អន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្លង់​ចុះចេញពីតំណែងព្រោះរឿងធ្លាយឯកសារលាក់លុយ «Panama Papers»
05, Apr 2016 , 11:17 pm        
រូបភាព
ដោយ: ថ្មីៗ
ចុងក្រោយនាយករដ្ឋមន្ត្រីអ៊ីស្លង់ (Iceland) លោក Sigmundur  David Gunnlaugsson បានសម្រេចចុះចេញពីតំណែងក្រោយរងសម្ពាធពីក្រុមបាតុករនិងអ្នក​នយោបាយ​ប្រឆាំងដែលបង្ខំលោកចេញពីអំណាចព្រោះ​រឿង​លេច​ធ្លាយ​ឯកសាររបស់ក្រុមហ៊ុន​​មេធាវីប៉ាណាម៉ា Mossack Fonseca កន្លង​ទៅ។ មុនមាន​ការ​ចុះចេញនេះ លោក​បាន​អះអាងថា លោកមិនបានធ្វើអ្វីខុសច្បាប់ដោយ​មិនប្រកាស​ទ្រព្យ​ដូច​គេ​ចោទ​ប្រកាន់ឡើយ។


នាយករដ្ឋមន្ត្រីអ៊ីស្លង់ Sigmundur  David Gunnlaugsson បានសម្រេចលាលែងពីតំណែង​ ដើម្បីឆ្លើយតប​តាមការទាមទាររបស់​ប្រជាជន​រាប់​ម៉ឺននាក់ដែលបានដាក់ញត្តិ​សុំ​ឲ្យសភា​បោះ​ឆ្នោត​ដកសេចក្តីទុក​ចិត្ត​ចំពោះ​លោក ព្រោះ​រឿង​លេចធ្លាយ​ឯកសាររបស់ក្រុម​ហ៊ុន​ប៉ាណាម៉ា កាលពីថ្មី​ៗនោះ។ យោងតាមទីភ្នាក់ងារ​ព័ត៌មាន AFP ការលាលែងពីតំណែង​របស់លោក​ត្រូវបាន ប្រកាសតាម​កញ្ចក់ទូរទស្ស​ន៍ ដោយរដ្ឋមន្ត្រី​មួយរូប និងអនុប្រធានគណបក្សជឿនលឿន​របស់លោកផង។

កន្លងមក ក្រោយមាន​ការ​ផ្សព្វផ្សាយឯកសារដែលលេចធ្លាយ​នោះភ្លាម លោកនាយករដ្ឋមន្ត្រីខាងលើបានប្រកែក ហើយអះអាងថាលោកមិនបានរំលោភច្បាប់ឡើយ។ ហើយលោកក៏​បញ្ជាក់ផងដែរថា លោកនឹងមិន​ចុះ​ចេញពីតំណែង​តាមការ​ទាមទាររបស់​ប្រជាជនទេ។  តាមពិតទៅរឿងរ៉ាវពាក់ព័ន្ធ​ការលាក់ទុក​ទ្រព្យសម្បត្តិរបស់លោក​នៅបរទេស​កើតឡើង​ដូច្នេះទេ។ 
លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្លង់  Sigmundur  David Gunnlaugsson មានឈ្មោះ​ក្នុង​បញ្ជី​ឯកសារ​សម្ងាត់​របស់ក្រុម​ហ៊ុនប៉ាណាម៉ានោះ ហើយ​លោក​និង​ភរិយា​ក៏​រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​ក្រុមហ៊ុន​នៅ​បរទេស​ដើ​ម្ប​លាក់​លុយ​ខ្លួន​រាប់លាន​ដុល្លារ​ឯណោះ​។  បើតាម​ឯកសារ​បែក​ធ្លាយដែល​ចែកចាយ​និង​ផ្សព្វផ្សាយ​ដោយ​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ  លោក Sigmundur  David Gunnlaugsson និង​ភរិយា​លោកស្រី Anna Sigurlaug Palsdottir បាន​ទិញ​ក្រុមហ៊ុន Wintris ដែល​ស្ថិតក្នុង​ក្រុមហ៊ុន British Virgin Islands នៅក្នុង​ឆ្នាំ ២០០៧ ។​
​ក្រោយមក​លោក​បាន​ផ្ទេរ​ទ្រព្យ​របស់លោក ៥០​ភាគរយ​ទៅ​ឲ្យ​ភរិយា​ខ្លួន ដោយ​ប្រើ​តម្លៃ​ជានិមិត្តរូប​​ត្រឹម ១​ដុល្លារ ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយពេល​លោក​ក្លាយជា​សមាជិកសភា​ឆ្នាំ ២០០៩ លោក​មិនបាន​ប្រកាស​អំពី​ភាគហ៊ុន​ដែល​លោក​មាន​ក្នុង​ក្រុមហ៊ុន​ខាងលើ​ឡើយ ដែល​វា​ផ្ទុយ​ច្បាប់​អ៊ី​ស្លង់​។​  ដោយសារបញ្ហានេះហើយ ទើបបានជា ប្រជាជនអ៊ីស្លង់នាំគ្នាបាតុកម្មប្រឆាំង​លោកតែម្តងម្សិលមិញ។

​បើ​តាម​សារព័ត៌​មានបារាំង France 24 បាតុករ​ដែល​ប្រមូល​ផ្តុំគ្នា​ម្សិល​មិនមាន​លើស ១​ម៉ឺន​នាក់ ហើយ​ពួកគេ​បានស្នើ​សុំ​ឲ្យ​បក្សប្រឆាំង​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះដែរ​ដើម្បី​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ ពួកគេ​បាន​លើក​បដា​ថា «​សូម​ទទួលខុសត្រូវ​», «​ឯណា​ទៅ​រដ្ឋធម្មនុញ្ញ​ថ្មី​» ជាដើម ហើយ​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​សំដៅ​ដល់​រដ្ឋធម្មនុញ្ញ​អ៊ី​ស្លង់​ដែល​ត្រូវបាន​ព្រាង​ឡើង​ក្រោយ​វិបត្តិ​នយោបាយ ឆ្នាំ ២០០៩ ដែល​មកទល់ពេលនេះ​ហើយ​នៅជាប់​ទ្រឹង​នៅ​សភា​នៅឡើយ​។​

ស្រប​ពេលដែល​មានការ​ទាមទារ​នេះ គណបក្សប្រឆាំង​បានសម្រេច​ដាក់​ញ្ញត្តិ​ចួ​ល​ក្នុង​សភា​ដើម្បី​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ចំពោះ​នាយករដ្ឋមន្ត្រី​ខាងលើ​។ ក្នុងចំណោម​ប្រជាជន​អ៊ី​ស្លង់ ៣២​ម៉ឺន​នាក់ មាន​ប្រជាជន​ប្រហែល ២៨០០០​នាក់​រួចទៅហើយ​ដែល​បាន​ចុះហត្ថលេខា​លើ​ញ្ញត្តិ​នោះ​។​

​តាមពិតទៅ​ភាគ​មេដឹកនាំ​និង​អ្នកនយោបាយ​ភាគច្រើន​ទូទាំង​ពិភពលោក​ស្គាល់​ក្រុមហ៊ុន​មេធាវី Mossack Fonseca ច្បាស់​ព្រោះ​ក្រុមហ៊ុន​នេះ​ធ្វើជា​អន្តរការី​ដែល​ជួយ​ឲ្យ​អ្នកនយោបាយ​ឬ​មេដឹកនាំ​ទាំងនោះ​ផ្ទេរ​និង​លាក់​លុយ​នៅ​បរទេស​បាន​ដោយ​សេរី​ដើម្បី​គេចផុត​ពី​ការបង់ពន្ធ​ជាដើម​។ វា​ស្រួល​ត្រង់​ថា អត្ត​សញ្ញា​អតិថិជន​មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ ហើយ​ការតម្រូវ​ឲ្យ​ត្រួតពិនិត្យ​ប្រវត្តិរូប​អតិថិជន​ក៏​គ្មាន​ដែរ​។ ដូច្នេះ​ប្រើប្រាស់​លុយកខ្វក់ លុយ​បានមកពី​ពុករលួយ ឬ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក៏​អាច​ចរាចរ​បាន​ដោយ​ងាយ​ដែរ​៕

Tag:
 Panama papers
© រក្សាសិទ្ធិដោយ thmeythmey.com