អន្តរជាតិ
លាក់​លុយ​នៅ​បរទេស​៖ លោក អង្គ វង្ស​វ​ឌ្ឍ​នា​, Poroshenko, ឈិន ឡុង​, Messi…?
04, Apr 2016 , 1:20 pm        
រូបភាព
​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់ ១១.៥ លាន​ឯកសារ​របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​វិធី​ដែល​មេដឹកនាំ​ពិភពលោក និង​មនុស្ស​ល្បី​សម្បូរ​ទ្រព្យ​ប្រើប្រាស់​លាក់​លុយ​របស់ខ្លួន​ដើម្បី​រួចផុត​ពី​ការបង់ពន្ធ​ជាដើម​។ ក្រុម​អ្នកនយោបាយ​ដែល​យកលុយ​លាក់​នៅក្រៅ​ប្រទេស​ទាំងនោះ​មាន​១២ នាក់​​កំពុង​ជា​ប្រមុខរដ្ឋ​និង​អតីត​ប្រមុខរដ្ឋ​ដែរ ហើយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​លោក អង្គ វង្ស​វ​ឌ្ឍ​នា ក៏​ស្ថិត​ក្នុងចំណោម​អ្នកនយោបាយ​ទាំងនោះ​ដែរ​។



​ថ្ងៃអាទិត្យ​ទី ៣​ខែមេសា ម្សិលមិញ​នេះ របាយការណ៍​សម្ងាត់​ដែលមាន​ចំនួន ១១.៥​លាន​ឯកសារ​ឈ្មោះ «​ឯកសារ​ប៉ា​ណា​ម៉ា​» របស់​ក្រុមហ៊ុន​មេធាវី​ដ៏​ធំ​មួយ​នៅ​ប៉ា​ណា​ម៉ា Mossack Fonseca​ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​អន្តរការី នោះបាន​បង្ហាញ​យ៉ាងច្បាស់​ពី​របៀប​លាក់​លុយ​របស់​មេដឹកនាំ​ពិភពលោក ក្រុមគ្រួសារ​មេដឹកនាំ​ទាំងនោះ រួមទាំង​តារា​ល្បីៗ​ដើម្បី​រួចផុត​ពី​ការបង់ពន្ធ និង​អាចពាក់ព័ន្ធ​បញ្ហា​លាង​លុយ និង​ពុករលួយ​ផងដែរ​។​



​សារព័ត៌មាន​អាឡឺម៉ង់ Sueddeutsche Zeitung ទទួលបាន​ឯកសារ​សម្ងាត់​នេះ​ពី​ប្រភព​អនាមិក ហើយ​ក្រោយមក​ខាង​ក្រុម​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ (International Consortium of Investigative Journalist) បាន​ចែកចាយ​ជាមួយ​បណ្តាសារ​ព័ត៌មាន​អន្តរជាតិ​ទូទាំង​ពិភពលោក​តែម្តង​។​

​បច្ចុប្បន្ននេះ ការស៊ើបអង្កេត​និង​សិក្សា​លម្អិត​ពាក់ព័ន្ធ​ឯកសារ​សម្ងាត់​ដែល​លេច​ធ្លាយ​នេះ​ត្រូវបាន​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ផ្សព្វផ្សាយ​ច្រើនជាង​១០០ ទូទាំង​ពិភពលោក​ផង​នោះ​។ អ្នកសារព័ត៌មាន​ច្រើនជាង​៣៧០​នាក់ មកពី ៧០ ប្រទេស​កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​បន្តទៀត​។​

​យ៉ាងណាក៏ដោយ ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​នេះ ជាការ​បែកធ្លាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុន​ឡើយ ហើយ​ករណីនេះ​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ក្រុម​អ្នកនយោបាយ​និង​មេដឹកនាំ​ពិភពលោក​ជាង ១៤០​នាក់ ហើយ​ក្នុងនោះ​មាន​ប្រមុខរដ្ឋ​និង​អតីត​ប្រមុខរដ្ឋ​ចំនួន ១២​នាក់​ផងដែរ​។​



​ក្នុងចំណោម​អ្នក​ទាំងនោះ​មានដូចជា លោក Deng Jiagui បងប្អូន​ថ្លៃ​លោក ប្រធានាធិបតី ស៊ី ជិន​ពីង​,​កូនប្រុស​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់​, រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​លោក អង្គ វង្ស​វ​ឌ្ឍ​នា​, កូន​នាយករដ្ឋមន្ត្រី ប៉ា​គី​ស្ថាន Nawaz Sharif , បងប្អូន​ប្រធានាធិបតី ស៊ី​រី បា​សា អាល់អាសាដ​, មនុស្ស​ជំនិត​លោក វ្ល៉ាឌី​មៀ ពូ​ទីន​, ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko , ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត , តួ​សម្តែង​ដ៏​ល្បី Jackie Chan  និង​កីឡាករ​បាល់ទាត់ Lionel Messi ផងដែរ​។​

​យោង​ឯកសារ​ដែល​ចុះផ្សាយ​ក្នុង គេហទំព័រ សមាគម​អ្នកសារព័ត៌មាន​សើ​ប​អង្កេត​អន្តរជាតិ ក្នុង​ខែឧសភា​ឆ្នាំ ២០០៧ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​មួយ​ក្នុងចំណោម​ម្ចាស់​ភាគហ៊ុន​ចំនួន ៥ នៃ​ក្រុមហ៊ុន British Virgin Islands ។ លោក​បាន​ចំណាយលុយ​ទិញ​ភាគហ៊ុន​ចំនួន ៥​ពាន់ ក្នុងតម្លៃ ៥​ពាន់​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​យ៉ាងណាមិញ​ឯកសារ​ដែល​លេច​ធ្លាយ​នេះ​មិនបាន​បង្ហាញ​ថា ក្រុមហ៊ុន Mossack Fonseca បាន​សិក្សា​និង​ត្រួតពិនិត្យ​ឲ្យ​បាន​លម្អិត​ពី​ប្រវត្តិ​រូបលោក អង្គ វង្ស​វ​ឌ្ឍ​នា​ដែលជា​អ្នកនយោបាយ​ឡើយ​។​

​បើតាម​សា្ថ​ប័ន សមាគម​អ្នកកាសែត​ស៊ើបអង្កេត​អន្តរជាតិ ក្រុមហ៊ុន​មេធាវី Panama ខាងលើ​មិនបាន​ធ្វើ តាម​នីតិវិធី​ដែល​កំណត់​ឡើយ​ចំពោះ​ការត្រួត​ពិនិត្យមើល​ពី​ប្រវត្តិរូប​អតិថិជន​របស់ខ្លួន ថា​តើ​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ឧក្រិដ្ឋកម្ម  ប្រព្រឹត្ត​អំពើពុករលួយ​នយោបាយ សកម្មភាព​លាងលុយកខ្វក់  និង​ដើម្បី​កាត់បន្ថយ​ឬ​រួច​ផុតពី​ការបង់ពន្ធ​ជាដើម​ឡើយ​។



​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  ក្រុមហ៊ុន Mossack Fonseca អះអាងថា​ខ្លួន​មិនដែល​ធ្លា​ប់រង​ការចោទប្រកាន់​កន្លងមក​ពាក់ព័ន្ធ​កំហុស​អ្វី​ឡើយ ហើយ​តំណាង​ស្ថាប័ន​នេះ​បាន​ចោទប្រកាន់ថា ការទម្លាយ​ឯកសារ​សម្ងាត់​នេះ​ជា​បទឧក្រិដ្ឋ ព្រោះ​វា​រំលោភ​លើ​សិទ្ធិ​បុគ្គល និង​សិទ្ធ​ឯកជន​របស់គេ​ថែមទៀត​។​

​ក្រុមហ៊ុន Mossack Fonseca ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ១៩៧៧ ហើយ​បច្ចុប្បន្ន​វា​មាន​ការិយាល័យ ៤០ ទូទាំង​ពិភពលោក ហើយ​ក្រុមហ៊ុន​នេះ​ជួយ ជនបរទេស​ឲ្យ​បង្កើត​ក្រុមហ៊ុន​មិន​ធ្វើ​ជំនួញ​តែមាន​ឈ្មោះ​ក្នុង​ទីផ្សារ​ភាគហ៊ុន (Shell Company) ដើម្បី​កាន់កាប់​មូលធនហិរញ្ញវត្ថុ តែ​គេ​លាក់​អត្តសញ្ញាណ​ម្ចាស់​មូលធន​ទាំងនោះ​៕


Tag:
 អង្គ វង្ស​វ​ឌ្ឍ​នា
  Panama papers
© រក្សាសិទ្ធិដោយ thmeythmey.com