កីឡាអន្តរជាតិ
អន្តរជាតិ
សម្តី​មាស​ទាំង​១៤​របស់លោក Johan Cruyff ស្តីពី​កីឡាបាល់ទាត់​
25, Mar 2016 , 10:37 am        
រូបភាព
ដោយ: រួបរួម
 
​លោក Johan Cruyff ជា​វីរបុរស​នៃ​ក្លិប Ajax ក្លិប Barcelona និង​ក្រុម​ជម្រើសជាតិ​ហូឡង់ បានទទួល​មរណភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​អាយុ​៦៨​ឆ្នាំ​។ អតីត​ម្ចាស់​ពាន Ballon d’ Or បី​លើក (១៩៧១, ១៩៧៣ និង​១៩៧៤) រូបនេះ បានរស់នៅ​ត្រាំត្រែង​ជាមួយនឹង​ជំងឺមហារីក​អស់​រយៈពេល​ជាច្រើន​ខែ​។​

 
​លោក Cruyff ត្រូវ​ចាត់ជា​កីឡាករ និង​ជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នា​ក់លើ​ពិភពលោក ដែល​បង្កើត​ទស្សន​វែងឆ្ងាយ​សម្រាប់​វិស័យ​កីឡាបាល់ទាត់​។ ពី​ឆ្នាំ​១៩៦៤ ដល់​១៩៨៤ លោក​ជា​កីឡាករ​លេង​ឲ្យ​ក្លិប Ajax, Barcelona, Los Angeles Aztecs, Washington Diplomats, Levante និង Feyenoord​។ ពី​ឆ្នាំ​១៩៨៥​ដល់​២០១៣ លោក​ធ្វើជា​គ្រូបង្វឹក​នៅ​ក្លិប Ajax, Barcelona និង Catalonia​។​
 
​លោក​បានទទួល​ជោគជ័យ​យ៉ាងច្រើន​ក្នុង​អាជីព ហើយ​ឈ្មោះ​របស់លោក Cruyff ត្រូវបាន​គេ​ប្រៀប​ស្មើ​ទៅនឹង Pele, Alfredo Di Stefano, Ferenc Puskas និង Diego Maradona ផងដែរ ពីព្រោះ​ពួកគេ​គឺជា​ធ្វើ​បដិវត្តន៍​បាល់ទាត់​ក្នុង​ជំហាន​ដ៏​វិជ្ជមាន​។​
 
​យោងតាម​សារព័ត៌មាន France Football លោក Johan Cruyff មាន​សម្តី​មាស​១៤​ដែល​រៀបរាប់​ទាក់ទង​នឹង​បាល់ទាត់​។ សារព័ត៌មាន​ថ្មីៗ សូម​ធ្វើការ​ប្រែ​សម្រួល​ក្រៅផ្លូវការ​ដូចខាងក្រោម​៖
 
១.​គុណភាព​គ្មាន​លទ្ធផល គឺ​គ្មាន​ប្រយោជន៍​។ លទ្ធផល​គ្មាន​គុណភាព គឺជា​រឿង​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​។​
 
២.​លេង​បាល់ទាត់​គឺជា​រឿង​សាមញ្ញ ប៉ុន្តែ​ការលេង​បាល់ទាត់​ដ៏​សាមញ្ញ គឺជា​រឿង​ដ៏​ពិបាក​បំផុត​។​
 
៣.​កីឡាករ​បាល់ទាត់​ដែល​លេង​នៅតាម​ផ្លូវ គឺមាន​សារសំខាន់​ជាង​គ្រូបង្វឹក​ដែលមាន​សញ្ញាបត្រ​។ 
 
៤. នៅក្នុង​ក្រុម​របស់ខ្ញុំ អ្នកចាំទី​គឺជា​ខ្សែប្រយុទ្ធ​ទី​១ ខ្សែប្រយុទ្ធ​គឺជា​អ្នកការពារ​ទីមួយ​។ 
 
៥. បច្ចេកទេស មិនមែន​មានន័យថា​អាច​ត្រេះ​បាល់​១០០០​នោះទេ​។ អ្នក​ទាំងអស់គ្នា​អាច​ធ្វើបាន​ជាមួយនឹង​ការហ្វឹកហាត់​។ វា​អាច​កើតឡើង​ក្នុង​ការងារ​ជា​ក្រុម​។ បច្ចេកទេស​ពិតប្រាកដ គឺ​ការបញ្ជូន​បាល់​ជាមួយនឹង​ល្បឿន​ល្អ ពី​ជើង​ដ៏​ល្អ​ទៅ​មិត្ត​រួម​ក្រុម​។​
 
៦. បាល់ទាត់​គឺជា​ល្បែង​ដែល​បង្កើត​កំហុស​។ អ្នក​ដែល​ធ្វើ​កំហុស​តិច​ជា​អ្នកឈ្នះ​។​
 
៧.​ប្រសិនបើ​អ្នក​ជ្រើសរើស​ល្អ​បំផុត​សម្រាប់​ទីតាំង​នីមួយៗ អ្នកនឹង​មិនមាន​ក្រុម​ល្អ​ឡើយ ប៉ុន្តែ​ជា​ក្រុម​លេខ​មួយ​ទាំង​១១​នាក់​។​
 
៨. វា​ជាការ​ល្អប្រសើរ​បំផុត​ដែល​ចាញ់​ជាមួយនឹង​គំនិត​ផ្ទាល់ខ្លួន ជាង​ដោយសារ​គំនិត​របស់​អ្នកដទៃ​។​
៩. ប្រសិនបើ​យើង​មាន​បាល់​លេង​ហើយ អ្នក​ផ្សេងទៀត​មិនអាច​រក​ពិន្ទុ​បានឡើយ​។​
 
១០. តើ​អ្វី​ជា​ល្បឿន​?  កីឡា​ភាគច្រើន​ច្រ​លំ​ពី​សកម្មភាព​ល្បឿន និង​ការវិភាគ​ល្បឿន​។ បើ​ខ្ញុំ​ចាប់ផ្តើម​រត់ប្រណាំង​នៅមុខ​គូប្រជែង​របស់ខ្ញុំ ខ្ញុំ​បាន​យល់ច្បាស់​ពីអ្វី​ដែល​កើតឡើង​នៅ​ចំពោះមុខ​គាត់​។​
 
១១.​អ្វី​ដ៏​ពិបាក​បំផុត​ក្នុង​ការប្រកួត​ដ៏​ស្រួល​មួយ គឺ​ប្រឹងប្រែង​ធ្វើ​គូប្រកួត​ពិបាក​លេង​។​
 
១២.​នៅពេល​អ្នកលេង​ក្នុងការ​ប្រកួត​មួយ អ្នក​ត្រូវមាន​ស្ថិតិ​គ្រប់គ្រង​បាល់​ជា​មធ្យម​៣​នាទី​។ កត្តា​ដែល​សំខាន់បំផុត​នោះ គឺ​តើ​អ្នក​ត្រូវធ្វើ​អ្វីខ្លះ​នៅពេល​គ្មាន​បាល់​គ្រប់គ្រង​នា​អំឡុងពេល​៨៧​នាទី​។ ករណីនេះ គេ​អាច​វាយតម្លៃ​បាន​ថា អ្នកជា​កីឡាករ​ល្អ ឬ​យ៉ាងណា​។​
 
១៣. ពេលដែល​ខ្ញុំ​ឃើញ​គ្រប់គ្នា​ធ្វើ​សញ្ញា​តាំងចិត្ត​នៅពេល​ដើរចូល​ទីលាន វា​បញ្ជាក់ប្រាប់​ខ្ញុំ​ថា បើ​អ្វី​ដំណើរ​ការល្អ ការប្រកួត​នឹង​បញ្ចប់​ទៅដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​
 
១៤. ហេតុអ្វី​បានជា​យើង​មិនអាច​យកឈ្នះ​ក្លិប​ដែលមាន​បំផុត​? ខ្ញុំ​មិនដែល​ឃើញថា កាបូប​ដែល​ពេញ​ទៅដោយ​លុយ រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ឡើយ​៕
 
 
 

Tag:
 បាល់ទាត់​
  Johan Cruyff
© រក្សាសិទ្ធិដោយ thmeythmey.com