អន្តរជាតិ
ចិន ទទូច​ជប៉ុន​គិតគូរ​រឿង​ស្ថិរភាព​ក្នុង​តំបន់ ក្រោយ​ជប៉ុន​ដំឡើង​រ៉ា​ដា​ស៊ើបការណ៍​ក្បែរ​តំបន់​ជម្លោះ​
29, Mar 2016 , 5:25 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រួយបារម្ភ​ពី​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក្នុង​ការដំឡើង​ប្រព័ន្ធ​រ៉ា​ដា ស៊ើបការណ៍​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​កោះ​របស់​ចិន​ប៉ុន្មាន​នោះទេ​។ ជាមួយគ្នា​ក្រុង​ប៉េកាំង​សង្ឃឹមថា​សកម្ម ភាព​នោះ នឹង​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ​។



« ចិន មាន​គោលជំហរ​ច្បាស់លាស់ និង​មិន​ប្រែប្រួល​លើ​បញ្ហា​សមុទ្រ​ខាងកើត និង​បញ្ហា​កោះ Diaoyu ហើយ ចិន សង្ឃឹមថា ជប៉ុន អាចធ្វើ​សកម្មភាព​ច្រើន​ដែល​ជួយ​ធានា​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង តំបន់​»​។ នេះ​ជា​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Hong Lie នៅ​ថ្ងៃទី​២៨ ខែ មីនា ម្សិលមិញ ក្នុងឱកាស​នៃ​ការធ្វើ​សន្និសីទ​ប្រចាំថ្ងៃ​។​

​ការលើកឡើង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​ដែល​បញ្ជាក់ថា​ជប៉ុន បាន​ដំឡើង​ប្រព័ន្ធ​រ៉ា​ដា​ស៊ើបការណ៍​នៅលើ​កោះ Yonaguni​។ ប្រព័ន្ធ​រ៉ា​ដា​នោះ គឺជា​មូលដ្ឋាន​កងទ័ព​ស្វ័យការពារ ដែលមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ​១៥០​គីឡូ​ម៉ែត​ពី​កោះ Diaoyu នៃ​ប្រទេស​ចិន​តែប៉ុណ្ណោះ​។

​ជុំវិញ​បញ្ហា​នេះ ក្រសួងការពារជាតិ​ចិន បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ត្រូវ​ចាប់អារម្មណ៍​ពីស​កម្ម ភាព​នៃ​ការពង្រីក​ឥទ្ធិពល​យោធា​របស់​ជប៉ុន​ផងដែរ ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដកស្រង់​ចេញពី​សេចក្តីថ្លែងការណ៍​នៃ​ក្រសួង​នោះ ដែល​បាន​បន្ថែម​ដែរ​ថា  កោះ Diaoyu គឺ​ស្ថិតនៅក្នុង អធិបតេយ្យ​របស់​ចិន ហើយ ចិន​ពិតជា​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​បង្ករឿង របស់​ជប៉ុន​នៅក្បែរ​តំបន់​អធិបតេយ្យ​របស់ខ្លួន​។

​បើទោះបីជា ប្រព័ន្ធ​រ៉ា​ដា មិនបាន​បំពាក់​ទៅក្នុង​អធិបតេយ្យ​ចិន​ក៏ដោយ បញ្ហា​ដែល​ចិន ប្រតិកម្ម​ខ្លាំង​នោះ​គឺ ទីតាំង​បំពាក់​នោះ ស្ថិតនៅ​ក្បែរ​ទាំង​កោះ​ចិន និង​តំបន់​ជម្លោះ​រវាង​ចិន និង​ជប៉ុន​ទៀតផង​។ តំបន់​ជម្លោះ​នោះ​គឺ កោះ​ស៊ិន​កា​គុ ដែលជា​តំបន់​ជម្លោះ​សមុទ្រ​ខាងកើត​រវាង​ប្រទេស​ទាំងពីរ​ជាច្រើន ទសវត្សរ៍​មកហើយ​។

​សូមបញ្ជាក់​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ ចិន ហាក់ដូច​ជាមាន​បញ្ហា​ប្រឈម​នឹង​បណ្តា​ប្រទេស ជិតខាង​ច្រើន​ទាក់ទង​នឹង​ជម្លោះ​អធិបតេយ្យ​។ ហើយ​បញ្ហា​ទាំងនោះ រួមមាន​ជម្លោះ​សមុទ្រ​ខាងកើត ជាមួយនឹង​ជប៉ុន និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង តៃវ៉ាន់​៕


Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com