អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជម្លោះ Nagorno-Karabakh៖ អា​ស៊ែ​បៃ​ហ្ស​ង់​គំរាម​ប្រើ​មី​ស៊ី​ល​កម្ទេច​រដ្ឋធានី Hankendi
05, Apr 2016 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ព្រមាន​ថា​នឹង​បាញ់​មី​ស៊ី​ល​កម្ទេច​រដ្ឋធានី Hankendi នៃ​តំបន់​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួនឯង  Nagorno-Karabakh បើសិនជា​ទ័ព​អា​មេ​នី​មិន​ព្រម​បញ្ឈប់​ការវាយប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ​លើ​ទឹកដី​របស់​ខ្លូន​ទៀត​។ ជម្លោះ​ប្រដាប់អាវុធ​រវាង​ភាគី​ទាំងពីរ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អា​ស៊ែ​បៃ​ហ្ស​ង់​ក៏​ប្រកាសថា​ខ្លួន​បាន​កម្ទេច​ទីបញ្ជាការ មូលដ្ឋានទ័ព​អា​មេ​នីមួយ​កន្លែង​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik ។



​ជម្លោះ​ប្រដាប់អាវុធ​រវាង​អា​ស៊ែ​បៃ​ហ្ស​ង់ និង អា​មេ​នី​កាន់តែ​ធ្ងន់ធ្ងរ ដោយ​ភាគី​បន្ត​ប្រយុទ្ធ​គ្នា​ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​។ ចំណែក​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​គំរាមថា នឹង​បាញ់​មី​ស៊ី​ល​កម្ទេច​រដ្ឋធានី Hankendi នៃ​តំបន់​ប្រកាស​ផ្តាច់ខ្លួន សាធារណរដ្ឋ Nagorno-Karabakh នៅ​ថ្ងៃ​អង្គា​នេះដែរ​។​
 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អា​ស៊ែ​បៃ​ហ្ស​ង់ Vagif Dargahl បាន​អះអាងថា  កងទ័ព​អា​មេ​នី​បាន​បន្ត​វាយប្រហារ​នៅតាម​តំបន់​ភាគ​ឦសាន និង​ភាគ​អាគ្នេយ៍​នៃ​តំបន់ Nagorno-Karabakh ដែល​ជាប់​ប្រទេស​ទាំងពីរ​។ ហើយ​ស្ថានភាព​ជារួម​មិនមាន​ថមថយ​បន្តិច​សោះ តែ​កាន់តែ​ក្តៅ​និង​តានតឹង​ឡើង​។​
 
​អ្នកនាំពាក្យ​ខាងលើ​បាន​បន្តថា​៖« យើង​ព្រមាន​ជាមុន​ឲ្យ​ហើយ ប្រសិនបើ​ការវាយប្រហារ​លើ​លំនៅដ្ឋាន​ប្រជាជន​នៅតាម​បន្ទាត់​ព្រំដែន Karabakh ដែល​ភ្ជាប់​ប្រទេស​ទាំងពីរ រដ្ឋមន្ត្រី​ការពារជាតិ​បានដាក់​បទបញ្ជា​រួចហើយ​ថា ឲ្យ​កងទ័ព​ត្រៀមខ្លួន​ដើម្បី​ប្រើប្រាស់​មី​ស៊ី​ល​វាយកម្ទេច​លើ​រដ្ឋធានី Hankendi »​។ 
 
​អ្នកនាំពាក្យ​ខាងលើ​បាន​បន្តថា គ្រាន់តែ​ក្នុង​រយៈពេល ២៤​ម៉ោង កងទ័ព​អា​មេ​នី​បាន​វាយប្រហារ​ដោយ​ប្រើប្រាស់​គ្រាប់​ប្រភេទ ៦០,៨២ និង ១២០ មី​លី​ម៉ែត្រ រួមជាមួយ​ការ​គប់​គ្រាប់បែក​លើ​ទីតាំង​កងទ័ព និង​លំនៅ​ប្រជាជន​ចំនួន​ចំនួន​១២០​ដង​​ក្រៅពី​ចោទ​ព្រមាន និង ចោទប្រកាន់ ហើយ​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់​នោះ​ក៏បាន​ប្រកាស​ផងដែរ​ថា​ខ្លួន​បាន​កម្ទេច​ទីបញ្ជាការ​កណ្តាល​មូលដ្ឋានទ័ព​អា​មេ​នី​ដែល​ស្ថិតនៅក្នុង​ទឹកដី Nagorno-Karabakh​។ បើតាម​សេចក្តីប្រកាស​ក្រសួងការពារជាតិ​អា​ស៊ែ​បៃ​ហ្ស​ង់ កងទ័ព​ខ្លួន​បាន​កម្ទេច​សម្ភារៈ​យោធា​របស់​កងទ័ព​អាមេរិក​ចំនួន ២០ និង​សម្លាប់​ទ័ព​អា​មេ​នី​ប្រហែល ៧០​នាក់​។ តែ​អា​ស៊ែ​បៃ​ហ្ស​ង់​ក៏​បាត់បង់​កងទ័ព ចំនួន ១៦​នាក់​ផងដែរ​។ 
 
 កាលពី​ចុង​សប្តាហ៍​នេះ ក្រោយ​ជម្លោះ​ប្រដាប់អាវុធ​ផ្ទុះឡើង​ភ្លាមៗ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​កើន​កម្តៅ​នៃ​ជម្លោះ ហើយ​លោក​ក៏​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​អត់ធ្មត់​កុំ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​គ្នា​។ 
 
​សូមបញ្ជាក់ថា ជម្លោះ​នៅ Nagorno-Karabakh បានចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ១៩៨៨ នៅពេលដែល​តំបន់​ស្វយ័ត​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អា​មេ​នី​នេះ ស្វែងរក​ការ​ផ្តាច់ខ្លួន​ចេញពី​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​។ ក្រោយមក ក្រោយ​សហភាពសូវៀត​ដួលរលំ តំបន់​ស្វយ័ត​នេះ​បានសម្រេច​ប្រកាស​ឯករាជ្យ​តែម្តង​តែម្តង តែ​មិនមាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ឡើយ​៕
 
 

Tag:
 Nagorno-Karabakh
© រក្សាសិទ្ធិដោយ thmeythmey.com