អន្តរជាតិ
រៀបចំ​ពិធី​ទទួល​សញ្ញាបត្រ​ក្រៅផ្លូវការ​ដើម្បី​ឲ្យ​ឪពុក​បានឃើញ​មុន​គាត់​លាចាក​លោក​
29, Mar 2016 , 9:59 am        
រូបភាព
ដោយ: ធីតា
 
​ដោយ​ដឹងថា​៤​ទៅ​៥​ថ្ងៃ​ទៀត ឪពុក​ត្រូវ​ទទួលមរណភាព​ដោយសារ​ជំងឺមហារីក​ឈាម​ដំណាក់កាល​ចុងក្រោយ នារី​វ័យក្មេង​ឈ្មោះ Bethany ដែល​រស់នៅក្នុង​រដ្ឋ Michigan បានរៀបចំ​ពិធី​ទទួល​សញ្ញាបត្រ​ក្រៅផ្លូវការ​មួយ​នៅក្បែរ​គ្រែ​របស់​ឪពុក ដោយមាន​វត្តមាន​ផងដែរ​ពី​គ្រូ​ប្រចាំ​សាលា​។​

 
Bethany អាយុ​១៨​ឆ្នាំ និង​អ្នកស្រី Melissa ដែលជា​ម្តាយ ដែល​រស់នៅ​ក្រុង Rockford រដ្ឋ Michigan បានសម្រេច​ចិត្ត​ស្នើសុំ​ទៅ​សាលា Rockford Public Schools ឲ្យ​រៀបចំ​ធ្វើ​សញ្ញាបត្រ​មុនពេល​កំណត់​ដល់ Bethany​។ ហេតុផល​សំខាន់​នោះ គឺ​អ្នក​ទាំងពីរ​ចង់​ឲ្យ​លោក Bob Chambers ដែលជា​ស្វាមី និង​ឪពុក បានឃើញ​ជា​លើកចុងក្រោយ​នូវ​ថ្ងៃ​ដ៏​ពិសេស​របស់​កូនស្រី មុនពេល​លោក​លាចាក​លោក​ទៅ​។​
 
​លោក Bob Chambers អាយុ​៥១​ឆ្នាំ ត្រូវបាន​ពិនិត្យឃើញថា មាន​ជំងឺមហារីក​ឈាម​កាលពី​ចំ​ឡុង​ខែមិថុនា ឆ្នាំ​២០១៥ ហើយ​ទើប​ឈានដល់​ដំណាក់កាល​ចុងក្រោយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​
 
​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ថ្នាក់​តំបន់ WoodTV លោក Bob ដែល​គេង​សន្ធឹង​លើ​គ្រែ​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ដឹងថា​និយាយ​យ៉ាងម៉េច​នោះឡើយ តែ​វា​មានន័យ​ខ្លាំងណាស់​សម្រាប់​ខ្ញុំ​»​។​
 
​ដំបូង​ឡើយ អ្នកស្រី Melissa និង Bethany ចង់​បានតែ​សន្លឹក​សញ្ញាបត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ខាង​សាលា​បាន​ឆ្លើយតប​វិញ​ថា ពួកគេ​ជួយ​រៀបចំ​ឲ្យ​លើសពីនេះ​។ គ្រាន់តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ុណ្ណោះ សាលា​បានរៀបចំ​សម្លៀកបំពាក់​ដល់ Bethany រួមទាំង​វត្តមាន​គ្រូបង្រៀន គ្រូបង្វឹក​នា​ពិធី​ចែក​សញ្ញាបត្រ​នៅក្បែរ​គ្រែ​របស់លោក Bob​។​
 
​លោក​បណ្ឌិត Mike Shibler ថ្នាក់ដឹកនាំ​ម្នាក់​របស់​សាលា Rockford Public Schools បាន​មានប្រសាសន៍ថា នេះ​ជា​ពេលវេលា​ដ៏​ល្អ​ក្នុង​ការរៀបចំ​ពិធី​សម្រាប់​គ្រួសារ​មួយ​នេះ​។ វា​ជា​អនុស្សាវរីយ៍​ចុងក្រោយ​របស់​បុរស​ម្នាក់​ក្នុង​ការមើល​ថ្ងៃ​ដ៏​ពិសេស​មួយ​របស់​កូន​។​
 
៤​ថ្ងៃ​ក្រោយមក ពោលគឺ​ចំ​ថ្ងៃអាទិត្យ ទី​២០ ខែមីនា លោក Bob បានទទួល​មរណភាព ដោយ​អ្នកស្រី Melissa បាន​អះអាងថា ស្វាមី​របស់ខ្លួន​ចាកចេញ​ទៅដោយ​សុខ​ស្ងប់​៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com