ជាតិ
នយោបាយជាតិ
មេធាវី CNRP កំពុងរៀបចំពាក្យប្ដឹងហើយ តែលោក ស្រី ចំរើន ប្រកាសថា មិនភ័យខ្លាច មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា មេធាវីគណបក្សលោកកំពុងរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងលោក ស្រី ចំរើន ដែលបានដឹកនាំក្រុមអ្នកតវ៉ា ដោយក្លែងបន្លំអត្តសញ្ញាណគណបក្សខ្លួន។
លោក អេង ឆៃអ៊ាង បានបន្ថែមថា គណបក្សលោកមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាមួយយកសញ្ញារបស់គណបក្សប្រើប្រាស់ដោយគ្មានការអនុញ្ញាតឡើយ ដូច្នេះមេធាវីកំពុងសិក្សាលើករណីនេះ ដើម្បីដាក់ពាក្យប្ដឹងលោក ស្រី ចំរើន តែលោកមិនទាន់អាចបញ្ជាក់ពីពេលវេលាច្បាស់លាស់បាននៅឡើយទេ។
ថ្លែងចំពោះមុខអ្នកកាសែតនៅព្រឹកនេះអ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«យើងត្រូវប្ដឹងព្រោះយើងស្គាល់មេក្រុម ឯចំពោះអ្នកពាក់អ្នកកាន់ទង់យើងអត់ស្គាល់ទេ ដូចនេះធម្មតាកាលណាមានក្រុម មានមេក្រុម មេក្រុមត្រូវទទួលខុសត្រូវហើយ រឿងទាំងឡាយណាក៏ដោយ។ មេធាវីរបស់គណបក្សកំពុងតែរៀបចំសិក្សា»។
តំណាងក្រុមយុវជនលោក ស្រី ចំរើន ដែលតែងតែដើរដាក់ញត្តិទាមទារឲ្យឯកឧត្តម កឹម សុខា បកស្រាយរឿងអាស្រូវស្នេហានោះ បានបញ្ជាក់ថា លោកមិនមានការភ័យព្រួយ និងការប្ដឹងពីសំណាក់គណបក្សសង្គ្រោះជាតិឡើយ ដោយលោកស្វាគមន៍ចំពោះពាក្យបណ្ដឹងរបស់គណបក្សនេះ។ «ខ្ញុំឮហើយអស់សំណើច។ខ្ញុំមិនមែនជាអ្នកកាន់ទង់ ខ្ញុំមិនមែនអ្នកពាក់អាវគណបក្សសង្គ្រោះជាតិទេ។ តែអ្នកចូលរួមជាមួយខ្ញុំពួកគាត់ចង់ពាក់អាវ ចង់កាន់ទង់នេះ ហើយខ្ញុំក៏បានហាមដែរ ។ តែគណបក្សសង្គ្រោះជាតិមិនព្រមប្ដឹងអ្នកទាំងនោះ បែជាចង់មកប្ដឹងបុគ្គលទៅវិញ។ ក្រុមខ្ញុំគ្មានការភ័យព្រួយ ភ័យខ្លាចនឹងការប្ដឹងនេះទេ»។ នេះជាការបញ្ជាក់របស់លោក ស្រី ចំរើន។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសក្រុមនិស្សិត ស្រី ចំរើន ដែលបានយកទង់ អាវ និងមួកដែលមានសញ្ញាសម្គាល់របស់គណបក្សសង្គ្រោះជាតិទៅធ្វើសកម្មភាពអនាធិបតេយ្យនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ។ CNRP បានលើកឡើងថា នេះជាអំពើក្លែងបន្លំដោយចេតនាក្នុងបំណងបង្កាច់បង្ខូចកិត្តិយសគណបក្ស និងសមាជិកគណបក្សសង្គ្រោះជាតិ ហើយក៏ជាការរំលោភច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងក្រមព្រហ្មទណ្ឌ៕
© រក្សាសិទ្ធិដោយ thmeythmey.com