អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាជ្ញាធរ​ក្រិ​ក​ចាប់ផ្តើម​បញ្ជូន​ជនភៀសខ្លួន​ចេញទៅ​តួ​ក​គី​វិញ​
05, Apr 2016 , 7:30 am        
រូបភាព
​អាជ្ញាធរ​ក្រិ​ក​បានសម្រេច​បញ្ជូន​ជនភៀសខ្លួន​ចេញពី​កោះ Lesbos ទៅកាន់​ប្រទេស​តួ​ក​គី ដោយ​ការបញ្ជូន​ជនភៀសខ្លួន​នេះ​ធ្វើឡើង​ក្រោម​គម្រោង​របស់​សហភាព​អឺរ៉ុប​ទប់ស្កាត់​ជនភៀសខ្លួន​ហូរ​ចូល​អឺរ៉ុប​។ ការបញ្ជូន​ចេញ​លើក​ទី​១ នេះ​មាន​ជនភៀសខ្លួន​សរុប​ប្រហែល ២០០​នាក់ ហើយ​តួ​ក​គី​បានប្រកាសថា​ខ្លួន​អាច​ទទួលយក​ជនភៀសខ្លួន​ពី ៤០០ ទៅ ៥០០​នាក់​។ 


​ជនភៀសខ្លួន​ជាង​២០០​នាក់​ត្រូវបាន​បញ្ជូន ចេញទៅ​តាម​ទូក​ដោ​យម​ន្ត្រី​ប៉ូលិស​ក្រិ​ក​ទៅកាន់​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ ទី​៤​មេសា ម្សិលមិញ​នេះ​។ ការបញ្ជូន​ជនភៀសខ្លួន​ចេញពី​ក្រិច​នេះ​ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប​បាន​ចុះ​ជាមួយ​តួ​ក​គី​ដើម្បី​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​ចូលមក​កាន់​តំបន់​អឺរ៉ុប​។ ហើយ​គ្រាន់តែ​មុន​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​មួយថ្ងៃ ជនភៀសខ្លួន​ប្រហែលជា ៥០០​នាក់​បានធ្វើ​ដំណើរ​មក​ដល់​ឆ្នេ​សមុទ្រ​ក្រិ​ក​។ 

​បើតាម​សារព័ត៌មាន Al Jazeera ជនភៀសខ្លួន​ទាំងនោះ​បាន​ស្នាក់នៅ​កោះ Lesbos  និង​កោះ Chios មុន​ត្រូវគេ​បញ្ជូន​ចេញទៅ​កាន់​ប្រទេស​តួ​ក​គី​។ ចំណែក​អាជ្ញាធរ​តួ​ក​គី​ឯណោះ​វិញ​បាន​អះអាងថា ខ្លួន​អាច​ទទួលយក​ជនភៀសខ្លួន​បាន​ចន្លោះ​ពី ៤០០ ទៅ ៥០០​នាក់​ដែរ​។ ក្នុងចំណោម​មនុស្ស ជាង ២០០​នាក់​នោះ មាន​១៣៦​នាក់​ចេញពី​កោះ Lesbos និង ៦៦​នាក់​ផ្សេងទៀត​ចេញពី​កោះ Chios ។ 
 
​អភិបាលខេត្ត Izmir បានបញ្ជាក់​ម្សិលមិញ​ថា ទូក​ចំនួន ៣ ដែល​ដឹក​ជនភៀសខ្លួន​ចំនួន​២០២ នាក់​នោះបាន​មកដល់​ខេត្ត​របស់លោក​ហើយ ប៉ុន្តែ​ក្នុងចំណោម​ជនភៀសខ្លួន​ទាំងនោះ​មិនមាន​ជនជាតិ​ស៊ី​រី​ឡើយ​។ តែ​យ៉ាងណាក៏ដោយ​មុន​មានការ​បញ្ជូន​ជនភៀសខ្លួន​ទៅនោះ មន្ត្រី​រដ្ឋាភិបាល​ក្រិ​កបាន​អះអាងថា ក្នុងចំណោម​អ្នក​ដែល​ត្រូវបញ្ជូន​ទៅកាន់​តួ​ក​គី​នោះ​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំងអស់ តែមាន​ពីរ​នាក់​ស្ម័គ្រចិត្ត​ទៅជា​មួយ​គេ​នោះ​មកពី​ស៊ី​រី​។​
 
​ក្រោម​កិច្ចព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប​ចុះ​ជាមួយ​តួ​ក​គី​នេះ រាល់​ជនអន្តោប្រវេសន៍​ទាំងអស់​មកដល់​ប្រទេស​ក្រិ​ក​ក្រោយ​ចាក​ចេញពី​តួ​ក​គី​រាប់​ចាប់ពី​ថ្ងៃ ២០​ខែមីនា​នឹង​ប្រឈមមុខ​ការបញ្ជូន​ត្រលប់​ទៅវិញ​។ អាច​និយាយថា រាល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងឡាយ នឹងមិន​ត្រូវបាន​អឺរ៉ុប​ទទួល​ស្វាគមន៍​ដូច​មុន​ឡើយ ហើយ​ពួកគេ​នឹងត្រូវ​ត្រលប់​ទៅ​ទីកន្លែង​ដែល​ខ្លួន​បាន​ចាក​ចេញមក​នោះដែរ​។​
 
​យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​ដែលមាន​ការអនុវត្ត​វិធានការ​តឹង​រ៉ឺ​ង ដោយ​បញ្ជូន​ជនភៀសខ្លួន​ចេញពី​អឺរ៉ុប​ទៅ​រស់នៅ​តួ​ក​គី​វិញ​នោះ​រង​ការចោទប្រកាន់​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស​កន្លងមក​។ គេ​អះអាងថា អឺរ៉ុប​កំពុង​យករួចខ្លួន ដោយ​ចុះ​កិច្ចព្រមព្រៀង​អាក្រក់​មួយ​ជាមួយ​តួ​ក​គី ព្រោះ​ជនភៀសខ្លួន​ទាំងនោះ​នឹង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ពេល​ស្នាក់នៅ​តួ​ក​គី​។

អង្គការ​លើកលែងទោស​អន្តរជាតិ​លើកឡើងថា​ថា  គ្មាន​ឡើយ​ការការពារ​ខ្លួន​ត្រឹមត្រូវ​សម្រាប់​ជន​ភៀស​ខ្លូន​នៅ​ទួ​ក​គី ហើយ​ការអនុវត្ត​ច្បាប់​ការពារ​សិទ្ធិសេរីភាព​របស់​ជន​ភៀសខ្លួន​នៅ​តួ​ក​គី​ក៏​អាក្រក់​ទៀត​។ តែ បើ​មើល​ស្ថានភាព​ជាក់ស្តែង សហភាព​អឺរ៉ុប​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើបែបនេះ​ដែរ  ព្រោះ​ជនភៀសខ្លួន​ដែល​សម្រុក​មកកាន់​តំបន់​អឺរ៉ុប​នោះ​វា​ច្រើន​លើសលុប និង​លើស​បន្ទុក​សម្រាប់​រដ្ឋ​អឺរ៉ុប​ទទួលខុសត្រូវ​៕

© រក្សាសិទ្ធិដោយ thmeythmey.com