អន្តរជាតិ
ក្រោយ​បែកធ្លាយ «Panama Papers» ពលរដ្ឋ​អ៊ី​ស្លង់​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង​
05, Apr 2016 , 3:37 pm        
រូបភាព
ប្រជាជន​អ៊ី​ស្លង់​ (Iceland) រាប់ពាន់នាក់​បាននាំគ្នា​ប្រមូលផ្តុំ​គ្នា​បាតុកម្ម​តាមផ្លូវ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្លួន​ចុះ​ចេញពី​តំណែង ក្រោយ​ឯកសារ​លេច​ធ្លាយ​របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា ចោទថា នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់​លាក់​លុយ​រាប់លាន​ដុល្លារ​នៅ​បរទេស​។ បាតុករ​សុំ​ឲ្យ​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី​។​



​ក្រោយ​មានការ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ក្រុមហ៊ុន Mossack Fonseca ពាក់ព័ន្ធ​ការ​លាក់​លុយ​របស់​អ្នកនយោបាយ មេដឹកនាំ​និង​សែស្រឡាយ  រួមទាំង​តារា និង​កីឡាករ​ល្បី​លើ​ពិភពលោក ប្រជាជន​អ៊ី​ស្លង់​រាប់ពាន់នាក់​កើត​ទុក​មិន​សុខចិត្ត​ចេញ​តវ៉ា​ប្រឆាំង​ប្រមុខ​រដ្ឋាភិបាល​ខ្លួន​។​

​លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្លង់  Sigmundur  David Gunnlaugsson មានឈ្មោះ​ក្នុង​បញ្ជី​ឯកសារ​សម្ងាត់​នេះដែរ ហើយ​លោក​និង​ភរិយា​ក៏​រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​ក្រុមហ៊ុន​នៅ​បរទេស​ដើ​ម្ប​លាក់​លុយ​ខ្លួន​រាប់លាន​ដុល្លារ​ឯណោះ​។

​បើតាម​ឯកសារ​បែក​ធ្លាប់​ដែល​ចែកចាយ​និង​ផ្សព្វផ្សាយ​ដោយ​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ  លោក Sigmundur  David Gunnlaugsson និង​ភរិយា​លោកស្រី Anna Sigurlaug Palsdottir បាន​ទិញ​ក្រុមហ៊ុន Wintris ដែល​ស្ថិតក្នុង​ក្រុមហ៊ុន British Virgin Islands នៅក្នុង​ឆ្នាំ ២០០៧ ។​

​ក្រោយមក​លោក​បាន​ផ្ទេរ​ទ្រព្យ​របស់លោក ៥០​ភាគរយ​ទៅ​ឲ្យ​ភរិយា​ខ្លួន ដោយ​ប្រើ​តម្លៃ​តំណាង​ត្រឹម ១​ដុល្លារ ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយពេល​លោក​ក្លាយជា​សមាជិកសភា​ឆ្នាំ ២០០៩ លោក​មិនបាន​ប្រកាស​អំពី​ភាគហ៊ុន​ដែល​លោក​មាន​ក្នុង​ក្រុមហ៊ុន​ខាងលើ​ឡើយ ដែល​វា​ផ្ទុយ​ច្បាប់​អ៊ី​ស្លង់​។​

​បើ​តា​មសារព័ត៌​មានបារាំង France 24 បាតុករ​ដែល​ប្រមូល​ផ្តុំគ្នា​ម្សិល​មិនមាន​លើស ១​ម៉ឺន​នាក់ ហើយ​ពួកគេ​បានស្នើ​សុំ​ឲ្យ​បក្សប្រឆាំង​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះដែរ​ដើម្បី​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ ពួកគេ​បាន​លើក​បដា​ថា «​សូម​ទទួលខុសត្រូវ​», «​ឯណា​ទៅ​រដ្ឋធម្មនុញ្ញ​ថ្មី​» ជាដើម ហើយ​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​សំដៅ​ដល់​រដ្ឋធម្មនុញ្ញ​អ៊ី​ស្លង់​ដែល​ត្រូវបាន​ព្រាង​ឡើង​ក្រោយ​វិបត្តិ​នយោបាយ ឆ្នាំ ២០០៩ ដែល​មកទល់ពេលនេះ​ហើយ​នៅជាប់​ទ្រឹង​នៅ​សភា​នៅឡើយ​។​

​ប្រធាន​បក្ស Pirate ដែល​ប្រឆាំង​ធំ​បំផុត​មួយ​របស់​អ៊ី​ស្លង់​លោក Birgitta Jonsdottir បាន​ថ្លែង​ម្សិលមិញ​ថា « អ្វី​ដែលជា​រឿង​ធម្មជាតិ​និង​អ្វី​ដែលជា​រឿងរ៉ាវ​ត្រឹមត្រូវ​ដែល​ចាំបាច់​ត្រូវធ្វើ​នៅពេលនេះ​គឺ​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​។ យើង​ឃើញ​ហើយ​ពេលនេះ វា​មាន​ចលនា​ទាមទារ​ទ្រង់ទ្រាយ​ធំ​និង​ខ្លាំងក្លា​ផង​ពី​សំណាក់​ប្រជាជន​អ៊ី​ស្លង់ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាត់បង់​រាល់​ការទុកចិត្ត​និង​ជឿជាក់​ពី​ប្រជាជន​ដែរ​»​។​

ស្រប​ពេលដែល​មានការ​ទាមទារ​នេះ គណបក្សប្រឆាំង​បានសម្រេច​ដាក់​ញ្ញត្តិ​ចួ​ល​ក្នុង​សភា​ដើម្បី​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ចំពោះ​នាយករដ្ឋមន្ត្រី​ខាងលើ​។ ក្នុងចំណោម​ប្រជាជន​អ៊ី​ស្លង់ ៣២​ម៉ឺន​នាក់ មាន​ប្រជាជន​ប្រហែល ២៨០០០​នាក់​រួចទៅហើយ​ដែល​បាន​ចុះហត្ថលេខា​លើ​ញ្ញត្តិ​នោះ​។​

​តាមពិតទៅ​ភាគ​មេដឹកនាំ​និង​អ្នកនយោបាយ​ភាគច្រើន​ទូទាំង​ពិភពលោក​ស្គាល់​ក្រុមហ៊ុន​មេធាវី Mossack Fonseca ច្បាស់​ព្រោះ​ក្រុមហ៊ុន​នេះ​ធ្វើជា​អន្តរការី​ដែល​ជួយ​ឲ្យ​អ្នកនយោបាយ​ឬ​មេដឹកនាំ​ទាំងនោះ​ផ្ទេរ​និង​លាក់​លុយ​នៅ​បរទេស​បាន​ដោយ​សេរី​ដើម្បី​គេចផុត​ពី​ការបង់ពន្ធ​ជាដើម​។ វា​ស្រួល​ត្រង់​ថា អត្ត​សញ្ញា​អតិថិជន​មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ ហើយ​ការតម្រូវ​ឲ្យ​ត្រួតពិនិត្យ​ប្រវត្តិរូប​អតិថិជន​ក៏​គ្មាន​ដែរ​។ ដូច្នេះ​ប្រើប្រាស់​លុយកខ្វក់ លុយ​បានមកពី​ពុករលួយ ឬ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក៏​អាច​ចរាចរ​បាន​ដោយ​ងាយ​ដែរ​៕

Tag:
 Panama papers
© រក្សាសិទ្ធិដោយ thmeythmey.com