អន្តរជាតិ
លោក ហូ​ឡង់​ អរគុណ​ចំពោះការទម្លាយ​​ឯក​សារ ហើយ​សន្យាបើក​ការស៊ើប​អង្កេត​
04, Apr 2016 , 9:58 pm        
រូបភាព
លោក​ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់
លោក​ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់
ដោយ: រួបរួម
ការ​បែកធ្លាយ​ឯកសារ​សម្ងាត់ «Panama Papers» របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា​ «Mossack Fonseca»​ ដែល​ ទាក់ទងនឹងវិធី​ដែល​មេដឹកនាំ​ពិភពលោក និង​មនុស្ស​ល្បី​ សម្បូរ​ទ្រព្យ​ប្រើប្រាស់​លាក់​លុយ​​ដើម្បី​រួចផុត​ពី​ការបង់ពន្ធ​ជាដើម​នោះ ត្រូវបាន​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស្វ័រ ហូឡង់ ចាត់ទុក​ថា ជា​បច្ច័យ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ស៊ើបអង្កេត។



យោងតាម​ការផ្សាយ​របស់​កាសែត​​ Le Figaro លោកប្រធានាធិបតី​បារាំងហ្វ្រង់ស្វ័រ ហូឡង់ បាន​សម្តែង​ការរីក​រាយ​ចំពោះ​ដំណឹង​បែក​ធ្លាយ​ឯកសារគេចពន្ធ។ លោក​បាន​លើក​ឡើងថា ឯកសារ «#PanamaPapers» បាន​ជួយ​ដល់​រដ្ឋាភិបាល​បារាំង​បើក​ការស៊ើប​អង្កេត​លើ​ការគេចពន្ធ និងការអនុវត្តនីតិវិធីច្បាប់។

ថ្ងៃអាទិត្យ​ទី ៣​ខែមេសា របាយការណ៍​សម្ងាត់​ដែលមាន​ចំនួន ១១.៥​លាន​ឯកសារ​ឈ្មោះ «​ឯកសារ​ប៉ា​ណា​ម៉ា​» របស់​ក្រុមហ៊ុន​មេធាវី​ដ៏​ធំ​មួយ​នៅ​ប៉ា​ណា​ម៉ា «Mossack Fonseca​» ដែល​ត្រូវបាន​គេ​ចាត់ទុកជា​អន្តរការី នោះបាន​បង្ហាញ​យ៉ាងច្បាស់​ពី​របៀប​លាក់​លុយ​របស់​មេដឹកនាំ​ពិភពលោក ក្រុមគ្រួសារ​មេដឹកនាំ​ទាំងនោះ រួមទាំង​តារា​ល្បីៗ​ដើម្បី​រួចផុត​ពី​ការបង់ពន្ធ និង​អាចពាក់ព័ន្ធ​បញ្ហា​លាង​លុយ និង​ពុករលួយ​ផងដែរ​។​

ការលេចធ្លាយ​ឯកសារសម្ងាត់ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រនេះ បង្ហាញ​ថា ក្រុម​អ្នកនយោបាយ​និង​មេដឹកនាំ​ពិភពលោក​ជាង ១៤០​នាក់ ហើយ​ក្នុងនោះ​មាន​ប្រមុខរដ្ឋ​និង​អតីត​ប្រមុខរដ្ឋ​ចំនួន ១២​នាក់​ផងដែរ​។ ជន​ជាតិ​បារាំងដែលមានឈ្មោះ​ក្នុង​បញ្ជី​រួមមាន​ដូច​ជា លោក Michel Platini ​ប្រធានសហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអឺរ៉ុប​ដែល​កំពុង​ជាប់ពិន័យ លោក Jérome Valcke អតីតអគ្គលេខាធិការសហព័ន្ធ​កីឡាបាល់ទាត់អន្តរជាតិ លោក Jérome Cahuzac អតីត​រដ្ឋមន្ត្រី​ក្រសួងថវិការ  លោក Patrick Drahi ប្រធាន​ក្រុមហ៊ុន Numericable-SFR រួមទាំងអ្នក​ជំនិត​របស់អតីត​ប្រធានាធីបតី​ លោក Nicolas Sarkozy ដែល​ក្នុងនោះមាន​លោក Ziad Takieddine, Patrick Balkany R Arnaud Claude ជាដើម។


លោក ហ្វ្រ​ង់ស្វ័​រ ហូឡង់ បា​នអះ​អាងថា៖ «រាល់ព័ត៌មានទាំងអស់នឹង​បំភ្លឺផ្លូវ​សម្រាប់​ការ​ស៊ើបអង្កេត​លើ​សេវាបង់​ពន្ធ និង​នីតិវិធី​ច្បា​ប់ផ្សេង​ៗ»។ លោក​បាន​សម្តែងការអរគុណចំពោះ​ការទម្លាយ​ឯកសារ​សម្ងាត់ «Panama Papers» នេះ៕





Tag:
 Panama papers
© រក្សាសិទ្ធិដោយ thmeythmey.com