អន្តរជាតិ
អាមេរិក​ថា ការបំពាក់​សម្ភារ​យោធា​ការពារ​ផលប្រយោជន៍​ស៊ីវិល​របស់​ចិន មិនគួរ​ធ្វើ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​
04, Apr 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​នៅក្នុង​តំបន់ ដែលមាន​ការប្រឈមមុខ​គ្នា​រវាង​ចិន ភាគី​ជម្លោះ និង​អាមេរិក រដ្ឋ​ខាងក្រៅ​ដែល​ចិន ចោទថា​កំពុងតែ​បង្កបញ្ហា​តាមរយៈ​សកម្ម ភាព​ក្នុង​តំបន់​ជម្លោះ​នោះ​។ តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​ពន្យល់ និង​បញ្ជាក់​ជាថ្មី​ហើយ​ថា​សកម្មភាព​របស់​អាមេរិក គឺ​ស្របច្បាប់​អន្តរជាតិ ហើយ​អាមេរិក បានធ្វើ​ជាច្រើន​ទសវត្ស​រ៍ហើយ​។​



​លោកស្រី Colin Willett ភារធារី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​ពី​ការ​ព្រួយ បារម្ភ​ចំពោះ​សកម្មភាព​ប៉ុន្មាន​ខែ​ចុងក្រោយ​របស់​ចិន​ក្នុង​ការបន្ត​វាតទី និង​ការដាក់​ពង្រាយ​យោធា​នា ពេលខាងមុខ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ភាគី​ទាមទារ​ក្នុង​តំបន់​ជម្លោះ​មិនអាច​ប្រជែង​ជាមួយ​នោះ​។

​ការលើកឡើង​នេះ ធ្វើឡើង​នាឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​តាមរយៈ​ទូរ​សព្ទ​ស្តីពី​ជម្លោះ​អធិបតេយ្យ និង​ដែនសមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពី​ក្រុង​វ៉ាស៊ីនតោន​កាលពី​សបា្តហ៍​មុន​។​

​លោកស្រី Colin Willett បាន​ក៏​អះអាង​ដែលថា អាមេរិក បាន​ជួប​សន្ទនា​ដោយផ្ទាល់​ជាមួយនឹង​ចិន ហើយ​ការអះអាង​របស់​ចិន គឺ​សំណង់​យោធា​ដែល​ស្ថិតនៅក្នុង​តំបន់​នោះ ជា​សកម្មភាព​ស៊ីវិល និង​ដើម្បី​បម្រើ ផលប្រយោជន៍​ស៊ីវិល​តែប៉ុណ្ណោះ​។ លោកស្រី ថា​អាមេរិក មិន​ត្រូវការ​ប្រភេទ​នៃ​សំណង់​ទាំងនោះ​ដើម្បី​ការពារ​ជន​ស៊ីវិល និង​ជំនួយ​សម្រាប់​ការនេសាទ ឬ​គ្រប់គ្រង​អាកាសធាតុ​ឡើយ​។​

​សូម​រំលឹក​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ អាមេរិក និង​ចិន ហាក់ដូច​ជាមាន​ភាព​តានតឹង​នឹង​គ្នាច្រើន ជាពិសេស​នោះ ភាគី​ទាំងពីរ ក៏បាន​ចោទ​ដាក់គ្នា​ថា​កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង​។ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន ថា​ចិន កំពុងតែ​រៀបចំ​បំពាក់​សម្ភារ​យោធា ខណៈ ចិន ចោទ​សកម្មភាព​នៃ​បញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ទម្លាប់​គ្រាប់​អាមេរិក​ក្នុង​តំបន់​ជម្លោះ​នោះ​ថា ជា​សកម្មភាព​យោធា​និង​រំខាន​ស្ថិរភាព​ក្នុង​តំបន់​។​

​យ៉ាងណាក៏ដោយ នា​សន្និសីទ​សារព័ត៌មាន​នោះ លោកស្រី Colin Willett បាន​សង្កត់ធ្ងន់ថា គ្រប់​ប្រតិបត្តិការ​របស់​អាមេរិក​មិនថាតែ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ជាស​កល​នោះទេ គឺ​សុទ្ធសឹងតែ​ធ្វើឡើង​ក្រោម​ច្បាប់​អន្តរជាតិ ហើយ អាមេរិក ក៏​ទទួលស្គាល់​ពី​សិទ្ធិ​នៃ​ប្រទេស​ទាំងអស់​ក្នុងការ​អនុវត្ត​សេរីភាព​ស្មើគ្នា​ផងដែរ​។​

​ជាមួយគ្នានេះ លោកស្រី ក៏បាន​បន្ថែម​ដែរ​ថា អាមេរិក បាន​ប្រតិបត្តិការ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាច្រើន​ទសវត្សរ៍​មកហើយ​ដើម្បី​ការពារ​សិទ្ធិ​ទាំងនោះ ហើយ វា ពិតជា​ពិបាក​នឹង​យល់​ដែរ​ថា​ប្រតិបត្តិការ​របស់​អាមេរិក ត្រូវ​ចាត់ទុកថា​ជា​យោ​ធូប​នីយកម្ម ខណៈ​តំបន់​ទាមទារ​ដែលមាន​ពង្រាយ​យោធា​នោះ មាន​ភាព​តានតឹង​ស្រាប់​ហើយ​នោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​ភាគី​ពាក់ព័ន្ធ​អាស៊ាន រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ជាមួយនឹង​ចិន​។ ចិន ជា​ភាគី​តែមួយគត់​ដែល​បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយយោង​តាម​អំណះអំណាង​ប្រវត្តិសាស្ត្រ ខណៈ រដ្ឋ​អាស៊ាន ទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា​នោះដែរ​ដោយយោង​តាមច្បាប់​អន្តរជាតិ​៕


Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com