ជាតិ
​សាលា​អន្តរទ្វីប និង​បឋមសិក្សា​ទួលគោក​រួមគ្នា​ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​តាម​ដង​វិថី​
04, Apr 2016 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
 ​វិទ្យាស្ថាន និង​សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខា​ទួលគោក សហការ​ជាមួយ​សាលាបឋមសិក្សា​ទួលគោក បានរៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន​តាម​ដង​វិថី​មួយចំនួន​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ដើរ​រើស​សំរាម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា ពិសេស​គឺ​ប្អូនៗ​សិស្សានុសិស្ស​ប្រមាណ​ជាង​៨០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

 
​យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​ដែល​ប្រព្រឹត្ត​ទៅនេះ លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា និង​ប្អូនៗ​សិស្សានុសិស្ស​មាន​សកម្ម​ភាព​យ៉ាង​សស្រាក់សស្រាំ​ស្វាហាប់​ប្រដាប់​ដោយ​ដង្កៀប​ចាប់​សំរាម ថង់​ដាក់​សំរាម អំបោស និង​ពាក់​ស្រោមដៃ​នាំគ្នា​ដើរ​រើស​សំរាម​សម្អាត​បរិស្ថាន​នៅ​បរិវេណ​សាលាបឋមសិក្សា​ទួលគោក និង​នៅតាម​ផ្លូវ​២៨៩ ផ្លូវ​៥២៨ រួមទាំង​វិថី​មួយចំនួនទៀត​ក្រោម​ការដឹកនាំ​ដោយ​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង លោកនាយក លោកនាយ​ករង​សាលាបឋមសិក្សា​ទួលគោក និង​មានការ​ចូលរួម​គាំទ្រ​ពី​អាជ្ញាធរ​សង្កាត់​បឹងកក់​១​។ 
 
​លោក ធន សុភ័ក្ត្រ ប្រធាន​ចាងហ្វាង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ទួលគោក បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា យុទ្ធនាការ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួមចំណែក​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស ក៏ដូចជា​សាធារណជន​ទូទៅ​បាន​យល់ដឹង​បន្ថែម​ពី​វិធី​ងាយៗ​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ មាន​សណ្តាប់ធ្នាប់​ងាយស្រួល​ដល់​ការប្រមូល ផ្តល់នូវ​អនាម័យ​សុខភាព​រស់នៅ ទាំង​នៅ​លំនៅឋាន និង​ទីសាធារណៈ ពិសេស​គឺ​បំផុស​សា្មរ​តី​មហាជន​ដើម្បី​ចូលរួមចំណែក​លើ​កម្ពស់​សោភ័ណភាព​ទីក្រុង និង​ផ្តល់​ជា​គំរូ​ដ៏​ល្អ​ក្នុងការ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ទៅដល់​ប្អូនៗ​សិស្សានុសិស្ស ដែលជា​ទំពាំង​ស្នង​ឫស្សី​ទៅ​ថ្ងៃ​អនាគត​។ 
 
​លោក​បាន​បន្តថា  បរិស្ថាន​រស់នៅ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​របស់​យើង​គ្រប់គ្នា ក៏ដូចជា​សុខុមាលភាព​សាធារណៈ​។ បរិស្ថាន​ល្អ បង្ក​ភាពងាយស្រួល​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ សុខាភិបាល សេដ្ឋកិច្ច និង​សង្គម បញ្ហា​បរិស្ថាន​ទាមទារ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​យើង​គ្រប់ៗ​គ្នា ហើយ​ការរួមចំណែក​របស់​យើង​អស់​គ្នា​ពិតជា​កត្តាចាំបាច់​បំផុត​សម្រាប់​ពិភពលោក​ទាំងមូល​។ ផ្ទុយទៅវិញ ការបញ្ចេញចោល​នូវ​កាកសំណល់​គ្រប់​ប្រភេទ​ពាល​វាល​ពាសកាល​ទៅក្នុង​បរិស្ថាន​ធម្មជាតិ ដោយ​គ្មាន​ការ​ទុកដាក់​ឱ្យបាន​សមស្រប​នាំឱ្យ​បរិស្ថាន​ធម្មជាតិ​បាត់បង់​លក្ខណៈ​ដើម បាត់បង់​សោភ័ណភាព ភាពស្រស់​ត្រកាល  និង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​សង្គមជាតិ​៕ 
 
(​អត្ថបទ​សាលា​)
 
 

Tag:
 aii
© រក្សាសិទ្ធិដោយ thmeythmey.com