អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន នឹងធ្វើ​ការ​ជាមួយ​អាមេរិក​ក្នុង​ទំនាក់ទំនង​ថ្មី​
03, Apr 2016 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
រយៈពេល​ចុងក្រោយ​នេះ ដោយសារតែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​វ៉ាស៊ីនតោន មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​នោះទេ​។ តែ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង អះអាងថា ចិន និង​អាមេរិក គួរ​ធ្វើការ​លើ​ជម្លោះ​ដែល​មិន​ដោះស្រាយ​ដាច់ស្រេច​នៅក្នុង​បរិបទ​បែប​ស្ថាបនា​ថ្មិ​ដើម្បី ជៀសវាង​ការយល់​ខុស និង​ធ្វើ​ឲ្យ​រឿង​កាន់តែ​ធំ​។


​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បានបញ្ជាក់​ជាថ្មី​ថា ចិន នឹង​សហការ​ជាមួយ​អាមេរិក​ក្នុង​ទំនាក់ ទំនង​ថ្មី នៃ​មហាអំណាច​ទាំងពីរ ដើម្បី​សម្រេច​នូវ​ទិសដៅ​មួយ​ដែល​អវត្តមាន​ជម្លោះ ឬ​ការប្រឈមមុខគ្នា និង​បង្ហាញ​ពី​ការគោរព​គ្នា​ទៅវិញទៅមក និង​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ដែលជា​គោលនយោបាយ​អាទិភាព​របស់​ចិន​។

ការលើកឡើង​របស់​ប្រធានាធិបតី​ស៊ី ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​ជាមួយនឹង​សម​ភាគី​របស់លោក គឺ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ាន នា​ក្រៅ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ​ក្នុង​ក្រុង​វ៉ា​ស៊ិន​តោន ដែល​ទើបតែ​បញ្ចប់​កាលពី​ថ្ងៃទី​០១ ខែមេសា កន្លងទៅ​។​

នាឱកាស​នោះដែរ លោក ស៊ី ក៏បាន​ថ្លែង​ដែរ​ថា ប្រទេស​ទាំងពីរ បាន​បន្ត​ការទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​លើ​បញ្ហា​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​អ៊ឺ​រ៉ង់ ស៊ី​រី អាហ្គានីស្ថាន និង​ប្រតិបត្តិ​រក្សា​សន្តិភាព ដែល​លោក​ចាត់ទុកថា នេះ​បង្ហាញ​ពី​សក្តានុពល​ដ៏​អស្ចារ្យ សម្រាប់​ការកសាង​ទំនាក់ទំនង​ថ្មី​នៃ​មហាអំណាច​ទាំងពីរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន People’s Daily ដែល​បាន​ដកស្រង់​សម្តី​លោក ស៊ី​ដែរ​ថា ចិន និង​អាមេរិក គួរតែ​បង្កើន​នូវ​ការជឿទុកចិត្ត​រវាង​ក​ង​ទ័ព​ទាំងពីរ ហើយ​ភាគី​ទាំងពីរ​ក៏​គួរតែ​យក​សន្តិសុខ តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផងដែរ​។​

ជាមួយគ្នានេះ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​សម្តែង​គំនិត​វិជ្ជមាន​លើ​កិច្ចសហប្រតិបត្តិការ​ប្រទេស​រវាង​ចិន និង​អាមេរិក ដោយ​ក្នុងនោះ​លោក បាន​សរសើរ​ពី​កម្មវិធី​នៃ​ការសិក្សា​ពី​សន្តិសុខ​នុយក្លេអ៊ែរ ដែល​បង្កើត​ដោយ​រដ្ឋាភិបាល​ទាំងពីរ​នៅក្នុង​ក្រុង​ប៉េកាំង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​លោក អូ​បា​ម៉ា​ដែលថា អាមេរិក ជឿជាក់ថា ប្រទេស​ទាំងពីរ​នឹង​អាច​សហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា ដោយ​រាប់បញ្ចូល​ទាំង​បញ្ហា​នុយក្លេអ៊ែរ​ផងដែរ​។​

យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​ដែនសមុទ្រ​វិញ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ថ្លែងថា ចិន នឹងមិន​ទទួលស្គាល់​រាល់​សកម្មភាព​បំភាន់​ភ្នែក នៃ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ទាំងឡាយណា​ដែល​បំពាន​អធិបតេយ្យ និង​បំផ្លាញ​សន្តិសុខ​របស់ខ្លួន​ឡើយ​។ នេះ​ក៏​អាច​មានន័យ​ដែលថា ចំពោះ​ចំណាត់ការ  និង​ប្រតិបត្តិការ​របស់់​អាមេរិក​ក្នុងការ​បញ្ជូន​នាវា​ល្បាត​មកកាន់​សមុទ្រ​ចិន​ខាងត្បូង គឺ​នៅតែ​ជា បញ្ហា​រសើប​រវាង​ប្រទេស​ទាំងពីរ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com