អន្តរជាតិ
ទីក្រុង​ប៉េកាំង​ប្រឈមមុខ​នឹង​ការខ្វះ​ដី​សម្រាប់ធ្វើ​ម៉ុង​ខ្មោច​
03, Apr 2016 , 9:39 am        
រូបភាព
ជាមួយនឹង​ការសាងសង់​អាគារ​តូចធំ​ជា​បន្តបន្ទាប់ រដ្ឋធានី​ប៉េកាំង​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​មួយ​នោះ​គឺ​កង្វះ​ដី​សម្រាប់ធ្វើ​ម៉ុង​ខ្មោច​។ នេះ​បើ​យោងតាម​របាយការណ៍​ផែនការ​ថ្មី​មួយ​ដោយបាន​បញ្ជាក់ថា នឹងមិន​មានការ​សាងសង់​កន្លែង​បញ្ចុះ​សាកសព​បន្ថែម​ក្នុង​ទីក្រុង​ប៉េកាំង​ទៀត​នោះទេ​។​


​យោងតាម​ផែនការ​ថ្មី​របស់​ចិន  ការសាងសង់​កន្លែង​ក​ប់​ខ្មោច​បែប​ប្រពៃណី​ដើម្បី​បូជា​សាកសព នឹងមិន​មាន​ទៀត​ទេ ហើយ​ការជួល​ទីតាំង​បញ្ចុះសព​ដែលមាន​ស្រាប់​ក៏​មិន​បន្តទៀត​ដែរ លុះត្រា​មានការ​បញ្ជាក់​ណាមួយ​។ នេះ​ក៏​ដោយសារតែ​ជា​បណ្ដាលមកពី​ការឡើង​ថ្លៃ​ដី​នៅក្នុង​ទីក្រុង​ប៉េកាំង ដែល​តម្រូវ​ឲ្យ​មានការ​កាត់បន្ថយ​ការប្រើប្រាស់​មិនចាំបាច់​លើដី​ទាំងនោះ​។

​កន្លងមក ផ្នូរ​ភាគច្រើន​គឺ​ត្រូវបាន​ជួល​ក្នុង​កាលកំណត់​ណាមួយ​។ តែបើ​តាម​ផែនការ​ថ្មី គ្រួសារ​ណា​ដែល​ជ្រើសរើស​មិន​បន្ត​ការជួល​ផ្នូរ​សម្រាប់​សមាជិក​រប​ស់​ពួកគេ នឹង​ទទួលបាន​សំណង​ជា​ហិរញ្ញវត្ថុ​ជំនួស​វិញ​។ នេះ​មានន័យថា នឹង​មិនមាន​ទីតាំង​ក្នុង​ទីក្រុង​សម្រាប់​កប់​សាកសព​នៅ​ថ្ងៃ​អនាគត​ទេ​។   

​សូម​រម្លឹកថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ពលរដ្ឋ​ចិន​នឹង​ប្រារព្ធ​ពិធីបុណ្យ​ឆេង​ម៉េង​ប្រចាំឆ្នាំ (Qingming) ដែលជា​ទូទៅ​ត្រូវគេ​ហៅថា​ថ្ងៃ​សែន​ផ្នូរ ដើម្បី​ឧទ្ទិស​ដល់​បងប្អូន​ដូនតា​របស់​គ្រួសារ​នីមួយៗ​។ ជា​ប្រពៃណី ប្រជាជន​ចិន​តែ​បូជា​សាកសព​នៅមុន​ពេល​បញ្ចុះ ហើយ​នៅ​ចំពេល​បុណ្យ​ឆេង​ម៉េង​នេះ គេ​នឹង​សង្កេតឃើញ​កំណើន​នៃ​សកម្មភាព​បញ្ចុះសព​មិនខានឡើយ​។

​យ៉ាងណាមិញ បើតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV ដោយសារ​ការឡើង​ថ្លៃ​ដី​យ៉ាងគំហុគ​ក្នុង ក្រុង​ប៉េកាំង អាជ្ញាធរ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាជន ជ្រើសរើស​វិធី​ដែល​ល្អ​សម្រាប់​បរិស្ថាន ជាជាង​បញ្ចុះសព​នៅ​ផ្ទាល់​ដី​។ វិធីសាស្ត្រ​ទាំងនោះ​អាចជា ការបញ្ចុះ​សាកសព​ទៅក្នុង សមុទ្រ ឬក៏​បោះ​ធាតុ​ទៅលើ​ដី ឬក៏​ដាក់​ធាតុ​រួមគ្នា បន្ទាប់ពី​បូជា​រួចរាល់​។​

​បញ្ហា​នេះ អាច​នឹង​ប្រើប្រាស់​ពេលវេលា​វែង​ទៅមុខ ដើម្បី​កែ​ទម្លាប់​ប្រពៃណី​របស់​ប្រជាជន​ចិន​។ នេះ​ក៏​ព្រោះតែ វា​មិនមែនជា​រឿង​ងាយ​ទេ​ដែល​បង្ខំ​ប្រជាជន​ឲ្យ​លះបង់​ប្រពៃណី​បញ្ចុះសព​នៅ​ស្រុកកំណើត​របស់ខ្លួន​នោះ​៕  


Tag:
 ប៉េកាំង​
 ​ម៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com