អន្តរជាតិ
តួកុន​កូរ៉េ​ក្នុង​រឿង Descendants of the Sun នឹង​ទៅ​ជួប​លោក​ប្រា​យុទ្ធ​នៅ​ថៃ​
29, Mar 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 

​តារាភាពយន្ត​កូរ៉េខាងត្បូង Song Joong-ki ដែលជា​តួឯក​ក្នុង​រឿង​ភាគ «Descendants of the Sun» នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ តាម​ការអញ្ជើញ​របស់​អាជ្ញាធរ​ទេសចរណ៍​ជាតិ​ថៃ (TAT)​។ តារា​សម្តែង​រូបនេះ នឹងមាន​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ដែលជា​អ្នកគាំទ្រ​រឿង «Descendants of the Sun» ដ៏​ស្មោះស្ម័គ្រ​ម្នាក់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Nation​។​

 
​ចាប់តាំងពី​ការចាក់​បញ្ចាំង​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​មក ភាពយន្ត​រឿង «Descendants of the Sun» បានទទួល​ភាពល្បីល្បាញ និង​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​កូរ៉េខាងត្បូង និង​ចិន រួមទាំង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី ដែល​ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សំណូមពរ​ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ​មើល​រឿង​ដែល​បង្ហាញ​ពី​វីរភាព​របស់​ទាហាន​ចំពោះ​ប្រទេសជាតិ​បែបនេះ​។​
 
​កាសែត The Nation បាន​អះអាងថា អាជ្ញាធរ​ទេសចរណ៍​ជាតិ​ថៃ (TAT) ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ទទួលបន្ទុក​ទេសចរណ៍​កូរ៉េ (KTO) បាន​ជួយ​សម្រួល​ឲ្យ​មាន​ជំនួប​រវាង​តារាភាពយន្ត Song Joong-ki និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នៅក្នុង​ប្រទេស​ថៃ​។​
 
​រឿង​ដែល​កំពុងមាន​ប្រជាប្រិយភាព និង​ទាក់ទាញ​លោក​ប្រា​យុទ្ធ យ៉ាងខ្លាំង​នេះ គឺ​និយាយ​ពី​ជីវិត​របស់​ទាហាន​ដែល​បំពេញបេសកកម្ម​សន្តិភាព​នៅក្នុង​ប្រទេស សិប្បនិម្មិត​មួយ ហើយ​នាយទាហាន​នៅក្នុង​សាច់រឿង​បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ដើម្បី មនុស្សជាតិ​។​
 
​ជាមួយគ្នានេះ​ផងដែរ ឧបនាយករដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​បញ្ជាក់ថា ទស្សនកិច្ច​របស់​តារាភាពយន្ត​កូរ៉េខាងត្បូង​នេះ​សប្តាហ៍​ខាងមុខនេះ នឹង​ជួយ​សម្រួល​ដល់​កិច្ចសហការ​របស់​អ្នកជំនាញ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ផលិតភាព​យន្ត​ដែលមាន​លក្ខណៈ​ស្នេហា​ជាតិ ខណៈ​ថៃ និង​កូរ៉េខាងត្បូង​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​៕
 
​អាន​អត្ថបទ​ដែល​ទាក់ទង​៖
 
http://www.thmeythmey.com/?page=detail&ctype=article&id=37800&lg=kh

Tag:
 Descendants of the Sun
© រក្សាសិទ្ធិដោយ thmeythmey.com