អន្តរជាតិ
លោកស្រី​ស៊ូ​ជី បោះបង់​តំណែង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ចំនួន​ពីរ​វិញ​ហើយ​
04, Apr 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បោះបង់​តំណែង ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពីរ​ក្នុងចំណោម​ក្រសួង​ទាំង​បួន​ដែល​លោកស្រី​ទើបតែ​ស្បថ​ចូលកាន់​តំណែង​កាលពី សបា្តហ៍​មុន​។ តែ​មូលហេតុ​ច្បាស់លាស់​នៃ​ការបោះបង់​នោះ មិនទាន់​ត្រូវបាន​បកស្រាយ​នោះទេ​។​



​ប្រធានសភា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា លោក Mahn Win Khaing Than នៅ​ថ្ងៃទី​០៤ ខែមេសា​នេះ បានប្រកាសថា​ប្រធានាធិបតី Htin Kyaw បានតែងតាំង​លោក Myo Thein Gyi និង Pe Zin Tun សម្រាប់​តំណែង​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​រដ្ឋមន្ត្រី​អ​គិ្គ​ស​នី និង​ថាមពល ដែលជា​តំណែង​របស់​លោកស្រី ស៊ូ​ជី ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​។ នេះ​បើ​យោងតាម​សារព័ត៌មាន Irrawaddy ។

​សូមបញ្ជាក់​ផងដែរ នៅ​ថ្ងៃទី​៣០ ខែមីនា កន្លង លោក Mann Win Khaing Than ក៏បាន​អនុម័ត និង​ប្រកាស​ជា​ផ្លូវការ​នូវ​តំណែង​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​លោកស្រី ត្រូវ​ក្លាយ រដ្ឋមន្ត្រីការបរទេស​ថ្មី និង​ដឹកនាំ​ក្រសួង​បី​បន្ថែមទៀត​រួមមាន​ក្រសួង​នៃ​ការិយាល័យ​ប្រ​ធានា​ធីប​តី ក្រសួង​អប់រំ និង​ក្រសួង​អគ្គិសនី និង​ថាមពល​ផងដែរ​។​

​យ៉ាងណាក៏ដោយ លោកស្រី ស៊ូ​ជី បាន​បោះបង់​នូវ​តំណែង​ពីរ​ហើយ ពោល​គឺជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ និង​ក្រសួង​អគ្គិសនី និង​ថាមពល ជាមួយនឹង​អវត្តមាន​នៃ​ហេតុផល​ច្បាស់លាស់​។ តែ​អ្វីដែល​គួរកត់សម្គាល់​នោះ ការបោះបង់​របស់លោក​ស្រី ស្រប​ជាមួយនឹង​ការអនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​ស្នើ​ដោយ​បក្ស​កាន់អំណាច​ដើម្បី​សុំ​តែងតាំង​លោកស្រី ស៊ូ​ជី ជាទី​ប្រឹក្សា​កំពូល​រដ្ឋ ដែល​សេចក្តីព្រាងច្បាប់​នោះ ក៏​កំពុងតែ​ប្រឈម​នឹង​ភាពចម្រូងចម្រាស​ជាមួយនឹង​សមាជិកសភា​តំណាង​ក្រុម​យោធា​៕ 


Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com