អន្តរជាតិ
អាសាដ​៖ ស៊ី​រី​តូច​ណាស់​មិនអាច​ប្រែជា​រដ្ឋ​សហព័ន្ធ​បានឡើយ​
28, Mar 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ស៊ី​រី​បាន​ថ្លែងប្រាប់​សមាជិកសភា​បារាំង​ថា ស៊ី​រី​ជា​ប្រទេស​តូច​មួយ​មិនអាច​ដើរ​តាម​ប្រព័ន្ធ​រដ្ឋ​សហព័ន្ធ​ដូច​ក្រុមប្រឆាំង​និង​លោកខាងលិច​ស្នើឡើង​ឡើយ​។  ហើយ​លោក​ក៏​ទាត់ចោល​ការលើកឡើង​ពី​គំនិត​បង្កើត​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​តែ​ជន​មូស្លីម​ក្លាយជា​ប្រធានាធិបតី​ស៊ី​រី​ដែរ​។



​ថ្ងៃអាទិត្យ​ទី ២៧ មីនា​កន្លងទៅ តំណាងរាស្ត្រ​បារាំង​មួយក្រុម​ដឹកនាំ​ដោយ​លោក Nicolas Dhuicq បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប្រទេស​ស៊ី​រី ដោយ​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ ដើម្បី​ជជែក​គ្នា​បញ្ហា​ន​យោ​យ​បាយ​ប្រទេស​នេះ​។

​តំណាង​សមាជិកសភា​បារាំង​ខាងលើ​លោក Nicolas Dhuicq បាន​អះអាងថា ក្នុងជំនួប​នេះ លោក អាសាដ បាន​អះអាងថា ស៊ី​រី មិនអាច​ដើរ​តាម​ប្រព័ន្ធ​រដ្ឋ​សហព័ន្ធ​តាម​ការស្នើសុំ​របស់​ក្រុម ជនជាតិ ឃឺ​ត​ឡើយ ព្រោះថា ស៊ី​រី ជា​រដ្ឋ​តូច​ប៉ុណ្ណោះ​។ ហើយ​ម្យ៉ាង​ប្រព័ន្ធ​បែបនេះ​មិនអាច​អនុវត្ត​បានឡើយ​សម្រាប់​សង្គម​ស៊ី​រី ព្រោះ ប្រជាជន​ត្រូវ​រស់នៅ​រួមគ្នា មាន​ឯកភាព​ជាតិ និង សាមគ្គីភាព​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik លោក បា​សា អាល់​អាសាដ ក៏បាន​បន្ត​ពន្យល់​ប្រាប់​សមាជិកសភា​បារាំង​ទាំងនោះ​ថា ជនជាតិ​ឃឺ​ត ដែល​ស្នើសុំ​បង្កើត​រដ្ឋ​សហព័ន្ធ​នោះ​មាន​ត្រឹមតែ៣០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ស៊ី​រី​សរុប ដូច្នេះ​ពួកគេ​ត្រឹម​ជា​ក្រុម​ភាគតិច​នៅក្នុង​ប្រទេស​ស៊ី​រី​ប៉ុណ្ណោះ​។​

​លោក Dhuicq​ថ្លែងថា​៖« អាសាដ បាន​លើកឡើងថា ការលើកឡើង​ពី​ការបង្កើត​រដ្ឋ​សហព័ន្ធ​របស់​ក្រុម​ប្រជាជន​ឃឺ​ត​ជា​គំនិតអាក្រក់​មួយ ហើយ​វា​ប៉ះពាល់​ដល់​ប្រជាជន​អារ៉ាប់​ដែល​រស់នៅ​ក្នុងប្រទេស​ស៊ី​រី​។ មេដឹកនាំ​ស៊ី​រី​នេះ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ប្រជាជន​ឃឺ​ត​ជា​ជនជាតិភាគតិច​ប៉ុណ្ណោះ​»​។

​បើតាម​ការយល់ឃើញរ​បស់​ប្រធានាធិបតី អាសាដ រដ្ឋាភិបាលកណ្តាល​គួរតែ​នៅ​បន្ត​តួនាទី​អចិន្ត្រៃយ៍​ក្នុងការ​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ រចនាសម្ព័ន្ធ​ថ្មី​គួរតែ​ត្រូវ​បង្កើតឡើង ដូច​ជាការ​វិមជ្ឈការ​អំណាច​និង​ស្វ័យភាព​មួយចំនួន​ដល់​តំបន់​តូចៗ​។ មេដឹកនាំ​ស៊ី​រី ខាងលើ​យល់ថា ការចែករម្លែក​អំណាច​និង​ស្វ័យភាព​ខ្លះៗ​គួរតែ​ត្រូវ​បង្កើតឡើង ដោយ​ស្ថិតក្រោម​អាជ្ញាធរ​និង​អំណាច​គ្រប់គ្រង​នៃ​រដ្ឋាភិបាលកណ្តាល​ដូច​ធម្មតា ដើម្បី​អាច​ធានាបាន​នូវ​ស្ថិរភាព សន្តិភាព និង​ឯកភាព​ជាតិ​ផង​។

​យ៉ាងណាក៏ដោយ​ក្រៅពី​ពន្យល់​ពី​មូល​ហេតុដែល​ការបង្កើត​រដ្ឋ​សហព័ន្ធ​នៅ​ស៊ី​រី​មិនអាច​ទៅរួច លោក អាសាដ ក៏បាន​រៀបរាប់​ប្រាប់​សមាជិកសភា​បារាំង​ទាំងនោះ​ថា ក្នុងនាម​លោក​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ជំទាស់​ដាច់ខាត​រាល់​គំនិត​ដែល​ចង់​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​ផ្តល់​សិទ្ធិ​ដល់​តែ​ជនជាតិ​មូស្លីម​ប៉ុណ្ណោះ​ក្នុងការ​ឡើងកាន់តំណែង​ប្រធានាធិបតី​ស៊ី​រី​នោះ​។ លោក​ពន្យល់ថា វា​ជា​រឿង​ដែល​មិនអាច​ទទួលយក​បានឡើយ ព្រោះថា​រាល់​ប្រជាជន​ដែល​រស់នៅ​ប្រទេស​ស៊ី​រី​មាន​សិទ្ធិ​ស្មើៗ​គ្នា​និង​មានលទ្ធភាព​ទទួលបាន ឱកាស​ដូចគ្នា​ផងដែរ​

​សូមបញ្ជាក់​បន្តិច​ថា ជម្លោះ​ស៊ី​រី​ហាក់ដូចជា​ស្ងប់ស្ងាត់​បន្តិច​ហើយ ដោយ​បច្ចុប្បន្ននេះ ភាគី​ជម្លោះ នៅ​បន្ត​រក្សា​ការអនុវត្ត​កិច្ចព្រមព្រៀង​ផ្អាក​ប្រយុទ្ធ​ដែល​ផ្តួចផ្តើមឡើង​ដោយ​មហាអំណាច​រុស្ស៊ី និង​អាមេរិក​។ ហើយ​ការចរចា​សន្តិភាពរ​វា​ង​ភាគី​ជម្លោះ​នៅ​ហ្សឺ​ណែវ​នោះ​ត្រូវបាន​គេ​ស្លេះ​ប​ណ្ណោះ​អាសន្ន​សិន ហើយ​វា​ចាប់ផ្តើម​បន្តដំណើរ​សារ​ឡើងវិញ​នៅ​ថ្ងៃ ១០​មេសា​ខាងមុខនេះ​។ ភាគី​នីមួយៗ​រំពឹងថា ការចរចា​ជុំ​ទី​ពីរ​នឹង​ជួយ​ឲ្យ​ពួកគេ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ច្បាស់លាស់​មួយ​ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​ជា​អចិន្ត្រៃយ៍​៕


Tag:
 បា​សា អាល់​អាសាដ​
  Nicolas Dhuicq
 ​ ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com