ពីនេះ ពីនោះ
មួយឆ្នាំ​សំពះ​ពុក​ម៉ែ​ម្ដង កូន​ធ្វើ​មិនបាន​ទេ​ឬ​?
12, Apr 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យជាតិ​ដ៏​សំខាន់​សម្រាប់​កូន​ខ្មែរ មានឱកាស​បាន​ជួបជុំ​ក្រុមគ្រួសារ ជាពិសេស​បាន​ជួប​មុខ​លោកឪពុក​អ្នក​ម្ដាយ​។ កូន​កតញ្ញូ កូន​ដែលមាន​កតវេទី​គេ​មិន​ខ្មាស់អៀន គេ​មិន​លំបាក​ក្នុងការ​លើ​ដៃ​ទាំងពីរ​របស់ខ្លួន​ដើម្បី​ក្រាប​សំពះ​ចំពោះមុខ​ឪពុកម្ដាយ​។ ប៉ុន្តែ​កូន​ពាល ការលើកដៃ​ទាំងពី​សំពះ​អ្នកមានគុណ​គឺ​ធ្ងន់​ជាង​លើ​ដំ​ថ្មរ​ទៅទៀត​។​



​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កូន​បែក​ពី​ម្ដាយ ពី​ឪពុក ធ្វើ​ឲ្យ​លោក​ព្រួយ​លោក​បារម្ភ​ស្ទើ​រៀងរាលថ្ងៃ សង្ឃឹម​ក្នុង​ចិត្ត​កូន​មាន​សុខ​ភាពល្អ គ្មាន​រឿងរ៉ាវ​អពមង្គល​ណាមួយ​ចូលមក​យាយី​ភាពសុខសាន្ត​របស់​កូនប្រុស​ស្រី​របស់លោក​។ មួយវិញទៀត​លោក​ទន្ទឹង​រងចាំ​ជួប​មុខ​កូន រំពឹងថា​នៅពេល​បាន​ជួប​មុខ​កូន គឺ​បានឃើញ​កូន​ដែល​ប្រកបដោយ​គន្លង​ធម៌ មាន​សីលធម៌​រស់នៅ​ល្អ មាន​គុណធម៌​ក្នុងនាម​ជាម​នុស្ស ចេះ​គោរព​ចាស់ទុំ ពាក្យសម្ដី​ពិ​រោះ​ពិសារ ចេះ​ស្ដាប់​ពាក្យសម្ដី​ដែល​លោក​បាន​ទូន្មាន និង​មាន​គេ​រាប់អាន​ច្រើន​ពី​មនុស្ស​នៅក្នុង​សង្គម​។ ប៉ុន្តែ​អ្វីដែល​លោក​រំពឹង​ពេលខ្លះ​មិនអាច​ទទួលបាន​តាម​បំណង ព្រោះតែ​កូន​ខ្វះ​ខាត់​នូវ​សន្ដាន​ជា​មនុស្ស​ល្អ តែងតែ​ចូលចិត្ត​រាប់រក​ទង្វើ​ជា​បិសាច ផឹកស៊ី ស្រវឹង ឡូឡា ឈ្លោះទាស់ទែង​គ្នា​រវាង​បង​និង​ប្អូន ជាមួយ​មនុស្ស​នៅក្នុង​សង្គម​ដែល​ធ្វើ​ឲ្យ​លោក​កាន់តែ​ពិបាកចិត្ត​បន្ថែមទៀត​។

​រឿង​មួយ​ដែល​កាន់តែ​សំខាន់​ទៅទៀត​នោះ គឺ​ហេតុអ្វី​បានជា​កូនប្រុស​ស្រី​ទាំងឡាយ​មិនអាច​លើកដៃ​ទាំងពីរ​មក​សំពះ​លោកឪពុក​អ្នក​ម្ដាយ​? តើ​គ្រាន់តែ​សំពះ​បង្ហាញ​ពី​ចិត្ត​គោរព​ស្រឡាញ់ ចំពោះ​លោក កូនៗ​មិនអាច​ធ្វើ​បានទេ​? ព្រោះ​ការសំពះ​បង្ហាញ​ពី​សេចក្ដី​គោរព ចំពោះ​លោក​ទាំងពីរ​។ ចូល​កូនប្រុស​ស្រី​ទាំងឡាយ​កុំ​ធ្ងន់​ដៃ បើ​គ្រាន់តែ​លើក​សំពះ​មនុស្ស​ដែល​បានផ្ដល់​កំណើត​ឲ្យ​ខ្លួន ចិញ្ចឹម​បីបាច់​ខ្លួន ហើយ​ហ៊ាន​និយាយ​ការពិត​ចំពោះ​កំហុសឆ្គង​របស់ខ្លួន​ដែល​ធ្លាប់បាន​ធ្វើទៅ​លោក​កន្លងមក​។ ចូល​អ្នក​ពិចារណា​រាល់​ពាក្យពេចន៍​ដែល​អ្នក​បាន​និយាយ​ទៅកាន់​លោក​ទាំងពីរ អារម្មណ៍​ដែល​ធ្លាប់​មើលងាយ​ទៅលើ​គុណោបការៈ​របស់លោក​ទាំងពីរ​ចំពោះ​អ្នក មក​ញញឹម​និង​ផ្ដល់​ក្ដីសង្ឃឹម​ជូន​លោក​ទាំងពីរ​វិញ​។​

​ពេលវេលា​នៃ​ជីវិត​របស់លោក គឺ​កាន់តែ​វិ​វដ្ត​ន៍​ទៅមុខ ការដង្ហោយហៅ​នៃ​ធម្មជាតិ​ក៏​កាន់តែ​ខិត​មក​ជិត ទៅតាម​អាយុកាល​របស់លោក​។ ដូច្នេះហើយ វា​ល្មម​ដល់ពេល​វេលា ដែល​កូនៗ​ទាំងឡាយ​ចេះ​ស្វែងយល់​ពី​ច្បាប់ធម្មជាតិ ងាក់​មក​សម្លឹងមុខ​អ្នកមានគុណ​របស់ខ្លួន ថា ការប្រែប្រួល​ស្បែក អាយុ និង​សុខភាព​របស់លោក​ខុសប្លែក​បែបណា​ហើយ​? បើសិនជា​អ្នកមានគុណ​របស់ខ្លួន​មាន​ភាពខុសប្លែក ចូលធ្វើ​ខ្លួន​ជា​កូន​ដែល​ឧត្ដម ហើយ​តប់ស្នង​គុណ​ទៅ​លោក​ទាំង​ទ្វេរ​តាម​ដែល​ខ្លួន​អាចធ្វើ​បាន​។ មិនតែប៉ុណ្ណោះ​កិរិយា​ដ៏​ឧត្ដម​គួរ​ណាស់​កូនប្រុស​ស្រី​នាំគ្នា​ប្រតិ​ប​ត្ត​ចំពោះ លោកអ្នក​មានគុណ​ឲ្យ​បានល្អ​ប្រសើរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com