អន្តរជាតិ
មេ​យោធា​មី​យ៉ាន់​ម៉ា សន្យា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី តែ​តួនាទី​យោធា​នៅតែ​ជា​តួនាទី​នាំមុខ​
28, Mar 2016 , 9:39 pm        
រូបភាព
ដោយ:
​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ធិ​ន ច នឹងត្រូវ​ចាប់ផ្តើម​នីតិកាល​ថ្មី​ហើយ ។ ស្រប​ជាមួយនឹង​ដំណើរការ​នេះ ប្រមុខ​យោធា​ដែលជា​ស្ថាប័ន​កំពូល​មី​យាន់​ម៉ា លោក មិន អ៊ុង​ឡាំង ក៏បាន​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ថ្មី​ដោយ​សន្យា​សហការ​ជាមួយ តែ​តូ​នាទី​យោធា​នៅតែ​ជា​តួនាទី​នាំមុខ​។​



​លោក​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា មិន អ៊ុង​ឡាំង (Min Aung Hlaing) បានប្រកាសថា​យោធា​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​រដ្ឋាភិបាល​ថ្មី ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១​ខែមេសា​ខាងមុខ ដើម្បី​សម្រេច​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ខួប​លើក​ទី​៧១​នៃ​ការបង្កើត​កងទ័ព​មី​យ៉ាន់​ម៉ា​ដែលមាន​ទាំង​ការធ្វើ​ព្យុហយាត្រា​ផងដែរ​នោះ​។​

​នៅ​ចំ​មុខ​យោធា​ជាច្រើន​នាក់ ប្រមុខ​កំពូល​យោធា បាន​ផ្ញើ​សារ​ទាំង​វិជ្ជមាន​ផង និង​ក្រើនរម្លឹក​ផង​ទៅកាន់​រដ្ឋាភិបាល​ថ្មី​ដែលជា​រដ្ឋាភិបាល​ស៊ីវិល​ដំបូង​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​៥​ទសវត្សរ៍​ចុងក្រោយ ។ លោក មិន អ៊ុង​ឡាំង បាន​សង្កត់ធ្ងន់ថា យោធា នឹង​ការពារ​ប្រទេស ធានា​ពី​សន្តិសុខ​សាធារណៈ​និង ជំរុញ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​សម្រាប់​ដំំ​ណើ​រ​ការអភិវឌ្ឍន៍​ប្រទេស​។ ហើយ លោក​បន្ថែមថា លោក នឹងមិន​អនុញ្ញាត​ឲ្យ​មី​យ៉ាន់​ម៉ា​ដើរ​ថយក្រោយ​វិញ​ឡើយ​។

​ស្រប​ជាមួយនឹង​គ្នា​នោះដែរ លោក ក៏បាន​ក្រើនរម្លឹក និង​បញ្ជាក់​ពី​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​នៃ​ក្រុម​យោធា​នៅក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា​។ លោក ថា យោធា គឺមាន​តួនាទី​នាំមុខ​នៅក្នុង​នយោបាយ​ជាតិ ពោលគឺ​ក្រុម​យោធា នៅតែ​បន្ត​តួនាទី​ស្នូល​នៃ​កិច្ចការ​មី​យ៉ាន់​ម៉ា​។ លោក បាន​លើក​ពី​ឧបសគ្គ​ពីរ​នៃ​ដំណើរការ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​។ ទី​១​នោះ​គឺ កម្សោយ​នៃ​ការគោរព​បទបញ្ជា និង​ច្បាប់​។ ទី​២​នោះ​គឺ ក្រុម​ទាហាន​ឧទ្ទាម នៅតែ​បន្ត​កើតមាន​។

​ប្រមុខ​យោធា សង្កត់ធ្ងន់ថា «​ឧបសគ្គ​ទាំងពីរ​នេះហើយ ដែល​អាចធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រញ៉ែរ​ញ៉ៃ​។ ប្រសិនបើ​យើង​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​ហើយ នោះ​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ នឹង​ប្រព្រឹត្តឡើង​ដោយ​រលូន​»​។ ការលើកឡើង​នេះ បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ​ថា យោធា​មិនអាច​ស្ថិតក្រោម​អ្នកនយោបាយ​បានឡើយ​។​

​ហេតុអ្វី​យោធា​មាន​ឥទ្ធិពល​ម្ល៉េះ​ក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា​?

​គិត​ចាប់ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​១៩៦២ ពោលគឺ​រយៈពេល​៥​ទសវត្សរ៍​កន្លងទៅនេះ មី​យ៉ាន់​ម៉ា ត្រូវបាន​ដឹកនាំ​ដោយ​យោធា​។ គ្រប់​វិស័យ​ទាំងអស់​សុទ្ធសឹងតែ​កាន់កាប់​ដោយ​មេដឹកនាំ​យោធា​។ ការគ្រប់គ្រង​ប្រទេស​ដ៏​ច្រើន​ទសវត្សរ៍ រួម​ជាមួយនឹង​ភូមិសាស្ត្រ​នយោបាយ​ស្មុគស្មាញ​ផងដែរ​នោះ បាន​ជំរុញ​ឲ្យ​ក្រុម​យោធា ចាក់​ឬ​ស​អំណាច​ខ្លួន​ទៅក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា​យ៉ាងជ្រៅ​។ ភូមិសាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា សំដៅលើ​ភាព​ចម្រុះ​គ្នា​នៃ​ជាតិ​សាសន៍ និង​ក្រុម​ឧទ្ទាម​ដែល​យាយី និង​បង្កជម្លោះ​ដែល ទាមទារ​ឲ្យ​យោធា​ត្រូវ​សកម្ម​ដើម្បី​ទប់ទល់ និង​គ្រប់គ្រង​ស្ថានភាព​ក្នុងប្រទេស​ឲ្យ​មាន​សុវត្ថិភាព​។​

​ជាមួយគ្នានេះ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០០៨ ដែល​ធ្វើ​ដោយ​ក្រុម​យោធា បានផ្តល់​អំណាច​ឯករាជ្យ និង​ស្វ័យ​សម្រេច​ទៅ​ឲ្យ​យោធា​។ ជាពិសេស​នោះ គឺ​ការផ្តល់​អាសនៈ​២៥​ភាគរយ​ទៅ​ឲ្យ​យោធា​ដោយ ស្វ័យប្រវត្តិ ដែល​អាសនៈ​នេះហើយ ដែល​បាន​រារាំង​ម្ចាស់​ពានរង្វាន់​សន្តិភាព​ណូបែល និង​មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​បាន បើទោះបីជា​លោកស្រី ជា​មេបក្ស​ឈ្នះឆ្នោត​ក៏ដោយ​។​

​ជារួម ហេតុផល​សំខាន់​ដែល​ក្រុម​យោធា​លើកឡើង​ដើម្បី​រក្សា​ឥទ្ធិពល​នៅក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា នោះ​គឺ​មី​យ៉ាន់​ម៉ា មិនទាន់មាន​សន្តិសុខ​ពេញលេញ​នោះឡើយ​នោះទេ​។ ដូច្នេះ យោធា​ត្រូវតែមាន អំណាច​ដើម្បី​អាចឆ្លើយតប​ភ្លាមៗ​ជាមួយនឹង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ដែល​តែងតែ​ប៉ះទង្គិច​ជាមួយនឹង ក្រុម​រដ្ឋាភិបាល​ជារឿយៗ​ក្នុង​ការបំពេញ​មហិច្ឆតា​កាប់​កាន់​ទឹក​ដោយ​ស្វ័យភាព​នោះ​៕


Tag:
 មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com