អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តា​លី​បង់​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់​សម្លាប់ ៦៩​នាក់​នៅ​ប៉ា​គី​ស្ថាន​
28, Mar 2016 , 11:20 am        
រូបភាព
 
 
​ក្រុម​ឧទ្ទាម​តាលី​បង់​ប៉ា​គី​ស្ថាន​បានប្រកាស​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​អត្តឃាត​នៅ​ទីក្រុង​ឡា​ហ័​រ ដែល​បានសម្លាប់​មនុស្ស​៦៩​នាក់ និង​ជាង​៣០០​នាក់​ផ្សេងទៀត​រងរបួស​។ ការវាយប្រហារ​នេះ​សំដៅលើ​ក្រុម​អ្នក​កាន់​គ្រិស្តសាសនា ដែល​កំពុង​ប្រារព្ធ​ពិធីបុណ្យ Easter នៅ​ថ្ងៃទី​២៧ ខែមីនា​។

 
​អ្នកនាំពាក្យ​ក្រុម Tehrik-e-Taliban ដែលជា​បណ្ដាញ​របស់​ក្រុម​តា​លី​បង់​ប្រចាំ​ប៉ា​គី​ស្ថាន ចេញមក​ប្រកាសថា​ខ្លួន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​សួន​សាធារណៈ​មួយកន្លែង​ក្នុង​ទីក្រុង​ឡា​ហ័​រ ដែល​បានសម្លាប់​មនុស្ស​៦៩​នាក់ និងធ្វើឲ្យមនុស្សរង​របួស​ជាច្រើន​រយ​នាក់​ទៀត​។ អ្នកនាំពាក្យ​ក្រុម​នេះ​និយាយថា​៖ «​យើង​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​លើ​ជន​គ្រិស្ត​សាសនិក ដែល​កំពុងតែ​ប្រារព្ធ​បុណ្យ​របស់​ពួកគេ​»​។
 
​ការវាយប្រហារ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា សម្លាប់​មនុស្ស​៦៩​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ក្នុង​ទីក្រុង​ភាគ​ខាងកើត​ប៉ា​គី​ស្ថាន​មួយ​នេះ​។ មន្ត្រី​សម្របសម្រួល​រង​ប្រចាំ​ទីក្រុង​ឡា​ហ័​រលោក Usman និយាយថា ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់​មាន​កុមារ​២៣​នាក់ ហើយ​កុមារ​ដែល​របួស​៥៦​នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ 
 
​ជាមួយគ្នានេះ​អធិការ​រងប៉ូលិស​ប៉ា​គីស្ថាន​លោក Haider Ashraf និយាយ​ដែរ​ថា ជន​បំផ្ទុះ​គ្រាប់បែក​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ចំណតឡាន​ក្បែរ​ច្រកចូល​របស់​សួន​ Gulshan-e-Iqbal ក្នុង​ក្រុង​ឡា​ហ័​រ ខេត្ត​ពុន​ចាប (Punjab)​។ លោក​បន្តថា ចំណុច​ផ្ទុះ​ស្ថិតនៅ​ក្បែរ​កន្លែង​ក្មេង​លេង និង​កន្លែង​លក់​សំបុត្រ ហើយ​អ្នក​បំផ្ទុះ​រើស​ចំណុច​នេះ​ព្រោះ​មាន​មនុស្ស​ច្រើន​។ មួយវិញទៀត សួន​កម្សាន្ត​នោះ​មាន​មនុស្ស​ច្រើន​នៅ​ថ្ងៃអាទិត្យ ខណៈ​ជន​កាន់សាសនា​គ្រិស្ត​ភាគតិច​ដែល​កំពុង​ប្រារព្ធ​បុណ្យ Easter ក៏បាន​ទៅ​ទីនោះ​ផងដែរ​។​
 
​ក្រោយពី​ការ​បំផ្ទុះ​នោះ ទីតាំង​សួន​កម្សាន្ត​ទាំងអស់​ត្រូវបាន​បិទ ហើយ​ប្រជាជន​ត្រូវបាន​ណែនាំ​មិន​ឲ្យ​ចាក​ចេញពីផ្ទះ​នោះទេ​។ ម្យ៉ាងវិញទៀត អ្នករបួស​ជាច្រើន​ត្រូវ​ដឹកជញ្ជូន​ដោយ​ឡាន​តាក់ស៊ី និង​រទេះអូស​ទៅ​មន្ទីរពេទ្យ ដ្បិត​មិនមាន​ឡាន​សង្គ្រោះបន្ទាន់​គ្រប់គ្រាន់​នោះទេ​។ ចំណែកឯ​កងទ័ព​ប៉ា​គី​ស្ថាន​ក៏បាន​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​ជនរងគ្រោះ​ផងដែរ​។ 
 
​បន្ទាប់ពី​ការផ្ទុះ មនុស្សម្នា​ជាច្រើន​បាន​ទៅដល់​មន្ទីរពេទ្យ ដើម្បី​ស្វែងរក​បងប្អូន​របស់​ពួកគេ ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​ដោយ​មន្ត្រីប៉ូលិស​នៅត្រឹម​ក្លោងទ្វារ ព្រោះ​មន្ទីរពេទ្យ​តូចចង្អៀត​។ មន្ត្រី​ប្រចាំ​តំបន់​ក៏បាន​ស្នើ​រក​អ្នកបរិច្ចាគឈាម​បន្ទាន់​ផងដែរ សម្រាប់​អ្នករងគ្រោះ​ដែល​ខ្វះខាត​ឈាម និង​ផ្ដល់​មធ្យោបាយ​សម្រួល​ដល់​អ្នក​ដែល​ចង់​បរិច្ចាគ​ផងដែរ​៕
 
 
 
          

Tag:
 ប៉ា​គី​ស្ថាន​
 ​តា​លី​បង់
  ឡាហ័រ
© រក្សាសិទ្ធិដោយ thmeythmey.com