អន្តរជាតិ
ក្រិ​ក​ប្រឹងប្រែង​សម្រេច​ជា​លើកចុងក្រោយ​លើ​ផែនការ​បញ្ជូន​មនុស្ស​ទៅ​ប្រទេស​ក្រិ​ក​វិញ​
05, Apr 2016 , 7:39 am        
រូបភាព
ដោយ: VOA
​នៅក្នុងពេល​តែ​ប៉ុន្មាន​ម៉ោង​នៅមុន​ការចាប់ផ្តើម​បញ្ជូន​ពួក​ជន​ចំណាកស្រុក​រាប់រយ​នាក់​ពី​កោះ Lesbos ក្រុមមន្ត្រី​ក្រិ​ក​មិនទាន់​សម្រេច​ចុងក្រោយបង្អស់ អំពី​ផែនការ​របស់​ពួកគេ​តាមរយៈ​កិច្ចព្រមព្រៀង​មួយ​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​តួ​ក​គី​ទេ​។​



​ពួក​សកម្មជន​នៅលើ​កោះ Lesbos បានគ្រោង​ធ្វើបាតុកម្ម​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅពេល​អាជ្ញាធរ​ក្រិ​ក ដោយមាន​ជំនួយ​ពី​ប៉ូលិស​ព្រំដែន​រាប់រយ​នាក់​មកពី​ប្រទេស​នានា​នៃ​សហភាព​អឺរ៉ុប​មានកំណត់​អមដំណើរ​ក្រុម​ជន​ចំណាកស្រុក​ពី​ជំរំ​ឃុំឃាំង​ជន​ចំណាកស្រុក Moria នៅ​ខាងក្រៅ​ក្រុង Mytilini ដែលជា​ក្រុង​ធំជាងគេ​នៃ​កោះ​នេះ​ទៅកាន់​កំពង់ផែ​មួយ​ដែល​នៅ​ទីនោះ នាវា​ចម្លង​នឹង​ដឹកជញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​តួ​ក​គី​វិញ​។​

​ជន​ចំណាកស្រុក​ដែលមាន​សញ្ជាតិ​ផ្សេងៗ​គ្នា បាន​ទៅដល់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ក្រិ​កដោយ​ខុសច្បាប់ ហើយ​បាន​ត្រូវ​ឃុំឃាំង នៅក្រោយ​អាជ្ញាធរ​យល់ថា ពួកគេ​គ្មាន​សិទ្ធិ​សុំ​ជ្រកកោន​ក្នុងប្រទេស​ក្រិ​ក​ទេ​។​

​មន្ត្រី​ដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រិ​ក និង​អង្គការ Frontex ដែលជា​ទីភ្នាក់ងារ​ខាង​ព្រំដែន​នៃ​សហភាព​អឺរ៉ុប បាន​ប្រាប់ឱ្យដឹង​អំពី​សេចក្តី​ល្អិតល្អន់​តែ​បន្តិចបន្តួច​អំពី​កិច្ចប្រតិបត្តិការ​នេះ​ដែល​បាន​នាំឱ្យមាន​ការខឹង​សម្បារ​ក្នុងចំណោម​សកម្មជន​ខាង​សិទ្ធិមនុស្ស និង​ពួក​អ្នក​និយម​នយោបាយ​ខាងឆ្វេង​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​ដែល​បាន​និយាយថា ការបញ្ជូន​ជន​ដែល​ជីវិត​ពួកគេ​អាចមាន​គ្រោះថ្នាក់​ក្នុងប្រទេស​តួ​ក​គី​ទៅវិញ អាច​ត្រូវ​សន្មត​ថា​ជា​អំពើ​ឃោរឃៅ​ខាង​មនុស្សធម៌​មួយ​។​

​នៅពេល​តិចជាង​២៤​ម៉ោង​នៅមុន​ការចាប់ផ្តើម​ការបញ្ជូន​ពួក​ជន​ចំណាកស្រុក​តាម​ការកំណត់ មន្ត្រី​ក្រិ​កបាន​និយាយថា ពួកគេ​មិនទាន់​សម្រេច​នៅឡើយ​ទេ​អំពី​ការ​ធ្វើតាម​ផែនការ​នេះ​បែបណា​ទេ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ជន​ច្រើន​នាក់​ក្នុង​បណ្តា​ពួក​ឆ្មាំ​ព្រំដែន និង​ពួក​អ្នកជំនាញការ​ជាង​២​ពាន់​នាក់​នៃ​សហភាព​អឺរ៉ុប​បាន​ទៅដល់​កោះ Lesbos កាលពី​ថ្ងៃអាទិត្យ ហើយ​ប្រុងប្រៀប​ស្រេច​ហើយ​ដើម្បី​ចាប់ផ្តើម​កិច្ចប្រតិបត្តិការ​នេះ​។​នៅក្នុង​កំពង់ផែ​ក្រុង Mytilini នាវា​ប្រដាប់អាវុធ​មួយគ្រឿង​នៃ​កងកម្លាំង​ព្រំដែន​អង់គ្លេស​បាន​ចត​នៅ​ជិត​ផែ​ដែល​នៅ​ទី​នោះគេ​រំពឹងថា​នាវា​ចម្លង​នឹង​ដឹក​ពួក​ជន​ចំណាកស្រុក​ចេញពី​ទីនោះ​។​

​ក៏ប៉ុន្តែ​ផែនការ​ទាំងនេះ​ហាក់ដូចជា​មិនទាន់​ចប់សព្វគ្រប់​ទេពី​ព្រោះ​ក្រុមមន្ត្រី​បាន​លាតត្រដាង​ឱ្យដឹង​អំពី​អ្វីដែល​ពួកគេ​និយាយថា​ជា​ឧបសគ្គ​មួយ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​គឺ​បរាជ័យ​របស់​ប្រទេស​តួ​ក​គី​ក្នុងការ​បញ្ឈប់​លំហូរ​ពួក​ជន​ចំណាកស្រុក​ដូចដែល​ប្រទេស​នេះ​បាន​សន្យាថា​ធ្វើ​តាមរយៈ​កិច្ចព្រមព្រៀង​នោះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com