អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុង​អ៊ុន រីករាយ​នឹង​ការបាញ់​សាកល្បង​គ្រាប់​រុក​កែ​ត​ប្រភេទ​ថ្មី​ដោយ​ជោគជ័យ​
03, Apr 2016 , 1:10 pm        
រូបភាព
បើទោះបីជា​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង មិនបាន​ថមថយ​សកម្មភាព​ខ្លួន​ឡើយ​។ បន្ថែម​ពីនេះ ក្រុង​ព្យុងយ៉ាង​បាន​ថែមទាំង បាញ់​រុក​កែ​ត​ប្រភេទ​ថ្មី​ម្តងទៀត បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្មីៗ​នេះ​។​





កូរ៉េខាងជើង បាន​បាញ់​រុក​កែ​ត​ប្រភេទ​ថ្មី​ប្រឆាំង​គ្រាប់​ក្នុង​អាកាស​ក្រោម​ការតាមដាន​ដោយផ្ទាល់​របស់លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA ដែល​បាន​រាយការណ៍​បន្ត​ដោយសារ​ព័ត៌មាន​ចិន People’s Daily កាលពី​ថ្ងៃទី​០២ ខែមេសា ម្សិលមិញ​នេះ​។​

រុក​កែ​ត បានសម្រេច​ទៅដល់​ទិសដៅ​នៃ​សត្រូវ​ក្នុង​ការបាញ់​សាកល្បង​នោះ ហើយ​មេដឹកនាំ​កំពូល​កូរ៉េ ខាងជើង គីម ជុង​អ៊ុន បាន​ក៏​សម្តែង​ការពេញចិត្ត​ចំពោះ​ការបាញ់​សាកល្បង​នោះដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ដកស្រង់​សម្តី​លោក គីម ដែរ​ថា ភាពជោគជ័យ​នៃ​ការបាញ់​សាកល្បង រុក​កែ​ត​ប្រភេទ​ថ្មី​នេះ បានបង្ហាញ​ពី​ការរីកលូតលាស់​ដ៏​រហ័ស​នៃ​សមត្ថភាព​យោធា​កូរ៉េខាងជើង​។​

ជុំវិញ​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង ស្ទើរតែ​ក្លាយទៅជា​រឿង​សាមញ្ញ​មួយ​ទៅហើយ​ក្នុង​ឧបទ្វីប កូរ៉េ​នោះ ដ្បិត កូរ៉េខាងជើង បានធ្វើ​សកម្មភាព​នេះ ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៅហើយ​។​

ថ្មីៗ​នេះ កូរ៉េខាងជើង ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ និង ថែមទាំង​ព្រមាន​កម្ទេច​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ផាក ហ្គឺ​ន​ហេ​ផងដែរ​។ ហើយ​សកម្មភាព​របស់​កូរ៉េខាងជើង​ទាំងនេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​កូរ៉េ​ខា​ជើង ចោទថា​ជា​សកម្មភាព​បំផ្លាញ​សន្តិភាព​។​

សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕


© រក្សាសិទ្ធិដោយ thmeythmey.com