​ស្ទេ​ត ក្នុង​រយៈពេល​៤​ឆ្នាំកន្លងមក​មានការ​រីកចម្រើន និង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​លើក​ទី​៥​ដែល​បានប្រកាស​បើក​ការប្រកួត  កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ត្រូវបាន​លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន Khmer Real Estate ប្រកាសថា ការប្រកួត​ឆ្នាំនេះ​មានការ​ខុសប្លែក​ពី​ឆ្នាំមុនៗ និង​មាន​ចំនួន​ក្រុម​ចូលរួម​ប្រកួត​កើនឡើង​ផងដែរ​។​



​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ ខ្មែរ រៀល អ៊ី​ស្ទេ​ត លើក​ទី​៥ មានការ​ខុសប្លែក​ពី​ឆ្នាំមុន ដោយសារ​ឆ្នាំនេះ​ជាការ​ប្រកួត​បើកចំហរ ពោលគឺ​អនុញ្ញាត​ឲ្យ​ក្រុម​នីមួយៗ​ដែល​បាន​ចូល​ប្រកួត​ដាក់​កីឡាករ​អាជីព កីឡាករ​ក្របខណ្ឌ​-​ក​១ ក​២ ពានរង្វាន់​សម្តេច ហ៊ុន សែន ឬ​អតីត​កីឡាករ​អាជីព និង​អតីត​កីឡាករ​ជម្រើសជាតិ​ដោយ​សេរី ប៉ុន្តែ​លើកលែង​កីឡាករ​ដែល​កំពុង​លេង​ក្នុង​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ អនុញ្ញាត​ឲ្យ​មានតែ​២​ប៉ុណ្ណោះ ខណៈ​កាលពី​ឆ្នាំមុន​មិន​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​អាជីព​នោះទេ​។ នេះ​បើ​យោងតាម​លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល អ៊ី​ស្ទេ​ត ថ្លែង​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កាលពី​ម្សិលមិញ​។  

​នាឱកាស​នោះដែរ លោក​អគ្គនាយក​រូបនេះ​បាន​លើកឡើងថា សម្រាប់​ការប្រកួត​ឆ្នាំនេះ​មាន​២៤​ក្រុម​ចូលរួម ខណៈ​ឆ្នាំមុន​មាន​២០​ក្រុម​ចូលរួម​ពោលគឺ​មានការ​កើនឡើង​ចំនួន​៤​ក្រុម​។ ការកើនឡើង​នេះ​អាច​បញ្ជាក់បាន​ថា ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់ ខ្មែរ រៀល អ៊ី​ស្ទេ​ត​នេះ មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈ​កាលពី​ឆ្នាំ​២០១២ មាន​១៤​ក្រុម​ចូលរួម ឬ​ឯ​ឆ្នាំ​២០១៣ មាន​១៦​ក្រុម ចំណែក​ឆ្នាំ​២០១៤ និង ២០១៥ មាន​២០​ក្រុម​ចូលរួម​។  


​លោក​បន្ថែមថា ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​ចូលរួម​ប្រកួត​ប្រមាណ​ជាង ៥០០​នាក់ ក្នុង​ចំណ​ណោម​កីឡាករ​ទាំងនោះ មាន​កីឡាករ​បរទេស​ប្រមាណ​ជា​១៥​នាក់ និង​កីឡាករ​អាជីព​កម្ពុ​ជាមាន​ចំនួន​ជាង ២០​នាក់​។ ការប្រកួត​នេះ​បែង​ចែកជា​ពីរ​ពូ​ល A និង B ដោយ​ក្នុង​មួយ​ពូ​ល​មាន​១២​ក្រុម ដោយ​ពូ​ល A ប្រកួត​ក្នុង​ទីលាន​ដំរី​ស និង​ពូ​ល B ប្រកួត​ក្នុង​ទីលាន​មេគង្គ​។ 


​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាលពី​រដូវ​កាល​មុន​ម្ចាស់​ជើងឯក​គ្រង​តំណែង​ពានរង្វាន់​នេះ​បាន​ទៅលើ​ក្រុម Cristiniar Tours ក្នុងចំណោម​២០​ក្រុម​ចូលរួម​។ ដោយឡែក​ឆ្នាំនេះ​មាន​រហូតដល់​២៤​ក្រុម​ចូលរួម និង​ប្លែក​ពី​ឆ្នាំមុន ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​នីមួយៗ​ដាក់​កីឡាករ​អាជីព​ផង​នោះ តើ​ក្រុម​មួយ​នេះ​អាច​គ្រង​តំណែង​របស់ខ្លួន​បាន​ឬមួយ​យ៉ាងណា​?   ហើយ​ក្រុម​ណា​ជា​អ្នក​គ្រង​តំណែង​ឆ្នាំនេះ​?


Tag:
 បាល់​ទាត
  ពានរង្វាន់ Khmer Real Estate
© រក្សាសិទ្ធិដោយ thmeythmey.com