អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សកម្មជន​កូរ៉េខាងត្បូង បង្ហោះ​ខិត្តប័ណ្ណ​តាម​ព្រំដែន ប្រឆាំង​លោក​គីម ជុង​អ៊ុន​
28, Mar 2016 , 4:47 pm        
រូបភាព
ដោយ:
 
​ខណៈពេល​នេះ បងប្អូន​កូរ៉េ​ទាំងពីរ កំពុងតែ​បង្ហាញ​សាច់ដុំ​ឌឺដង​ដាក់គ្នា​តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ ក៏ដូចជា​កំពុងតែ​ធ្វើសង្គ្រាម​ពាក្យសម្តី​ដោយ​គំរាម​កម្ទេច​គ្នា​ទៅវិញទៅមក​ផងដែរ​។ ស្រប ភាព​តានតឹង​នេះ ក្រុម​សកម្មជន​អភិរក្ស​កូរ៉េខាងត្បូង បាន​បង្ហោះ​ប៉េងប៉ោង​ដោយ​ភ្ជាប់​ជាមួយ នឹង​ខិ​ត្ត ប័ណ្ណ​ប្រឆាំង​កូរ៉េខាងជើង​តាម​ព្រំដែន​ទៀតផង​។​


​ក្រុម​សកម្មជន​កូរ៉េខាងត្បូង​ជាច្រើន​នាក់ នៅ​ថ្ងៃទី​២៨ ខែមីនា​នេះ បានធ្វើ​យុទ្ធនាការ​ប្រឆាំង​របប​ក្រុង ព្យុងយ៉ាង​តាមរយៈ​ការ​បង្ហោះ​ប៉េងប៉ោង​ដោយ​ចង​ខិត្តប័ណ្ណ​ប្រមាណ​១០​ម៉ឺន​សន្លឹក​ដែល​បានបញ្ជាក់ និង​រិះគន់​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន​នៅតាម​ព្រំដែន​។ សកម្មភាព​នេះ ត្រូវបាន​ធ្វើឡើង​ពីរដង​ហើយ​ក្នុង​រយៈពេល​ត្រឹម​បី​ថ្ងៃ​ចុងក្រោយ​តែប៉ុណ្ណោះ​។​
 
«​បាញ់​កម្ទេច​មនុស្ស​ឆ្កួត​នឹង​នុយក្លេអ៊ែរ គីម ជុង​អ៊ុន ឬ យើង ចង់បាន​ក្បាល​របស់លោក​គីម ជុង​អ៊ុន​»​។ ទាំងនេះ គឺជា​ពាក្យស្លោក​ដែល​ក្រុម​សកម្មជន​កូរ៉េខាងត្បូង បាន​សរសេរ​ក្នុង​ខិត្តប័ណ្ណ​ដែល​បាន​ស្រង់ ដោយ​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​បន្ថែម​ដែរ​ថា ក្រុម​សកម្មជន ក៏​គ្រោង​នឹង​បង្ហោះ​ខិត្តប័ណ្ណ​១០​លាន​សន្លឹក​បន្ថែមទៀត​នៅ​រយៈពេល​បី​ខែ​ខាងមុខ​។ 
 
​តាមពិតទៅ​សកម្មភាព​ទាំងនេះ ត្រូវបានធ្វើ​ឡើងជា​ញឹកញាប់​មកហើយ​។ តែ​លើក​នេះ ការ​បង្ហោះ​ខិត្តប័ណ្ណ គឺ​ស្រប​ជាមួយនឹង​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។ ហើយ​ប្រាកដ​ណាស់ មេដឹកនាំ​កំពូល កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ប្រហែលជា​ក្តៅក្រហាយ​មិនតិច​ទេ ដ្បិត​មេដឹកនាំ​កូរ៉េ​ទាំងពីរ​កំពុង ឌឺដង​ក្នុងការ​វាយកម្ទេច​គ្នា​ស្រាប់​ផងដែរ​នោះ​។ 
 
​នៅ​ថ្ងៃទី​២៦ ខែមីនា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​គំរាម​បាញ់​គ្រាប់ផ្លោង​ចម្ងាយ​ឆ្ងាយ​ទៅកាន់​ក្រុង​សេ​អ៊ូ​ល ប្រសិនបើ​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ផាក ហ្គឺ​ន​ហេ (Park Geun-hye) មិន​សុំ​អភ័យទោស និង​ដាក់ទោស​ចំពោះ​អ្នក​ដែល​បានរៀបចំ​គម្រោង​ផ្តួលរំលំ​របប​ដឹកនាំ​កូរ៉េខាងជើង ។ 
 
​ក្នុង​លិខិត​ព្រមាន​ដដែល​នោះ ក៏បាន​ទទូច​ឲ្យ​លោកស្រី​ផាក និង​រដ្ឋបាល​របស់លោក​ស្រី ដាក់ទោស​ជន​ទាំងឡាយណា​ដែល​រៀបចំ​ប្រតិបត្តិ​ការកម្ទេច​កូរ៉េខាងជើង និង​បញ្ចប់​ដោយ​គ្មាន​មេត្តា​។ ជាពិសេស​នោះ លិខិត​នោះ​ក៏បាន​បញ្ជាក់ដែរថា ប្រសិន​កូរ៉េខាងត្បូង មិន​ឆ្លើយតប​នឹង​ការទទូច​នោះទេ នោះ​គ្រាប់ផ្លោង​របស់​ទាហាន​កូរ៉េខាងជើង នឹង​ចេញ​សកម្មភាព​របស់ខ្លួន​ហើយ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កូរ៉េខាងជើង បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ និង ថែមទាំង​ព្រមាន​កម្ទេច​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ផាក ហ្គឺ​ន​ហេ​ម្តង​ហើយ​ម្តងទៀត​។ ហើយ​សកម្មភាព​របស់​កូរ៉េខាងជើង​ទាំងនេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​កូរ៉េ​ខា​ជើង ចោទថា​ជា​សកម្មភាព​បំផ្លាញ​សន្តិភាព​។​
 
​មួយវិញទៀត ការឈាន​មកដល់​ការដាក់​ឱសានវាទ​នៃ​ការសុំ​អភ័យទោស​របស់​កូរ៉េខាងជើង ធ្វើឡើង ក្រោយពី​កូរ៉េខាងត្បូង​ប្រតិកម្ម​តប​នឹង​ការ​គំរាម​កូរ៉េខាងជើង​ដោយ​វាយបក​ក្រុង​ព្យុងយ៉ាង​ដោយ​គ្មាន ក្តីមេត្តា​។ « ប្រសិនបើ​ក្រុង​ព្យុងយ៉ាង ធ្វើ​សកម្មភាព​បង្ករឿង​ណាមួយ កងទ័ព​កូរ៉េខាងត្បូង​នឹង​វាយបក​ភ្លាមៗ​និង គ្មាន​ក្តីមេត្តា​ឡើយ​។​» នេះ​គឺ​ការឆ្លើយតប​របស់​កូរ៉េខាងត្បូង​ដែល​ចេញ​ដោយ​ក្រសួង​រួបរួម​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​២៣ ខែមីនា​កន្លងទៅ​៕ 
 
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com