អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាសាដ ចង់​មានឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​អ្នក​ដែល​រក្សា​ប្រទេស​ស៊ី​រី​?
04, Apr 2016 , 4:49 pm        
រូបភាព
«​បើសិន​ស៊ី​រី​ដួលរលំ និង​មាន​ភាពចលាចល តំបន់​ទាំងមូល​នឹងរង​ផលប៉ះពាល់​ជាក់​ជាមិនខាន តែ​ខ្ញុំ​បានសម្រេច​ជោគជ័យ​ក្នុងការ​ការពារ​ស៊ី​រី​មិន​ឲ្យ​ដួលរលំ​។ នេះ​ជា​មូលហេតុ​ខ្ញុំ​ចង់​មានឈ្មោះ​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ »​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រុស្ស៊ី Sputnik​។



  លោក មុំ ពិទូរ្យ​ លម្អិតព័ត៌មាននេះ


 
​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ បាន​ថ្លែងថា​លោក​ចង់​មានឈ្មោះ​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​រី ក្នុងនាម​ជា​បុរស​រដ្ឋ​ដែល​រក្សា​មិន​ឲ្យ​ស៊ី​រី ដួលរលំ​ក្រោយ​ឆ្លងកាត់​សង្គ្រាមស៊ីវិល​អស់​រាប់​ឆ្នាំ​មកនេះ​។ ហើយ​លោក​ក៏​ជឿជាក់​ផងដែរ​ថា លោក​ជាម​នុស្ស​ដែល​បាន​ថែរក្សា​តំបន់​ទាំងមូល​មិន​ឲ្យ​ធ្លាក់ចូល​ក្នុងស្ថានភាព​ចលាចល​ខ្លាំង​។​
 
​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​រុស្ស៊ី Sputnik លោក អាសាដ បាន​ពន្យល់ថា បើសិនជា ជា​ស៊ី​រី​ដួលរលំ​មែន ភាពចលាចល​នឹង​កើតឡើង ហើយ​វា​ប្រាកដ​ណាស់​ថា តំបន់​ទាំងមូល​នឹងរង​ផលប៉ះពាល​ខ្លាំង​មិន​ខាន​។ តែ​លោក​សង្កត់ធ្ងន់ថា លោក​សម្រេច​ជោគជ័យ​ក្នុងការ​រក្សា​មិន​ឲ្យ​ស៊ី​រី​ដួលរលំ បែកបាក់​ខ្ចាត់ខ្ចាយ​។ 
 
​លោក បា​សា អាល់ អាសាដ បាន​ព្យាយាម​ពន្យល់ថា លោក​បាន​ប្រឹងប្រែង​ដឹកនាំ​ប្រទេស​ក្នុង​កាលៈទេសៈ​គ្រោះអាសន្ន រង​ការឈ្លានពាន​ពី​ក្រៅ​ផង និង​ត្រូវ​ប្រឈម​មុខជា​មួយក្រុម​ភេរវជន​ផង​។ ហើយ​សង្គ្រាម​រយៈពេល ៥ ឆ្នាំ​មកនេះ បាន​បង្ក​វិនាសកម្ម​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​ស៊ី​រី ហើយ​បង្ក​ការលំបាក​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុងការ​ដឹកនាំ​។​
 
​ស្របពេល​ជាមួយគ្នា​នោះ លោក អាសាដ ក៏​សង្ឃឹមថា ក្រោយពេល​បញ្ចប់​វិបត្តិ​បច្ចុប្បន្ន សង្គម​ស៊ី​រីនឹង​ស្គាល់​ការអភិវឌ្ឍ ហើយ​ការផ្លាស់ប្តូរ​ដោយ​ភាព​វិជ្ជមាន​មួយ​នឹង​កើតមានឡើង​ជាក់​ជាមិនខាន​។ ប៉ុន្តែ​ការកសាង​សន្តិភាព​នៅ​ស៊ី​រី​ហាក់ដូចជា​ផុយស្រួយ​នៅឡើយ ព្រោះ​មិនទាន់មាន​ដំណោះស្រាយ​នយោបាយ​ត្រូវបាន​ភាគី​បង្កើតឡើង​នៅឡើយ​ទេ​។​
 
​បច្ចុប្បន្ននេះ ការប្រយុទ្ធ​គ្នា​រវាង​ភាគី​ជម្លោះ​បាន​ស្ងប់ស្ងាត់​ខ្លះ ក្រោយ​ពេលដែល​បទ​ឈប់​បាញ់​ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ រុស្ស៊ី និង​អាមេរិក​នោះបាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ ២៧ ខែកុម្ភៈ​កន្លងទៅ​។​ចំណែក​ការចរចា​សន្តិភាព​ជុំ​ទី​១ នៅ​ហ្សឺ​ណែវ បានបញ្ចប់​កាលពី​ចុងខែ​មីនា ហើយ​ក្រុម​ភាគី​ពាក់ព័ន្ធ​ប្រហែលជា​នឹង​ចាប់ផ្តើម​ចរចា​ឡើងវិញ នៅ​ថ្ងៃ​១០ ខែមេសា​ខាងមុខ​ដែរ​។​
 
​រឿងចម្រូងចម្រាស​បច្ចុប្បន្ន​សម្រាប់​ដំណោះស្រាយ  ក្រៅពី​សំណើរ​ទាមទារ​ឲ្យ អាសាដ ចុះ​ចេញពី​តំណែង មានការ​ជជែក​ដេញដោល​រឿង​បង្កើត​រដ្ឋ​សហព័ន្ធ​ស៊ី​រី​ដើម្បី​បញ្ចប់​វិបត្តិ​ផងដែរ​។​
 
​កន្លងមក​លោក​អាសាដ បាន​ជំទាស់​រាល់​គំនិត​បង្កើត​រដ្ឋ​សហព័ន្ធ​នៅក្នុង​ទឹកដី​ស៊ី​រី​ព្រោះ​វា​ធ្វើ​ឲ្យ​មានការ​បែកខ្ញែក​គ្នា តែ​លោក​យល់ឃើញថា រដ្ឋ​តូច​ដូចជា​ស៊ី​រី​នេះ​អាច​ដើរ​តាម​ប្រព័ន្ធ​វិមជ្ឈការ ដោយ​បង្កើត​ឲ្យ​មានការ​ផ្ទេរអំណាច​ទៅ​រដ្ឋបាល​មូលដ្ឋាន​បាន​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com