អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី ជាប់​លំដាប់​ទី​៣ ជា​មេដឹកនាំ​កំពូល​លើ​លោក​
02, Apr 2016 , 10:48 am        
រូបភាព
ប្រមុខ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ជាប់​លំដាប់​ទី​បី ជា​មេដឹកនាំ​កំពូល​លើ​ពិភពលោក ដែល​រៀបចំ​ដោយ​ទស្សនាវដ្ដី​FORTUNE​។ មេដឹកនាំ​វ័យ​៧០​ឆ្នាំ​រូបនេះ​ស្ថិតនៅ​លំដាប់​ពីក្រោយ​សេដ្ឋី​អា​ម៉ា​ហ្សូ​ន​លោក Jeff Bezos ដែល​ស្ថិត​លំដាប់​ទីមួយ និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ដែលមាន​លេខ​រៀង​ទី​ពីរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Asia Correspondence​ ។

 

​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ល្បី​ខាង​ប្រជាធិបតេយ្យ​នោះ បាន​ជាប់​លំដាប់​ទី​បី​ក្នុង​បញ្ជីមេ​ដឹកនាំ​កំពូល​លើ​ពិភពលោក​របស់​ទស្សនា​វ​ដ្ដី​FORTUNE​។ ជា​ប្រធាន​បក្ស​ឈ្នះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី ស្ថិត​នៅតែ​ក្រោយ​បុគ្គល​ពីររូប​ប៉ុណ្ណោះ​គឺ​លោក Jeff Bezos និង​លោកស្រី Angela Merkel ដែលមាន​ចំណាត់ថ្នាក់​ទីមួយ​និង​ទី​ពីរ​បន្តបន្ទាប់​គ្នា​។  

​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ លោកស្រី ស៊ូ​ជី ត្រូវបានគេទទួលស្គាល់​ចំពោះ​ការតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា ព្រោះ​លោកស្រី​បានជ្រើសរើស​ការរស់នៅ​ក្នុងប្រទេស ទោះជា​ស្ថិតក្រោម​ការឃុំ​ក្នុងផ្ទះ​ក៏ដោយ​។ ទស្សនាវដ្ដី FORTUNE ប្រដូច​លោកស្រី​ទៅនឹង​តំណក់ទឹក​ដែល​ហូរ​ផ្ដាច់​ផ្ទាំង​ថ្ម​នៃ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។​

​យ៉ាងណាមិញ រដ្ឋា​ធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បាន​រារាំង​លោកស្រី​ធ្វើជា​ប្រធានាធិបតី ទោះជា​លោកស្រី​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងចំណោម​ប្រជាជន​មី​យ៉ាន់​ម៉ា ហើយ​បក្ស​លោកស្រី​ឈ្នះឆ្នោត​ក៏ដោយ​។ ប៉ុន្តែ​លោកស្រី​មិនបាន​ប្រកាន់​ជំហរ​ដាច់ខាត​នឹង​រឿងនេះ​ទេ ហើយ​លោកស្រី និង​បក្ស​លោកស្រី សម្រេច​មិន​ប្រឈមមុខ​នឹង​ក្រុម​យោធា​ដោយសារ​បញ្ហា​នេះ​ទេ​។ លោកស្រី ស៊ូ​ជី ទំនងជា​ស្វែងរក​តំណែង​ផ្សេង​ជំនួស​វិញ ដែល​គេ​រំពឹងថា លោកស្រី​អាច​នឹង​កាន់តំណែង​រដ្ឋមន្ត្រីការបរទេស​របស់​មី​យ៉ាន់​ម៉ា​។     

​ជាមួយនឹង​ការចាត់​ចំណាត់​នេះ ទស្សនាវដ្ដី​ខាងលើ​ក៏​បញ្ជាក់ដែរថា លោកស្រី ស៊ូ​ជី​បានបង្ហាញ​រួចហើយ​ថា ភាពជា​អ្នកដឹកនាំ​របស់លោក​ស្រី គឺជា​កម្លាំង​ដ៏​ខ្លាំង​សម្រាប់​អំពើ​ល្អ​។ ប៉ុន្តែ​មាន​បញ្ហា​ជាច្រើន​ដែល​រងចាំ​ដំណោះស្រាយ​ដូចជា សេដ្ឋកិច្ច​ទន់ខ្សោយ​និង​ជម្លោះ​ក្រុម​ភាគតិច​ដែល​កំពុង​បន្ត​នៅឡើយ​។ មួយវិញទៀត ក្រៅពី​ការសរសើរ លោកស្រី ស៊ូ​ជី ក៏​រង​ការរិះគន់​ផងដែរ ជាពិសេស​ករណី​អំពើហិង្សា​និង​ការរើសអើង​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។  


​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​គេ​ចាត់ទុក​ជាការ​ប្រល័យពូជសាសន៍​។ ប៉ុន្តែ​ក្នុង​បទ​សម្ភាស​ជាមួយ BCC ក្នុង​ឆ្នាំ​២០១៣ លោកស្រី ស៊ូ​ជី បដិសេធថា នេះ​មិនមែន​ជាការ​បោសសម្អាត​ពូជសាសន៍​ទេ​។ 

​យ៉ាងណាក្ដី ទោះ​មានការ​រិះគន់​ខ្លះ​មកលើ​លោកស្រី ស៊ូ​ជី ក៏ដោយ ក៏​គេ​មិនអាច​ប្រកែក​បានទេ​ថា លោកស្រី​ជា​មេដឹកនាំ​អស្ចារ្យ​ម្នាក់ ដែលមាន​ប្រវត្តិ​តស៊ូ​នឹង​ការគាបសង្កត់ ដើម្បី​សេរីភាព​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងមូល​។ ការមិនអាច​កាន់តំណែង​ប
រធានាធិបតី​ក៏​មិនអាច​រារាំង​លោកស្រី បំរើប្រជាជន​លោកស្រី​បានដែរ​៕  


© រក្សាសិទ្ធិដោយ thmeythmey.com