អត្ថបទពាណិជ្ជកម្ម
ប៉ូលិស​ស្វ៊ី​ស​សម្រុកចូល​ស្នាក់ការ UEFA ខណៈ​រឿងអាស្រូវ Panama Papers រាលដាល​ខ្លាំង
08, Apr 2016 , 1:30 pm        
រូបភាព
​ប៉ូលិស​ស្វ៊ី​សបាន​ឆ្មក់​ចូល​ទី​សា្ន​ក់​ការ​របស់ UEFA ដើម្បី​រឹបអូស​ព័ត៌មាន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​មួយ ដែល​លេច​ធ្លាយ​តាមរយៈ​ឯកសារ Panama Papers ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក Gianni Infantino ដែលជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ។ ការ​វាយឆ្មក់​កើតឡើង នៅ​ចំ​ពេលដែល​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ឯកសារ Panama Papers កំពុងតែ​រីក​រាលដាល​ដល់​មេដឹកនាំ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។

​រឿងរ៉ាវ​បែកធ្លាយ​ឯកសារ Panama Papers កំពុងតែ​ជ្រៀត​ចូលដល់​ស្ថាប័ន​កីឡា ខណៈដែល​ប៉ូលិស​ស្វ៊ី​សបាន​សម្រុកចូល​សា្ន​ក់​ការ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA)​។ គោលបំណង​ឆ្មក់​ចូល គឺ​ស្វែងរក​ព័ត​មាន​ស្ដីពី​កិច្ចព្រមព្រៀង​មួយ​ដែល​ធ្លាយ​ចេញពី Panama Paper ហើយ​មាន​ហត្ថលេខា​របស់​ប្រធាន FIFA លោក Gianni Infantino​។

​នេះ​មានន័យថា ប្រធាន​FIFA រូបនេះ​នឹង​ចូលក្នុង​បញ្ជី​នៃ​មេដឹកនាំ​ពិភពលោក​ដែលជា​ប់​ពាក់ព័ន្ធ​និង​ការ​លាក់ទុក​ហិរញ្ញវត្ថុ ក្រោយ​ការ​លេច​ធ្លាយ​ឯកសារ​ចំនួន​ជាង​១១​លាន​ទំព័រ​។ យ៉ាងណាមិញ លោក Gianni Infantino បង្ហាញ​ការស្រងាកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសង្ស័យ​លើ​សុច្ចរិត​ភាព​របស់លោក​ពី​សំណាក់​សារព័ត៌មាន​។ របាយការណ៍​ជាច្រើន​ផ្សាយ​ថា កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដែល​លោក Infantino ចុះហត្ថលេខា​នៅ​ប៉ុន្មាន​ឆ្នាំមុន​ក្នុងនាម​ជាម​ន្ត្រី​FIFA ត្រូវបាន​លក់​ក្នុង​តម្លៃថោក ហើយ​ត្រូវបាន​ក្រុមហ៊ុន​លើក​បន្ត​ក្នុងតម្លៃ​ខ្ពស់​។​

​បន្ទាប់ពី​ការ​ឆ្មក់​ចូល​របស់​ប៉ូលិស UEFA បានចេញ​ថ្លែងការណ៍​មួយ​បញ្ជាក់​ពី​រឿងនេះ ដោយ​និយាយថា​៖« UEFA អាច​បញ្ជាក់បាន​ថា យើង​បានទទួល​មន្ត្រី​សហព័ន្ធ​ស្វ៊ី​ស ដែល​មក​ស្នាក់ការ​ដើម្បី​ស្វែងរក​កិច្ចសន្យា​រវាង​UEFA និង​ក្រុមហ៊ុន Cross Trading/Teleamazonas​។ ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល លោក Infantino និយាយ​ដែរ​ថា កិច្ចសន្យា​នោះ​គឺ​ធ្វើតាម​បែបបទ​ត្រឹមត្រូវ​។​

​សូម​បញ្ជក់​ថា ឯកសារ​កម្រាស់ ១១.៥​លាន​ច្បាប់​របស់​ក្រុមហ៊ុន Mossack Fonseca ដែល​បង្ហាញ​ពី​វិធី​លាង​លុយ លាក់​លុយ ឲ្យ​រួច​ផុតពី​ការបង់ពន្ធ​របស់​អ្នកនយោបាយ មេដឹកនាំ​ពិភពលោក កីឡាករ តារា​សម្តែង​ល្បីៗ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជាច្រើន​លើ​ពិភពលោក​ខ្នះខ្នែង​ស៊ើប អង្កេត​និង​ត្រួតពិនិត្យ​តើ​រឿងរ៉ាវ​នេះ​កើតឡើង​យ៉ាងដូចម្តេច ឬ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ឬ​ក្រុមហ៊ុន​របស់ខ្លួន​ឬ​អត់​។

​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​តួយ៉ាង ប្រទេស សិង្ហ​បុរី ប៉ា​គី​ស្ថាន អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅ​អឺរ៉ុប​ដូចជា​បារាំង​ផង​នោះបាន​ប្រកាស​ត្រួតពិនិត្យ​និង​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ឯកសារ​បែកធ្លាយ​នេះ​ផងដែរ​៕         


Tag:
 ស្វ៊ី​ស​
  UEFA
  Panama papers
© រក្សាសិទ្ធិដោយ thmeythmey.com