អន្តរជាតិ
លោក អូ​បា​ម៉ា អាច​នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​
04, Apr 2016 , 8:19 pm        
រូបភាព
​នៅ​ថ្ងៃ​១១ ខែមេសា​ខាងមុខនេះ ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី នឹង​ទស្សនកិច្ច​នៅ​ទីកន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ លោក ឃែ​រី នឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដំបូង​ដែល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​ជប៉ុន​ដែល​ស្លាប់​ក្នុងការ​វាយប្រហារ​គ្រាប់​បរមាណូ​អំឡុង​សង្គ្រាមលោកលើកទី​២​នេះ​។ ហើយ​គេ​រំពឹងថា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ក៏​នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងនោះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ខែឧសភា​ខាងមុខ​ដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Fumio Kishida បានបញ្ជាក់​នៅ​ចុង​សប្តាហ៍​កន្លងទៅ​ថា រដ្ឋមន្ត្រីការបរទេស​នៃ​ក្រុម​ប្រទេស ៧ នឹង​នាំគ្នា​ទៅ​ទស្សនកិច្ច​សារមន្ទីរ​រំលឹក​ដល់​សន្តិភាព ហ៊ី​រ៉ូ​ស៊ី​ម៉ា នៅ​ថ្ងៃ ១១​ខែមេសា​ខាងមុខនេះ​។ រដ្ឋមន្ត្រី​ទាំងអស់​នឹងដាក់​បាច់ផ្កា​ឧទ្ទិស​ដល់​បណ្តាជន​រងគ្រោះ​ដែល​ស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់បែកបរមាណូ​។​

​ក្នុងចំណោម​រដ្ឋមន្ត្រីការបរទេស​ទាំង ៧​នាក់​នោះ មាន​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី ផងដែរ ហើយ​លោក​ក្លាយជា​ប្រមុខ​ការទូត​អាមេរិក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​ជប៉ុន​។​

​យោងតាម​សម្តី​របស់​ប្រមុខ​ការទូត​ជប៉ុន​ខាងលើ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​របស់​មន្ត្រីជាន់ខ្ពស់​ក្រុម​ប្រទេស​៧​នេះ ធ្វើឡើង​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​៧ ដែល​រៀបចំឡើង​ដើម្បី​កំណត់​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ប្រទេស​៧ នៅ​ខែឧសភា​ខាងមុខ​នេះដែរ​។​

​បច្ចុប្បន្ននេះ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​កំពុងតែ​ពិចារណា​រក​ពេលវេលា​សមស្រប​សម្រាប់​រៀ​ប​ចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ទីកន្លែង​ប្រវត្តិសាស្ត្រ​សង្គ្រាម​នេះ​។ បើសិន​មាន​ទស្សនកិច្ច​មែន ប្រហែល​វា​នឹងត្រូវ​រៀបចំឡើង​ក្នុងពេលដែល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស ៧ នៅ​ជប៉ុន​ក្នុង​ខែឧសភា​ខាងមុខ​។

​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​អាមេរិក​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ហើយ​វា​ក៏​ឥរិយាបថ​មួយ​ដែល​បញ្ជាក់ថា​អាមេរិក​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​។ ក្នុង​ឆ្នាំ ១៩៤៥ គ្រាប់​បរមាណូ​ដំបូង​បំផុត​ត្រូវបាន​ទម្លាក់​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដោយ​សម្លាប់​មនុស្ស​អស់​ប្រហែល ១៤​ម៉ឺន​នាក់ ហើយ​៣​ថ្ងៃ​ក្រោយមក​អាមេរិក​ទម្លាក់​គ្រាប់បែក​មួយ​គ្រាប់​ទៀត​លើ​ទីក្រុង​ណា​ហ្កា​សា​គី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ជាង​៧​ម៉ឺន​នាក់​។ តាំងពី​ពេលនោះ​មក រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​មិនដែល​ទទួលស្គាល់​និង​សូម​អភ័យទោស​ចំពោះ​ការបង្កើត​សោកនាដកម្ម​នេះឡើយ​។​

​កន្លងមក​មាន​មន្ត្រីជាន់ខ្ពស់​អាមេរិក​មួ​យ​ចំនួន​ដែរ បាន​អញ្ជើញ​ទៅ​កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ នេះ​។ កាលពី​ឆ្នាំ ២០០៨ មន្ត្រី​អាមេរិក​ជាន់ខ្ពស់​បំផុត​របស់​អាមេរិក ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​គឺប្រធាន​សភា​លោកស្រី​Nancy Pelosi ។ ហើយ​ដល់​ឆ្នាំមុន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន Caroline Kennedy និង​អនុរដ្ឋមន្ត្រី​អាមេរិក​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ និង​សន្តិសុខ​អន្តរជាតិ​លោកស្រី Rose Gottemoeller បាន​ក្នុង​រួម​ក្នុង​ខួប​លើក​ទី​៧០ នៃ​ការទម្លាក់​គ្រាប់​បរមាណូ​របស់​អាមេរិក​លើ​ប្រទេស​ជប៉ុន​ផងដែរ​។​

​តាំងពីដើម​មក រដ្ឋាភិបាល​ជប៉ុន​បាន​អំពាវនាវ​ឲ្យ​បណ្តា​មេដឹកនាំ​ពិភពលោក​ទៅ​ទស្សនកិច្ច ហ៊ី​រ៉ូ​ស៊ី​ម៉ា និង ណា​ហ្កា​សា​គី ដើម្បី​មើល​ឲ្យ​ឃើញច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង និង​សោកនាដកម្ម​ដែល​មិនអាច​បំភ្លេចបាន​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​។ ជប៉ុន​ចង់​ឲ្យ​គ្រប់គ្នា​ដឹង​និង​យល់​ឲ្យ​ច្បាស់​ពី​គ្រោះមហន្តរាយ​ដែល​បង្កដោយ​អាវុធ​ប្រល័យ​លោក​នេះ ហើយ​ជំរុញ​ឲ្យ​ពិភពលោក​បញ្ចប់​ការ​សាយ​ភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com