ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ក្រៅពី «​មិន​បី​» ប្រធានស្តីទី​បក្សប្រឆាំង​ប្រាប់​ពី​យុទ្ធសាស្ត្រ «​ធ្វើ​បី​»
30, Mar 2016 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​នា​វេទិកា​គណ​ប្រតិបត្តិ​សង្គ្រោះ​ជាតិ ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែមីនា នេះ ឯកឧត្តម កឹម សុខា បាន​បន្ត​ណែនាំ​ដល់​សកម្មជន​មូលដ្ឋាន​របស់ខ្លួន​ពី​យុទ្ធសាស្ត្រ «​មិន​បី​» និង «​ធ្វើ​បី​» សម្រាប់​ការត្រៀមខ្លួន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ។​

 
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​បញ្ជាក់ថា «​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​» មិនមែន​មានន័យថា សមាជិកសភា សមាជិក​ក្រុមប្រឹក្សា​ក្នុង​តំណែង​រដ្ឋ​ទាំងអស់​នៅ​ស្ងៀម​មិន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​នោះឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ អ្នក​ទាំងនោះ ត្រូវធ្វើ​ការ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​។​
 
​បន្ថែម​ពីលើ​នេះ ឯកឧត្តម កឹម សុខា បាន​ប្រាប់​ទៅ​មេដឹកនាំ​មូលដ្ឋាន​របស់ខ្លួន​ថា ដើម្បី​ទាក់ទាញ​ការគាំទ្រ សមាជិក​ក្រុមប្រឹក្សា​ក្នុង​តំណែង​ទាំងអស់ ត្រូវ​ចេះ​ឃោសនា ត្រូវ​ចេះ​និយាយ ឲ្យ​មាន​ដំណាក់កាល «​ធ្វើ​បី​» គឺ ធ្វើ​ឲ្យ​គេ​ស្គាល់ ធ្វើ​ឲ្យ​គេ​ជឿ និង ធ្វើ​ឲ្យ​គេ​ជួយ ។​
 
​ទាក់ទង​នឹង​យុទ្ធសាស្ត្រ «​មិន​បី​» គណបក្ស​សង្គ្រោះ​ជាតិ​នា​រយៈពេល​ចុងក្រោយ​នេះ បាន​តាំងចិត្ត​ធ្វើគរ ធ្វើ​ថ្លង់ មិន​ឆ្លើយតប​ទៅនឹង​សកម្មភាព​និស្សិត​ដែល​ដឹកនាំ​ដោយ​លោក ស្រី ចំរើន ដែល​ព្យាយាម​ទាមទារ​ការបកស្រាយ​ពី​ឯកឧត្តម កឹម សុខា ជុំវិញ​ខ្សែអាត់​ឆ្លើយឆ្លង​ស្នេហា​មួយ​ដែល​គេ​សង្ស័យថា​ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា និង​នារី​ម្នាក់​ឈ្មោះ មុំ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ប្រតិកម្ម បន្ទាប់ពី​ក្រុមនិស្សិត​បាន​យក​ទង់ អាវ និង​មួក​គណបក្ស​ដង្ហែរ​ពេញ​ផ្លូវ​កាលពី​ថ្ងៃ​ម្សិលមិញ​។ គណបក្ស​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស និង​រៀបចំ​ប្តឹងទៅ​តុលាការ​ប្រឆាំង​ក្រុមនិស្សិត​ដែល​បាន​យក​ទង់ អាវ និង​មួក​គណបក្ស​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការអនុញ្ញាត​៕
 

Tag:
 សង្គ្រោះ​ជាតិ​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com