អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ចាត់វិធានការ​ក្តៅ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​កូរ៉េខាងជើង ក្រោយ​ដាស់តឿន​ច្រើនដង​មិន​ស្តាប់​
06, Apr 2016 , 10:24 am        
រូបភាព
លោក​ប្រធានាធិបតីកូរ៉េខាងជើង ក្នុងឱកាសនៃការធ្វើសមយុទ្ធថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦
លោក​ប្រធានាធិបតីកូរ៉េខាងជើង ក្នុងឱកាសនៃការធ្វើសមយុទ្ធថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦
ដោយ:
 
​ទំនង​ជាការ​ក្រើនរម្លឹក​របស់​ចិន​លែងមាន​ឥទ្ធិពល​ហើយ​បានជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង សម្រេច​ប្រកាស រឹតត្បិត​លើ​ពាណិជ្ជកម្ម​ទាំង​ការនាំចេញ និង​ការ​នាំចូល​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។  ការ​រឹត ត្បិត​នេះ ត្រូវបាន​មើលឃើញថា​ជា​ចំណាត់ការ​មួយ​ថ្មី​របស់​ចិន​ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ប្រឆាំង​កូរ៉េខាងជើង ។​



​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៥ ខែមេសា ម្សិលមិញ​នេះ បានប្រកាស​រឹតត្បិត​លើ​ការ​នាំចូល​ដោយ ហាម​មិន​ឲ្យ​មាន​ការទិញ​ធ្យូងថ្ម មាស រ៉ែ និង​វត្ថុធាតុដើម​មួយចំនួន​ផ្សេងទៀត​ពី​កូរ៉េខាងជើង​។ រីឯ​ការ នាំចេញ​វិញ គឺ​មិនមាន​សាំង​យន្តហោះ នាំ​ចេញទៅ​កូរ៉េខាងជើង​ឡើយ​។ 
 
​ក្រសួងពាណិជ្ជកម្ម​ចិន បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័រ​របស់ខ្លួន​ថា ការហាមឃាត់​នេះ ធ្វើឡើង​ដោយយោង​តាម​សេចក្តី​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន Xinhua ដែល​បាន​បន្ថែម​ដែលថា ការហាមឃាត់​នោះ គឺមាន​ប្រសិទ្ធ ភាព​ទៅលើ​តែ​ពាណិជ្ជកម្ម​ទាំងឡាយណា​ដែលជា​ប់​ពាក់ព័ន្ធ​កម្មវិធី​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​កូរ៉េខាងជើង​ប៉ុណ្ណោះ​នោះទេ តែ សម្រាប់​ការនាំ​ចូល​ធ្យូងថ្ម សម្រាប់​ការប្រើប្រាស់​ស៊ីវិល​គឺ​បន្តធ្វើ​ដូច​ធម្មតា​។​
 
​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។​
 
​សេចក្តីសម្រេច ក៏បាន​បញ្ញត្តិ​ឲ្យ​សមាជិក​ទាំងអស់​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ទំនិញ​ទាំងអស់​ដែល​នាំចេញ​និង​នាំចូល​ពី​កូរ៉េខាងជើង មិន​ថា​ធ្វើ​ឡើយ​តាមផ្លូវ​អាកាស​ឬ​សមុទ្រ កំណត់​ពី​ការហាមឃាត់​ការនាំចេញ​ធ្យូងថ្ម ដែក មាស និង​រ៉ែ​មានតម្លៃ​ដទៃទៀត ពី​កូរ៉េខាងជើង​ផងដែរ ដែល​នេះ​គឺ​សំដៅ​ដល់​ការ​កាត់ផ្ដាច់​ធនធាន​ហិរញ្ញវត្ថុ​របស់​ក្រុង​ព្យុងយ៉ាង​។ 
 
​ក្រុមប្រឹក្សាសន្តិសុខ​ក៏​ពង្រឹង​លើ​ការហាម​ធ្វើ​ពាណិជ្ជកម្ម​អាវុធ ជាពិសេស​អាវុធ​ធុន​ស្រាល និង​បានអនុញ្ញាត​ឲ្យ​ឃាត់​កប៉ាល់​ដែល​សង្ស័យថា មាន​ដឹកទំនិញ​ខុសច្បាប់​ទៅ​កូរ៉េខាងជើង​។ សូម្បី​នាឡិកា​ទំនើប ដូចជា​សម្ភារៈ​កីឡា​ក៏​ត្រូវបាន​ហាមឃាត់​ចូលទៅ​កូរ៉េខាងជើង​ផងដែរ ដែល​ការហាមឃាត់​នេះ​សំដៅ​ដល់​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​។ លើសពីនេះទៅទៀត ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​មាន​សិទ្ធិ​បណ្ដេញ​អ្នកការទូត កូរ៉េខាងជើង ដែល​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ មុននឹង​ឈាន​មកដល់​ការដាក់កំហិត​ពាណិជ្ជក​ម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ចិន ក៏​ធ្លាប់​ដាស់តឿន​កូរ៉េខាងជើង​ជុំវិញ​សកម្មភាព​ដ៏​គឃ្លើ​ន​ជា​បន្តបន្ទាប់​ផង ដែរ​។ នៅ​ថ្ងៃទី​២១ ខែមីនា​កន្លងទៅ រដ្ឋាភិបាល​ចិន បាន​អះអាង​ថា ចិន ពិតជា​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ ហើយ ចិន​សង្ឃឹមថា កូរ៉េខាងជើង ធានា​ឲ្យ​បាន​នូវ​សកម្មភាព​របស់ខ្លួន​ដោយ​មិន​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​៕  
 
 

Tag:
 ទណ្ឌកម្ម
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com