ពីនេះ ពីនោះ
ព្រះពុទ្ធ ចេញសាងផ្នួស
× ព្រះពុទ្ធ គឺជាសាស្តានៃព្រះពុទ្ធសាសនា ដែលប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាយើងផងដែរ យកមកប្រតិបត្តិតាម រហូតដល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក្នុងមាត្រា៤៣ ។ គិតតាំងពីព្រះជិនស្រីនៃយើងទ្រង់ប្រសូត មកដល់ពេលនេះ មានរយៈពេលជាង ២៥០០ ឆ្នាំហើយ។
កាលដើមឡើយ ព្រះពុទ្ធ មិនទាន់មានឈ្មោះថាព្រះពុទ្ធនោះទេ គឺព្រះអង្គនៅជាមនុស្សធម្មតាដូចជាមនុស្សយើងដែរ។ កាលនៅជាគ្រហស្ថ (មិនទាន់ចេញសាងផ្នួស ហើយមិនទាន់បានត្រាស់ដឹង) ព្រះអង្គមាននាមដើមថា សិទ្ធត្ថ (សិត ធ័ត ថៈ) ជាបុត្រារបស់ ព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី ដែលគ្រងរាជ្យក្នុងក្រុងកបិលភស្តុ នៃប្រទេសឥណ្ឌា។ ព្រះអង្គទ្រង់ប្រសូតតាំងពីឆ្នាំ៦២៤ មុនគ្រិស្តករាជមកម្ល៉េះ។
ក្នុងព្រះជន្ម ១៦ព្រះវស្សា ព្រះអង្គបានរៀបអភិសេក ជាមួយព្រះនាងយសោធរា (ដែលយើងហៅថាព្រះនាងពិម្ពា ជាស្រី្តមានសម្រស់ល្អជាងគេបង្អស់នាសម័យនោះ) ហើយមានបុត្រាមួយអង្គ ព្រះនាមថា ព្រះរាហុល។
រហូតដល់ព្រះជន្ម ២៩ព្រះវស្សា ព្រះអង្គក៏លួចចេញសាងផ្នួស ក្នុងរាត្រីទាបភ្លឺ ។ ព្រះអង្គទ្រង់ចេញសាងផ្នួស ក្រោយពីព្រះអង្គទ្រង់ឃើញនូវទេវទូតទាំង៤។ ទេវទូតទាំង៤ គឺជាមនុស្ស៤ប្រភេទដែលទេវតានិមិ្មតឲ្យព្រះអង្គឃើញ គឺ ១. មនុស្សចាស់, ២. មនុស្សឈឺ, ៣. មនុសស្សស្លាប់, ៤. អ្នកបួស។ បន្ទាបីពីទតឃើញទេវទូតទាំង៤ហើយ ព្រះអង្គក៏កើតសេចក្តីសង្វេគនឹងដំណើរជីវិតសត្វលោក ដែលតែងតែ កើត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវាលវដ្តសង្សារដោយឥតឈប់ឈរ ។ ព្រះអង្គក៏យល់ថាមានតែភេទជាអ្នកបួសទេដែលអាចស្វែងរកផ្លូវរំលត់ទុក្ខបាន។
ក្រោយពីព្រះអង្គទ្រង់បានសាងព្រះផ្នួស ព្រះអង្គក៏មិនទាន់មានឈ្មោះថាព្រះពុទ្ធដែរ រហូតអស់រយៈពេល៦ព្រះវស្សានៃការបួសរបស់ព្រះអង្គក្នុងការស្វែងរកធម៌ (ការស្វែររកផ្លូវនៃការត្រាស់ដឹង ដើម្បីក្លាយជាព្រះពុទ្ធ) ទើបព្រះអង្គបានសម្រេចនូវ សព្វញ្ញូតញ្ញាណ (ការសម្រេចដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ) ទើបព្រះអង្គមានឈ្មោះថា ព្រះពុទ្ធ ដែលមានន័យថាអ្នកត្រាស់ដឹង ក្នុងព្រះជន្មាយុ៣៥ព្រះវស្សា។
រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹង ព្រះអង្គក៏ទ្រង់ចូលបរិនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សា ។ ក្រោយពីព្រះអង្គទ្រង់បរិនិព្វាន រាល់ឱវាទអប់រំរបស់ព្រះអង្គត្រូវបានសាវ័កយកមកចងក្រងទុកជាមេរៀនដល់មនុស្សជំនាន់ក្រោយ ដែលយើងថាព្រះពុទ្ធសាសនានេះឯង។
ដូច្នេះយើងឃើញថា ព្រះពុទ្ធ មានដើមកំណើតជាមនុស្សលោកធម្មតា មិនមែនជាព្រះ ឬក៏ជាអាទិទេពចុះពីឋានសួគ៌នោះទេ ។ សរុបមក ព្រះពុទ្ធ គឺជាអ្នកត្រាស់ដឹង ដែលការត្រាស់ដឹងគឺមានន័យថាការដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិយើងនេះ និយាយឲ្យងាយល់ មានន័យថា អ្វីៗក៏ព្រះអង្គដឹងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com